វេទិកាសាធារណៈថ្នាក់ជាតិ ប្រជានេសាទសំណូមពរឲ្យរាជរដ្ឋាភិបាលលុបបំបាត់ ឧបករណ៍នេសាទ យ៉ាំងកាវ ស៊ីប ឡុក ដែលបានបំផ្លាញពូជមច្ឆាជាតិបឹងទន្លេសាប


ខេត្តសៀមរាប ៖ ដើមី្បទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លសាប ក្នុងការលើកកម្ពស់យល់ដឹងជូនដល់បងប្អូន ប្រជានេសាទ អំពីផលប៉ះពាល់នៃការធ្វើនេសាទខុសច្បាប់ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ ថែរក្សាថនធានធម្មជាតិ ការពារលើកស្ទួយជីវភាពប្រជានេសាទ តាមរយៈការបង្ក្រាបបទល្មើសនេសាទខុសច្បាប់​។ បន្ទាប់ពីការបើកយុទ្ធនាការបង្រ្កាបបទល្មើសជាទ្រង់ទ្រាយធំ ក្រោមប្រធានបទ (រួមគ្នាពន្លត់ភ្លើង ប្រសើរជាងអង្គុយ បក់ផ្សែងភ្លើង )ដែលធ្វើឡើងដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត កាលពីពេលកន្លងមកនេះ នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ។ ដើមី្បដោះស្រាយពីទុក្ខកង្វល់របស់បងប្អូនប្រជានេសាទទាំង ០៦ស្រុកដែលមានភូមិសាស្ត្រ ជាប់ បឹងទន្លេសាបនោះ នៅថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណវត្តកំពុងឃ្លាំង ឃុំកំពុងឃ្លាំង ស្រុក សូទ្រនិគម មានបើកវេទិកាសាធារណៈ ដើមី្បស្វែងយល់អំពីមតិយោបល់របស់បងប្អូនប្រជានេសាទ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត  ឯកឧត្តម វ៉ាន់ វិសាល អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសូទ្រនិគម លោក អ៊ឹង ទ្រី អគ្គនាយករង រដ្ឋបាលជលផល ដោយមានការអញ្ជើញចូលរួម ពីសំណាក់អស់លោក លោកស្រីជាអាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ កម្លាំងសមត្ថកិច្ច និង ប្រជានេសាទ ចំនួន ៥៤០នាក់ ស្រី ៨៣នាក់ដែលបានចូលរួម ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគមរួចមក ក្នុងការ ផ្សព្វផ្សាយស្តីពីការធ្វើកំណែទម្រង់នៃច្បាប់ជលផលនោះ លោក អ៊ឹង ទ្រី ក៏បានលើកឡើងពីសាវតាប្រវត្តិនៃការ បង្កើតឲ្យមានដែនឡូត៌នេសាទ នៅក្នុងបឹងទន្លេសាប រួមទាំងធ្វើការផ្សព្វផ្សាយ អំពីកំណែទម្រង់ច្បាប់វិស័យជលផល ដើមី្បឲ្យប្រជានេសាទបានកាន់តែយល់ច្បាស់ ពីគោលដៅរបស់រដ្ឋាភិបាល ដើមី្បផ្តល់ផលប្រយោជន៍ដល់ បងប្អូនប្រជាពលរដ្ឋ សំខាន់ប្រជានេសាទ ឲ្យបានចូលរួមក្នុងកាទប់ស្កាត់រាប់បទល្មើសនេសាទគ្រប់ប្រភេទ ដែលកើត មានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និង ចូលរួមសហការជាមួយមន្ត្រីជំនាញ សមត្ថកិច្ច ក្នុងការអភិរក្សនូវមច្ឆាជាតិ ហើយចំពោះមន្ត្រីដែលមានការពាក់ព័ន្ធទៅនឹងបទល្មើសទាំងនេះ ត្រូវជៀសឲ្យឆ្ងាយពីបទល្មើសទាំងនេះ ។  ក្នុងវេទិកានោះដែរលោក អ៊ឹង ទ្រី ក៏សុំឲ្យបងប្អូនបន្តការអនុវត្ត ទៅតាមច្បាប់ជលផលដែលបានអនុញ្ញាតនាពេលកន្លងមកផងដែរ ។

ក្នុងវេទិកានោះដែរតំណាងប្រជានេសាទ ក៏បានបញ្ជាក់ផងដែរថា ពួកគាត់ដឹងច្បាស់ហើយ នូវរាល់ឧបករណ៍ នេសាទ មួយចំនួនខុសទៅនឹងច្បាប់រដ្ឋអនុញ្ញាត តែបើមិនប្រើប្រាស់សាច់មងក្រឡា០២ហ៊ុនធ្វើរបាំងនោះទេ ពួកគាត់មិនអាចធ្វើការនេសាទបានត្រីឡើយ  ។  ម៉្យាងទៀតរាល់ឧបករណ៍ទាំងនេះ ពួកគាត់សំណូមពរសុំធ្វើដាក់របាំ សាច់មងប្រវែង ២០០ម៉ែត្រ និង ឡុក១ភាគ៣ នៃរបាំង ប្រែពីការដាក់លប មកដាក់បរវិញ  ព្រមទាំងសុំប្រើប្រាស់នូវអួនអូសប្រវែង ២០០ម៉ែត្រ ដែលមានក្រឡា ២ហ៊ុន  ហើយបើកម្លាំងសមត្ថកិច្ចធ្វើការកាប់បំផ្លាញ បានធ្វើឲ្យប៉ះ ពាល់ជីវភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ ដោយឧបករណ៍ទាំងនេះ បានខ្ចីបុលពីធនាគារ និង ចងការគេ យកមកប្រកបការ នេសាទនេះ ។ ក្នុងនោះបងប្អូនប្រជានេសាទបានសុំឲ្យរាជរដ្ឋាភិបាល ធ្វើការបង្ក្រាបឲ្យខាងតែបាននូវ ឧបករណ៍ ស៊ីប  យ៉ាំងកាវ  ឡុក និង ការរាវលៀសដែលធ្វើឲ្យបាត់បង់ទីជម្រកត្រី ពង រងការវិនាសកម្មពូជមច្ឆាជាតិនៅបឹងទន្លេសាប ។

មានប្រសាសន៍នោះដែរឯកឧត្តម  វ៉ាន់ វិសាល  និង ឯ.ឧ ពិន ប្រាកដ ក៏បានបញ្ជាក់ឲ្យបងប្អូនប្រជានេសាទ សូមរក្សានូវភាពស្ងប់ស្ងាត់មួយរយៈសិន  ដើមី្បរងចាំនូវពេលការធ្វើវិសោធនកម្មច្បាប់ជលផល នៅថ្ងៃខាងមុខ ។ ម៉្យាងទៀតសូមបងប្អូនប្រជានេសាទទាំងអស់ សូមធ្វើការនេសាទទៅតាមឧបករណ៍ដែលរដ្ឋបានកំណត់កន្លងមក  ហើយកុំធ្វើអ្វីដែលប្រាស់ចាកពីច្បាប់ដែលបានកំណត់នោះ ។  ម៉្យាងទៀតនូវគ្រប់សំណូមពរ និង សំណើររបស់បង ប្អូននាពេលនេះ ក្រុមការងារមិនអាចធ្វើការដោះស្រាយជូនបងប្អូនបានភ្លាមៗនោះទេ  ហើយរាល់ច្បាប់ជលផល ដែលមានកន្លងមក ក៏យើងត្រូវអនុវត្តជាបន្តទៀតផងដែរ  ។ ក្នុងនោះឯកឧត្តមទាំងពីរ ក៏បានសំណូមពរដល់បងប្អូន ប្រជានេសាទទាំងអស់ ត្រូវនាំគ្នាចូលរួមទប់ស្កាត់នូវរាល់បទល្មើសនេសាទ ដោយរួមសហការជាមួយអាជ្ញាធរមូល ដ្ឋាន សមត្ថកិច្ចជំនាញ និង បង្ក្រាបឲ្យខាងតែបាន​ចំពោះការកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើចំការសណ្តែក ដែល ជាដែលជម្រកត្រីពងកូន នៅរដូវវស្សា  ។  ឯកឧត្តមទាំងពីរ ក៏បានសូមឲ្យប្រជានេសាទទាំងអស់ ធ្វើការស្ម័ត្រចិត្ត រួមគ្នានាំមកនូវឧបករណ៍នេសាទខុសច្បាប់ យកមកធ្វើការដុតបំផ្លាញចោល នៅថ្ងៃទី១៥ កុម្ភះនេះ ដើមី្បជាផល ប្រយោជន៍របស់យើងនៅក្នុងសហគមន៍  និង ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ស៊ីប  យ៉ាំងកាវ  ឡុក និង ការរាវលៀស ដែលរងការប្រឈមហានីភ័យទៅនឹងការបាត់បង់នូវថវិកាក្នុងក្រុមគ្រួសារទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ

17 18 19 20