ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួន ជាមួយគណៈប្រតិភូក្រុងឈឺចូវខេត្តអានហួយ ដឹកនាំដោយ លោក ហ៊ី ស៊ីងយ៉ុង ប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជនក្រុងឈឺចូវ ខេត្តអានហួយនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារបុរីអង្គរ ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់ គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ ។ ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ផងដែរថា កម្ពុជា និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះ ត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង ថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបាន ផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការជម្រាប់ជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោ បាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍ ។ ចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផល កសិកម្ម នៅមានកង្វះខាងបច្ចេកទេសខ្ចប់វិច និង វិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនា សម្ព័ន្ធ ដែលធ្វើឲ្យខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស ជាសំខាន់អ្នកវិនិយោគទុន នៃខេត្តចងសម្ព័ន្ធមេត្រីភាព ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួចរាល់ហើយនោះ កំណើននៃភ្ញៀវទេសចរណ៍ កើនទ្វេរឡើង ក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាបកាន់តែមានភាពល្អប្រសើរថែមទៀត ។ ឯកឧត្តមបណ្ឌិត ក៏មានការព្រួយបារម្ភថាបើសិនកំណើនភ្ញៀវនឹងមានការកើនឡើងទ្វេរដង ដូច្នេះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ក៏ត្រូវទាមទារឲ្យមានការទ្វេរឡើងផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវសំណូមពរមួយចំនួន ចំពោះខេត្តសម្ព័ន្ធមេត្រី ដែលកន្លងមកមានការទំនាក់ទំនងរីកចម្រើននឹងគ្នា ដោយកត្តានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជម្រុញគ្រប់បណ្តាខេត្ត ក្រុង ស្រុក ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង ស្រុង នៃប្រទេសចិនផងដែរ ។
មានប្រសាសន៍នោះដែរលោក ហ៊ី ស៊ីងយ៉ុង ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរក៏ដូចខេត្តទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុងឈឺចូវ ឲ្យកាន់ តែមានទំនាក់ទំនងទ្វេរឡើងថែមទៀត ។ លោកក៏បានលើកឡើងថា ខេត្តអានហួយ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប ដោយខេត្តទាំងពីរមានសក្តានុពលប្រហាក់ប្រហែលគ្នាលើវិស័យទេសចរណ៍និងកសិកម្ម ដូចខេត្តសៀមរាបផងដែរ ។ លោកក៏សង្ឃឹមផងដែរថា នៅពេលគម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប បានសាងសង់រួច និងចាប់ដំណើរការហើយនោះ កំណើនភ្ញៀវនឹងមានការកើនទ្វេរឡើង ដូចប្រសាសន៍របស់ អភិបាលខេត្តសៀមរាបបានលើកឡើង ហើយក៏បានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ខេត្តសៀមរាប មានការកើនឡើងផងដែរ។ លោកបានលើកពីសំណូមពរបស់ឯកឧត្តមបណ្ឌិត អំពីហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរ និង កសិកម្ម ក្នុងពេលដែលលោកនិវត្តទៅកាន់មាតុប្រទេសវិញ នឹងធ្វើការជម្រុញដល់អ្នកវិនិយោគនិងសហគ្រិន ដើម្បីចូលមកធ្វើការសិក្សាស្វែងយល់អំពីសក្ដានុពលរបស់ខេត្ត ដើម្បីមកធ្វើការវិនិយោគនៅខេត្តសៀមរាប សំខាន់លើទីផ្សារទំនើប នៅក្រុងប្រវត្តិសាស្រ្តមួយនេះ ។ លោកសង្ឃឹមថា ទៅថ្ងៃអនាគតខាងមុខ ខេត្តសៀមរាបនឹងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនថែមទៀត ក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះ ៕ អត្ថបទ ម៉ីសុខារិទ្ធភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)