ពិធីប្រគល់រទេះជនពិការដល់បងប្អូនពិការនៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ អំណោយជារទេះជនពិការ ចំនួន ១០០គ្រឿង ដែលជាអំណោយរបស់អង្គការរ៉ូតារីក្លឹបអន្តរជាតិ ប្រចាំ នៅកម្ពុជា ផ្តល់តាមរយៈរដ្ឋបាលខេត្តសៀមរាប ត្រូវបានធ្វើការចែកជូនបងប្អូនជាជនពិការ រងគ្រោះដោយសារ មីន គ្រោះថ្នាក់ចរាចរណ៍ និង ឧបទ្ទវហេតុផ្សេងៗ និង ពីកំណើតផងដែរ ។  ពិធីបានប្រព្រឹត្តធ្វើនៅសាលាខេត្ត សៀមរាប ក្រោមវត្តមានរបស់លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្ត រួមនិងអស់លោក លោកស្រី អាជ្ញាធរក្រុង ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ រួមទាំងបុគ្គលិកអង្គការរ៉ូតារីក្លឹបអន្តរជាតិ កាលពីព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៧នេះ ។

តាមការបញ្ជាក់របស់លោក យន់ ដាយ្យន ប្រធានអង្គការរ៉ូតារីក្លឹបអន្តរជាតិ ប្រចាំនៅកម្ពុជា បានគូស បញ្ជាក់ថា ក្នុងពេលកន្លងមកអង្គការរបស់លោក បានមើលឃើញពីភាពទុក្ខលំបាក របស់បងប្អូនជនពិការ ក្នុង ពេលដែលធ្វើចលនាចល័ត ពីកន្លែងមួយទៅទីកន្លែងឆ្ងាយ ទើបអង្គការរ៉ូតារីក្លឹប បានផ្តល់ជារទេះកង់បួន ក្នុងភាពងាយស្រួលចល័ត និង ធ្វើដំណើរទៅតាមចំណងរបស់បងប្អូន ។ ម៉្យាងទៀតអង្គការមិនត្រឹមផ្តល់នូវរទេះជនពិការតែប៉ុណ្ណោះទេ ព្រមទាំងបានផ្តល់ជាស្បៀងអាហារដល់គ្រួសារក្រីក្រ ជាសំខាន់នូវសម្ភារៈសិក្សាដល់សិស្សា នុសិស្សក្រីក្រនៅតាមជនបទ និងផ្តល់ពូជជ្រូកជូនប្រជាជនចិញ្ចឹមទៀតក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយ នូវភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

មានប្រសាសន៍សំណេះសំណាលនោះលោក គឹម ឆៃហៀងក៏បានធ្វើការថ្លែងអំណរគុណចំពោះរាល់សកម្មភាពដែលអង្គការរ៉ូតារីក្លឹបអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំខាន់ជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងការផ្តល់នូវជាស្បៀងអាហារ ការពិនិត្យព្យាបាលសុខភាពរបស់ប្រជាជននៅតាមជនបទរួមទាំង ផ្តល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងសាលារៀននៅតាមជនបទ ។ ជាក់ស្តែងនាពេលនេះអង្គការរ៉ូតារីក្លឹប អន្តរជាតិ បានផ្តល់នូវរទេះជនពិការ ជូនដល់បងប្អូនជនពិការទាំងពីរភេទ ។ឯកឧត្តមក៏បានគូស បញ្ជាក់ថា ការផ្តល់ រទេះជនពិការនេះគឺផ្តល់ជូនទូទៅ ទាំងអ្នកពិការជើងដោយសង្រ្គាម គ្រាប់មីន គ្រោះថ្នាក់ ចរាចរណ៍ និង គ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗ និង ពិការភាពពីកំណើតផងដែរ ។ លោក គឹម ឆៃហៀងក៏បានបន្តទៀតថាសកម្មភាពទាំងនេះ គឺជាស្មារតីមនុស្សធម៌របស់អង្គការរ៉ូតារីក្លឹបអន្តរជាតិ ក៏ដូចជាទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនកូរ៉េផងដែរដែលតែងតែបានចូលរួមនូវរាល់សកម្មភាពមនុស្សធម៌ចំពោះប្រជាពលរដ្ឋ កម្ពុជា ក្នុងការដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្តកូរ៉េ ចុះមកពិនិត្យព្យាបាលជម្ងឺជូនប្រជាជនដោយឥតគិតថ្លៃ និង ផ្តល់ នូវអគារសិក្សា និង ការបណ្តុះបណ្តាលបច្ចេកទេសជាដើម។ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងថ្ងៃនេះដែរ អង្គការរ៉ូតារីក្លឹបអន្តរជាតិ និង ទៅធ្វើការប្រគល់នូវសម្ភារៈសិក្សាដល់សិស្សរួមទាំងផ្តល់ពូជជ្រូកដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រយកទៅចិញ្ចឹម និង ផ្តល់ស្បៀងអាហារជាគ្រឿងឧបភោគបរិភោគផងដែរនៅស្រុកវ៉ារិន។ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូន ពិការទាំងអស់ នៅពេលបានរទេះកង់នេះទៅប្រើប្រាស់ សូមធ្វើការថែរក្សាឲ្យល្អ ដើមី្បប្រើប្រាស់បានយូរអង្វែង ហើយសម្ភារៈនេះក៏ជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនពិការធ្វើការចល័តទីកន្លែងទៅបានតាមការបញ្ជារបស់បងប្អូនចង់ទៅ។  ឯកឧត្តមអភិបាលរងខេត្ត ក៏បានសំណូមពរដល់អង្គការរ៉តារីក្លឹបអន្តរជាតិសូមបន្តនូវទឹកចិត្តមនុស្សធម៌ នេះ ទៅតាមបណ្តាមូលដ្ឋានស្រុកនានាមួយចំនួនទៀតក្នុងខេត្តសៀមរាបក្នុងការចូលរួមនៅកិច្ចអភិវឌ្ឍន៍នៅ តាមជនបទ នឹងធ្វើឲ្យកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

11 12 13 14 15 16 17 18

19 20

21 22 23 24