ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៧នេះ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០១៧និងទិសដៅអនុវត្តបន្តដើមី្បត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៅខេត្តសៀមរាប ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់គោលដៅឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់នៅឆ្នាំ២០១៧ ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥នេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវប្រធានបទដ៏សំខាន់ ទៅលើបញ្ហាដីតំបន់១ និង តំបន់២ រួមនឹង ដីបុរីសណ្ឋាគារទេសចរណ៍ដែល គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដែលជាប្រធានបទដ៏មានសារៈសំខាន់ ក្នុងការដោះស្រាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ។
តាមលទ្ធផលនៃសេចក្តីរាយការណ៍របស់ឯកឧត្តមណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើ ការបញ្ជាក់ អំពីសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ដើមី្បបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងព្រមទាំងស្វែងយល់នូវសំណូមពរ និង បញ្ហាប្រឈម ដែលពាក់ពាន័្ធ នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងនោះដោយផ្តោតសំខាន់ លើសំណើររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីការស្នើសុំបង្រួមព្រំប្រទល់តំបន់រមណីយដ្ឋានចំនួន ០៥ក្រុង ស្រុក ដែលមាន ១៥ឃុំ សង្កាត់ ស្មើ ៦៥ភូមិ។
ក្នុងនោះដែរអង្គប្រជុំទាំងមូលបានធ្វើកិច្ចពិភាក្សាផ្លាស់ប្តូរនូវមតិយោបល់គ្នាយ៉ាងល្អិតល្អន់ លើការដោះស្រាយនូវសំណួរ សំណូមពរមួយចំនួន ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានលើកសំណូមពរនៅក្នុងវេទិកាសាធារណៈស្នើឲ្យរាជរដ្ឋាភិបាល ពិនិត្យលទ្ធភាពក្នុងការបង្រួមព្រំប្រទល់តំបន់២ដែលក្រុមការងារពុំមានលទ្ធភាពដោះស្រាយ បាន ដើម្បីផ្តល់សិទ្ធិជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តទាំងនេះ មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងចាត់ ចែងស្របតាមច្បាប់។ ក្នុងនោះដែរអាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ពាក់ព័ន្ធភូមិសាស្ត្រប៉ះពាល់ទៅនឹងតំបន់អាជ្ញាធរ អប្សរាគ្រប់គ្រង ក៏បានលើកនូវសំណូមពរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនដែលបានជួបនូវទុក្ខលំបាក សព្វបែបយ៉ាងនាពេលកន្លងមក ទាំងនៅក្នុងតំបន់១ និង តំបន់២ ។ បន្ទាប់ពីសំណូមពរលើកឡើងរបស់អាជ្ញាធរមូល ពដ្ឋាន ក្នុងនោះដែរអាជ្ញាធរអប្សរា ក៏បានធ្វើការបកស្រាយបំភ្លឺ អំពីគោលការណ៍បច្ចេកទេសដើម្បីធ្វើការពិភាក្សាស្វែងរកដំណោះស្រាយជាមួយអង្គការយូនីស្កូ លើការគ្រប់គ្រងតំបន់ប្រាសាទបុរាណនៅខេត្តសៀមរាប ។
ឆ្លងតាមមតិនៃស្មារតីកិច្ចប្រជុំរួចមកឯកឧត្តមទៀ បាញ់ក៏បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំក៏បានលើកអំពីបញ្ហាជាក់ស្តែងដែលប្រជាពលរដ្ឋបានជួបប្រទះ និង ពាក់ព័ន្ធនឹងបញ្ហានេះដែរ គឺត្រូវបានស្នើសុំគោលការណ៍ពិនិត្យសម្រេច ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និង ការគ្រប់គ្រងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ ចំពោះទីតាំងដែលស្នើសុំកាត់ឆ្វៀលចេញ មានបញ្ជាក់នៅក្នុងផែនទីដែលបានបង្ហាញ ក្នុងអង្គប្រជុំដែលបានធ្វើឡើងដោយក្រុមការងារបច្ចេក ទេស របស់រដ្ឋបាលខេត្ត សំខាន់ផ្តោតទៅលើប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងជាអចិន្ត្រៃយ៍ ។ ឯកឧត្តម បានលើកសំណើឲ្យកាត់ឆ្វៀលចេញតំបន់២ ទាំងមូល ចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ដើម្បីជៀសវាងនូវភាពមិនស្មើភាពគ្នារបស់ប្រជាពលរដ្ឋដែលបានរស់នៅតំបន់២ដូចគ្នា ។ ឯកឧត្តមទៀ បាញ់បានគូសបញ្ជាក់យ៉ាសច្បាស់ ថាចំពោះតំបន់១ គឺជាតំបន់ដែលត្រូវរក្សាការពារ និង ចូលរួមពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិសាងសង់លំនៅដ្ឋាន និង អាស្រ័យផលលើដីស្រែចំការរបស់ខ្លួន ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋទទួលបានសិទ្ធិពេញលិញក្នុងការប្រកបរបបចិញ្ចឹមជីវិត ដូចជាការលក់ដូរ និងប្រកបអាជីវកម្មផ្សេងៗ នៅក្នុងតំបន់១ ដោយរក្សានូវស្ថានភាពដើម នៃតំបន់១ ។ ឯកឧត្តម បានបញ្ជាក់ថែមទៀតថា តំបន់១ នេះ គឺមានលក្ខណៈគ្រប់គ្រាន់ក្នុងការថែរក្សា និង អភិរក្សប្រាសាទ ឆ្លើយតបនឹងលក្ខខ័ណ្ឌចាំបាច់របស់បេតិកភ័ណ្ឌពិភពលោក ។ ម៉្យាងទៀត គួរត្រូវមានការពិភាក្សា អំពីការបែងចែកសមត្ថកិច្ច តួនាទី ភារកិច្ចរបស់អាជ្ញាធរជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីជៀសវាងបញ្ហាដែលកើតឡើងដដែលៗ នៅក្នុងតំបន់រក្សាការពារ ។ ចំពោះបញ្ហាវប្បធម៌ និងបេតិកភ័ណ្ឌយើងត្រូវតែរក្សាការពារ ស្នើឲ្យអាជ្ញាធរអប្សរាបំពេញការងាររបស់ខ្លួនក្នុងក្របខណ្ឌបច្ចេកទេស ហើយការអនុវត្តការងារកន្លងមករបស់អាជ្ញាធរអប្សរា អង្គប្រជុំបានកោតសរសើរ ដែលអាជ្ញាធរអប្សរាបានធ្វើការងាររបស់ខ្លួនទទួលបានលទ្ធផលជាច្រើន ។ ឯកឧត្តមមិនបានឯកភាព ទៅនឹងការបង្កើតក្រុមប្រតិកម្មរហ័សរបស់អាជ្ញាធរអប្សរាពុំអាចឆ្លើយតបទៅនឹងសំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋទាន់ពេលវេលានោះទេ ហើយបញ្ហាដែលបានពិភាក្សាក្នុងអង្គប្រជុំនាពេលនេះ គួរលើកសំណើជូនប្រមុខរាជដ្ឋាភិបាលពិនិត្យឡើងវិញនាពេលខាងមុខ ។ ឯកឧត្តមក៏បានធ្វើការណែនាំ ក្រុមការងារត្រូវធ្វើការរៀបចំ និង ពិនិត្យផែនទីតំបន់១ និងតំបន់២ របស់អាជ្ញាធរអប្សរា និង ត្រូវរៀបចំឡើងវិញដើម្បីកំណត់ទំហំតំបន់១ និងតំបន់២ ដែលអង្គប្រជុំស្នើដកចេញឲ្យបានច្បាស់លាស់ ព្រមទាំងរៀបចំស្ថិតិប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់និមួយៗស្នើសុំឲ្យបានច្បាស់លាស់ (ចំនួនឃុំ ភូមិ គ្រួសារ និងប្រជាពលរដ្ឋ) ។ ដោយយោងតាមលទ្ធផលនៃស្មារតីកិច្ចប្រជុំ ឯកឧត្តមទៀ បាញ់ក៏បានស្មើសុំឲ្យអាជ្ញាធរ ក្រុងស្រុក ឃុំ សង្កាត់ពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួនអំពីស្មារតីនៃកិច្ចប្រជុំ ពេលនេះ ដើមី្បឲ្យបងប្អូនបានធូស្បើយពីទុក្ខលំបាករបស់ខ្លួននិងរង់ចាំសេចក្តីសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលផងដែរ៕ អត្ថបទ ម៉ីសុខារិទ្ធភា្នក់ងារសារព័ត៌មានសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)