យើងពិការតែអាវៈយវៈតែទឹកចិត្តមិនពិការឡើយ


ខេត្តសៀមរាប ៖ បងប្អូនជាជនពិការ ដោយសារគ្រាប់មីនក្នុងសម័យសង្រ្គាម ពិការពីកំណើត ដោយជម្ងឺ និង​គ្រោះថ្នាក់ ចរាចរណ៍ ចំនួន ៤៩រូប មកពី១០ឃុំ ក្នុងស្រុកសូទ្រនិគម  ត្រូវបានទទួលរទេះជនពិការ ដែលជាអំណោយរបស់អង្គការរ៉ូតារីក្លឹបអន្តរជាតិ ប្រចាំនៅកម្ពុជា ផ្តល់តាមរយៈរដ្ឋបាលខេត្តសៀមរាប  កាលពីរសៀលថ្ងៃទី២៧ ខែមីនា  ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលាស្រុកសូទ្រនិគម ខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និង សេចក្តី រាយការណ៍របស់លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានបញ្ជាក់ឲ្យ ដឹងថា នៅក្នុងទូទាំងខេត្តសៀមរាប មានជនពិការសរុប ៧ពាន់១០៩នាក់ កុមារពិការចំនួន ១ពាន់៤៧៦នាក់ និង ជនពិការដែលកំពុងបានទទួលរបបគោលនយោបាយពីរដ្ឋាភិបាល សរុប ២ពាន់១៩៧នាក់ ។ ម៉្យាងទៀត ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃជូនជនពិការក្នុងឆ្នាំ២០១៦ មានចំនួន៣ពាន់ ៥៩៤នាក់ផងដែរ ។ និយាយដោយឡែកបងប្អូនជនពិការដែលប្រើប្រាស់រទេះរុញនៅស្រុកសូទ្រនិគម មានចំនួន១៥៦នាក់/គ្រឿងហើយថ្ងៃនេះត្រូវបានទទួលបាន៤៩នាក់/គ្រឿងទៀតផង ។

មានប្រសាសន៍សំណេះសំណាលនោះលោក​ គឹម ឆៃហៀង បានគូសបញ្ជាក់ថា ការផ្តល់រទេះជនពិការជូនបងប្អូននាថ្ងៃនេះ គឺផ្តល់ជូនទូទៅ ទាំងអ្នកពិការជើងដោយសង្រ្គាម គ្រាប់មីន គ្រោះថ្នាក់ចរាចរណ៍ និង ពិការភាពពីកំណើត ព្រមទាំងដោយជម្ងឺទៀតផង  ។  ឯកឧត្តមក៏បានបន្តទៀតថា សកម្មភាពទាំងនេះ គឺជាស្មារតីមនុស្សធម៌របស់អង្គការរ៉ូតារីក្លឹបអន្តរជាតិ ក៏ដូចជាទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនកូរ៉េផងដែរដែលតែងតែបានចូលរួមនូវរាល់សកម្មភាពមនុស្សធម៌ ចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងការដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្តកូរ៉េ ចុះមកពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជនដោយឥតគិតថ្លៃ និង ផ្តល់នូវអគារសិក្សា និង ការបណ្តុះបណ្តាលបច្ចេកទេសជាដើម ។ លោក គឹម ឆៃហៀងបានបន្តទៀតថា  ទាំងនេះគឺជាការខិតខំរបស់ឯកឧត្តមបណ្ឌិតគណៈអភិបាលខេត្ត ក្នុងការស្វែងរកនូវការទ្រទ្រង់ ចំពោះបងប្អូនជាជនពិការ  ក្នុងការជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនពិការ  ដើមី្បធ្វើការចល័តទីកន្លែងទៅបានតាមការបញ្ជារបស់បងប្អូន  ។ ម៉្យាងទៀតបងប្អូនពិការតែអាវៈយវៈតែទឹកចិត្តគំនិតរបស់បងប្អូនមិនពិការឡើយ ដោយបងប្អូនពិការមួយចំនួនក៏បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេក ទេសជំនាញ   ដើមី្បរកចំណូលថវិកាចិញ្ចឹមគ្រួសារ ។ ហើយការពិការនេះយើងមិនត្រឹមរងគ្រោះពិការដោយសាសង្រ្គាម ពិការពីកំណើត  គ្រោះថ្នាក់ ចរាចរណ៍ និង ជម្ងឺនោះទេ យើងពិការទាំងផ្លូវចិត្តផ្លូវកាយក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ចំពោះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កឲ្យប្រជាពលរដ្ឋយើងទទួលរងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃបានក្លាយជាជនពិការកុមារកំព្រា និង ស្ត្រីមេម៉ាយដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។  ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំ  និង អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់បណ្តាមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចូលព្រៃ ធ្វើស្រែចំការ ត្រូវមើលនូវស្លាកសញ្ញាគ្រោះថ្នាក់ពីគ្រាប់មីន  សំខាន់ចំពោះបងប្អូនចំណាក និង ចំណូលស្រុក ។ ក្នុងនោះលោក គឹម ឆៃហៀង ក៏បានបញ្ជាក់ជូនដល់បងប្អូនជនពិការ ដែលមានបំណងចង់រៀននូវបច្ចេកទេសផ្នែក អគ្គិសនីនោះ ឯកឧត្តមនឹងផ្តល់អាហារូបករណ៍ជូនចំនួន ០៥នាក់ ។  ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនពិការទាំងអស់ នៅពេលបានរទេះកង់នេះទៅប្រើប្រាស់  សូមធ្វើការថែរក្សាឲ្យល្អ  ដើមី្បប្រើប្រាស់បានយូរអង្វែង ហើយសម្ភារៈនេះក៏ជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនពិការធ្វើការចល័តបានទៅគ្រប់ទីកន្លែងទៅបានតាមការបញ្ជារបស់បងប្អូន ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់គោរពឲ្យបាននូវច្បាប់ចរាចរណ៍ ផ្លូវគោក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

32 33 34 35 36 37 38 39 40 41 42 43 44 45