ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការងារពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត មេបញ្ជាការយោធភូមិភាគទី៤ និង ព្រមទាំងអស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព បានអញ្ជើញចុះសួរសុខទុក្ខ និង ធ្វើការសំណេះសំណាលជាមួយក្មួយៗកុមារ នៃសាលាកុមារគថ្លង់ និង ពិការភ្នែក ខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោកស្រី ហុង ធារីនាយិកាសាលាកុមារគថ្លង់និងពិការភ្នែកខេត្ត បានគូសបញ្ជាក់ ឲ្យដឹងថា ឆ្លងកាត់រយៈពេល១៧ឆ្នាំមកនេះ សាលាកុមារគថ្លង់ និងពិការភ្នែកខេត្ត មានអគារចំនួន១២ខ្នង បុគ្គលិក ចំនួន ៤៣នាក់ ស្រី១៧នាក់ និង មានសិស្សសរុប ១២៩នាក់ស្រី ៥១នាក់ ក្នុងនោះសិស្សគថ្លង់ ១០៧នាក់ ស្រី៤២នាក់ សិស្សពិការភ្នែក ២២នាក់ ស្រី០៩ នាក់ និងស្នាក់នៅរៀនសូត្រក្នុងសាលាចំនួន ៨០នាក់ ស្រី២៥នាក់ ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងសប្បុរសជន បានឧបត្ថម្ភគាំទ្រ ជាសម្ភារៈសិក្សា ស្បៀងអាហារប្រចាំខែ ដល់សាលាកុមារគថ្លង់ និង ពិការភ្នែក ដែលជាសកម្មភាពទាំងនេះ ជាការផ្តល់នូវភាពកក់ក្តៅ ចំពោះកុមារ និងជម្រុញឲ្យកុមារទាំងអស់មានការពុះពារតស៊ូទៀតផង ។
បន្ទាប់ពីធ្វើចំណាប់អារម្មណ៍ថ្លែងអំណរគុណរបស់ក្មួយស្រីសេង ចន្ទតំណាងសិស្សពិការភ្នែក ចំពោះគណៈប្រតិភូរួចមក មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗជាកុមារគថ្លង់ និង ពិការភ្នែក នាឱកាសនោះ ឯ.ឧ ទៀ បាញ់ ក៏បាននូវការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចគត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងបានធ្វើការផ្គត់ផ្គង់ជាប្រចាំខែដល់ក្មួយៗ សាលាកុមារគថ្លង់ និង ពិការភ្នែក និង បានធ្វើការរៀបចំជួបជុំលេងសប្បាយជាមួយក្មួយៗទៀតផង ។ ឯ.ឧ ទៀ បាញ់ ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្សគថ្លង់ និង និង ពិការភ្នែកបានធ្វើ នៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។ កត្តាទាំងនេះក៏សបញ្ជាក់ផងដែរ ចំពោះបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើងចំពោះជនពិការ មកពីកំណើត ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬមិនពិការឡើយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកនូវដំបូន្មានល្អៗមួយចំនួន សម្រាប់ក្មួយៗ កុមារគថ្លង់ និង ពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរះមិត្ត ភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។
ក្នុងនោះដែរឯកឧត្តម ក៏បាននាំយកនូវអំណោយ ចែកជូនដល់សិស្សគថ្លង់ ដោយម្នាក់ៗ សៀវភៅ៥ក្បាល ប៊ិច២ដើម សារុង១ ក្រម៉ា១ ថវិកា ៣ម៉ឺនរៀលសិស្សពិការភ្នែក ម្នាក់ៗសារុង១ ក្រម៉ា១ ថវិកា ៣ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ម្នាក់ៗសៀវភៅ ១៥ក្បាល ប៊ិច៥ដើម សារុង១ ក្រម៉ា១ ថវិកា ៥ម៉ឺនរៀល និង ផ្គត់ផ្គង់ ស្បៀងអាហារ នូវគ្រឿងឧបភោគបរិភោគដល់សាលារយៈពេល៥ខែ នូវអង្ករ ៥តោន ត្រីខ, មី, ទឹកក្រូច ថវិកា ចំនួន ៥លានរៀលរួមទាំងផ្តល់ទោង សម្រាប់ក្មេងៗជិះលេងនិង ក្តារខៀនព័ត៌មានចំនួន១ផងដែរ ។
ក្នុងឱកាសនោះក៏មានរៀបចំ ជួបជុំពិសារអាហារថ្ងៃត្រង់ជូនដល់ក្មួយៗពិការ ដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានធ្វើការឌួសអាហារ បញ្ចុកអាហារដល់ក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ក្នុងភាពទឹកចិត្ត ជាម្តាយឳពុករបស់ក្មួយៗ ប្រកបដោយភាពស្និតស្នាល ក្នុងការអាណិតអាសូរដល់ក្មួយៗកុមារពិការបំផុត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប