ខេត្តសៀមរាប ៖ តាមសង្កេតរបស់ភ្ញាក់ងារសារព័ត៌មានយើង ក្នុងរយៈពេលពីរថ្ងៃនេះ នៅតាមមូលដ្ឋានទូទាំងខេត្តសៀមរាប ការដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ពុំមានចំណុចអវិជ្ជមានណាមួយកើតឡើយ ។ ដោយសកម្មជនរបស់គណបក្សនយោបាយទាំងអស់ បានគោរពអនុវត្តត្រឹមត្រូវតាមច្បាប់ដែលបានចែងសម្រាប់យុទ្ធនាការនោះ សំខាន់គឺប្រកាន់យកនូវក្រមសីលធម៌អហឹង្សា បង្ហាញតែពីគោលនយោបាយល្អៗនៃគណបក្ស របស់ខ្លួនតែប៉ុណ្ណោះ មិនធ្វើឲ្យប៉ះពាល់កិត្តិយសគណបក្សផ្សេងនោះឡើយ ។ ក្នុងនោះយើងសង្កេតឃើញមានតែ គណបក្សនយោបាយ ៣ប៉ុណ្ណោះដែលបានបើកយុទ្ធនាការទ្រង់ទ្រាយធំ នៅតាមមូលដ្ឋានទូទាំងខេត្ត ។
តាមការបញ្ជាក់ឲ្យដឹងពីសំណាក់លោក នឹម វ៉ាន់សំ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅទូទាំងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន ៧ ក្នុងការនោះមាន គឺគណបក្សប្រជាជនកម្ពុជា ,គណបក្សសង្គ្រោះជាតិ ,គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ, គណបក្សហ៊ុនស៊ិនប៉ិច , គណបក្យបង្រួបបង្រួមជាតិ គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលបានមានបេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ។
ក្នុងយុទ្ធនាការថ្ងៃទី២នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយខេត្ត សៀមរាប បានចុះជួបធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកា បេក្ខជនក្រុមប្រឹក្សាឃុំ ក្នុងស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប នៅចុងសប្តាហ៍ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៧ ។
មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ថា នេះជាឱកាសឲ្យគណបក្ស និង បេក្ខជនយើងគ្រប់រូបបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សយើង ក្នុងការបន្តអភិវឌ្ឍន៍ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានទូលំទូលាយ និង ស៊ីជម្រៅ ព្រមទាំងធ្វើការផ្សព្វ ផ្សាយលំដាប់លេខរៀង និង រូបសញ្ញារបស់គណបក្សនៅលើសន្លឹកឆ្នោត តាមឃុំនីមួយៗ ព្រមទាំងធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតផងដែរ ។ ឯកឧត្តមក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះផងដែរ ។ ឯកឧត្តម ទៀ បាញ់ បានគូសបញ្ជាក់ថា ដោយប្រជាពលរដ្ឋមានជំនឿជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង ភាពជាក់ ស្តែង លើស្ថេរភាពនយោបាយ សន្តិសុខ និង បានទប់ស្កាត់ ការវិលត្រឡប់ជាលើកទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងបានបញ្ចប់នូវជីវិតនយោបាយដឹកនាំរបស់ខ្មែរ ក្រហម ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍរីកចំរើន ក្រោមដំបូលសន្តិភាពពេញ លេញទូទាំងប្រទេស ។ ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវ ដល់គ្រប់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុងសូទ្រនិគម និង ស្រុកជីក្រែងទាំងអស់ ទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ទៅតាមលំដាប់លេខរៀងនៃ ឃុំ សង្កាត់របស់ខ្លួន ដែលមានរូបទេវតាបាចផ្កា ។ ក្នុងនោះ ដែរក៏សូមឲ្យគ្រប់សមាជិកគណបក្សនយោបាយទាំងអស់ត្រូវរក្សាឲ្យខាងតែបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ប្រកាន់យកនូវក្រមសីលធម៌អហឹង្សា កុំឲ្យកើតមាននូវ អំពើហិង្សាណាមួយ ក្នុងពេលគ្រប់គណបក្សនយោបាយ ទាំងអស់ ធ្វើយុទ្ធនាការឃោសនារកសម្លេងគាំទ្រ គណបក្សរបស់ខ្លួនតែប៉ុណ្ណោះ ៕ អត្ថបទ ម៉ី សុខារិទ្ធ