ខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណៈបក្សប្រជាជនកម្ពុជា


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៧នេះ បងប្អូនជាសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា មកពី បណ្តាក្រុង ស្រុក និង សាខាបក្សមន្ទីរ ប្រមាណជាង ១ម៉ឺន២ពាន់នាក់ បានមកជួបជុំគ្នាដើមី្បប្រារព្ធធ្វើមិទិ្ទញអបអរសាទរខួបលើកទី៦៦ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនខេត្ត  ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជានិង ជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប   ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ និង អស់លោក  លោកស្រី  ជាសមាជិក ក្រុមការងារគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក សាខាបក្សមន្ទីរ ចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត បានបញ្ជាក់ថា  ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដើមី្បសម្តែងនូវកតញ្ញូតាធម៌ ចំពោះគណបក្ស ដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិមាតុភូមិ និង ប្រជាជន ។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ពីការពង្រឹង ពង្រីកនូវរចនាសម្ព័ន្ធខ្សែរយៈអង្គការចាត់តាំង កសាងសមាជិកគណបក្សខេត្តសៀមរាប  ព្រមទាំងបានលើកឡើងពីការធានានូវ សន្តិសុខ   សណ្តាប់ធ្នាប់សាធារណៈ  ស្ថេរភាព សុវត្ថិភាពជូនសាធារណជនទូទៅ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង បង្ក លក្ខណៈងាយស្រួល ក្នុងការបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និង ប្រជាពលរដ្ឋមានលទ្ធភាពប្រកបធ្វើអាជីវកម្ម បាន ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារមានភាពប្រសើរឡើង ព្រមមានកិច្ចអភិវឌ្ឍន៍របស់ខេត្តលើគ្រប់វិស័យទៀតផង ។

ក្នុងនោះឯកឧត្តម ទៀ បាញ់ ក៏បានអាននូវសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៦៦ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា មានខ្លឹមសារបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដើមឡើយជាគណបក្សប្រជាជនបដិវត្តខ្មែរ បង្កើតឡើង គឺដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៦ឆ្នាំហើយ  ដែលជាគណបក្សចាស់​ទុំ​ខាង​នយោបាយ ​និង​បាន​ចូល ​រួម​តស៊ូ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ប្រជា​ជនកម្ពុជា​ រំដោះ​ជាតិ​ឲ្យ​រួច​ផុត​ពី​ពួកអាណានិគម ចក្រពត្តិនិយម និង បានផ្តួលរំលំរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ប្រល័យ​ពូជ​សាសន៍ ​នាថ្ងៃ៧ មករា១៩៧៩  បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាង មាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញក្នុងរយៈពេល៣៨ឆ្នាំមកនេះ  ។   ​ មានប្រសាសន៍សំណេះសំណាល ក្នុងមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៦៦ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជាមួយក្តីសោមនស្សរីករាយ ចំពោះសភាពការណ៍រិកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា  ក៏យើងត្រូវគោរពដឹងគុណបំណាច់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិយើងគ្រប់ជំនាន់ ដែលបានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ នូវសាច់ស្រស់ឈាមស្រស់ បូជាអាយុជីវិត ដើមី្បបុព្វហេតុជាតិ និង ប្រជាជន ។  ឯកឧត្តម ទៀ បាញ់ ក៏លើកផងដែរថា ការជួបជុំគ្នាក្នុងការរំលឹកពីប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំចលនាតស៊ូរបស់ប្រជាជន ក្នុងកាប្រឆាំងពីការឈ្លានពាន ដើមី្បទាមទារនូវ ឯករាជ្យជាតិ ដែលជាកម្លាំងនយោបាយតែមួយគត់ ដែលបានដឹកនាំ និង ស្តារ អភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន ។ ឯកឧត្តមបន្តទៀតថា ដោយឈរលើគោលការណ៍នេះ គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាតនូវ សន្តិភាព ស្ថិរភាពនយោបាយរបស់ជាតិ ជាលក្ខខណ្ឌជាសារវន្ត ដើមី្បធានានូវជីវភាពដ៏សុខសាន្តរបស់ប្រជាជន និង ការអភិវឌ្ឍប្រកបដោយចិរភាព និង ប្រឆាំងដាច់ខាត់រាល់ទង្វើទាំងឡាយណា ដែលប្រមាណដល់គណបក្សប្រជាជន ក្នុងគោលបំណងបង្កើតនូវភាពវឹកវរក្នុងសង្គម នឹង រុញច្រានប្រទេសជាតិឲ្យមានកលយុគ្គ ។  ឯកឧត្តមបានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកំពុងបន្តភាពរីកចម្រើនលើគ្រប់វិស័យ បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍ និង ធ្វើឲ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង។ ទន្ទឹមនឹងការឆ្ពោះទៅមុខនៃខឿនអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ នៃរដ្ឋសភា បានកំពុងអនុវត្តដោយទទួលខុសត្រូវខ្ពស់ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដើមី្បកំណើនការងារសមធម៌ ប្រសិទ្ធភាព ដែលជាគោលនយោបាយសង្គមសេដ្ឋកិច្ច សំដៅធានាការអនុវត្តដោយជោគជ័យ នៃកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការពង្រឹងអនុវត្តច្បាប់ និងលើកកម្ពស់នីតិរដ្ឋ ។ ក្នុងសន្ទរកថានោះដែរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការកសាង ពង្រឹងខឿងការពារជាតិរបស់ប្រជាជន និង សន្តិសុខជាតិឲ្យកាន់តែរឹងមាំ ព្រមទាំងការ ពារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស , ពង្រឹងការគោរពអនុវត្ត ច្បាប់ និង យុត្តិធម៌សម្រាប់មនុស្សគ្រប់រូប និងទប់ស្កាត់និទណ្ឌភាព អំពើហិង្សាគ្រប់រូបភាព ។  ក្នុងនោះដែរក៏បានបន្ត ជម្រុញអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ លើការកំណែទម្រង់រដ្ឋ និង គោលនយោបាយនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង លុបបំបាត់ភាពអសកម្មនៅក្នុងសង្គម ដើមី្បឆ្លើយតបទៅតាម សំណូមពរ និង កិច្ចកង្វល់របស់ប្រជាជន ។ ឯកឧត្តម ទៀ បាញ់ ក៏បានគូសបញ្ជាក់ផងដែរថា គណបក្សប្រជាជន បន្តពង្រឹងកិច្ចសហការ ជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និង មជ្ឈដ្ឋានផ្សេងៗ ដែលមានភាព ស្មោះត្រង់ សុឆន្ទះ ក្នុងគោលបំនងថែរក្សានូវបរិយាកាសនយោបាយប្រកបចីរភាព សំខាន់បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ ក្នុងការបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគ ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កន្លងមកនេះ ពិតជាមូលដ្ឋានគ្រឹះ នៃបទពិសោធន៍ដ៏មានតម្លៃសម្រាប់គណបក្សប្រជាជន ក្នុងការពង្រឹងសកម្មភាពឆ្ពោះទៅទទួលជ័យជម្នះ  ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅឆ្នាំ២០១៨ខាងមុខនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67