ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន ការធ្វើអាជីវកម្មព្រៃឈើ និង ជំនួញដីព្រៃឈើខុសច្បាប់


ខេត្តសៀមរាប ៖ កូនឈើក្រញ៉ូង ចំនួន១ពាន់២០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើបន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាល ព្រៃឈើសៀមរាប ដាំលើផ្ទៃដី២ហិចតា ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា នៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ឯឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  រួមទាំងព្រះសង្ឃ  ថ្នាក់ដឹក នាំមន្ទីរ អាជ្ញាធរស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សផងដែរ  ។

តាមសេចក្តីរាយការណ៍របស់ខ័ណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្នុងការអនុវត្តនូវគោលនយោបាយ  កំណែទម្រង់ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ សំដៅធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម  និង     បរិស្ថាន សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន ក៏ដូចទៅថ្ងៃអនាគត ។  ឆ្លងតាមលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើ និង ការងារគ្រប់គ្រង អភិរក្ស  អភិវឌ្ឍន៍ វិស័យព្រៃឈើ ក្នុងឆមាសទី១ ឆ្នាំ២០១៧ ក្នុងការទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃឈើ និងបង្រ្កាបបទល្មើសការដឹកជញ្ជូនឈើខុសច្បាប់ មានចំនួន ២៧ករណី ព្រមទាំងដកនូវវត្ថុតាងបទល្មើស មានឈើសរុប ២០,២៧៤ម៉ែត្រគូប  , ត្រាក់ទ័រ ១គ្រឿង , អេស្ការ ០១គ្រឿង , BULLDOZER ០២គ្រឿង , រថយន្ត ០៦គ្រឿង  និង   រណាយន្ត ៦៣គ្រឿង  ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការប្រារព្វទិវានេះឡើង គឺដើមី្ប បង្កើតឡើងវិញនូវធនធានព្រៃឈើឲ្យកាន់ប្រសើរឡើង និង ប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះ ឲ្យមានទេសភាពល្អ ប្រកបដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង។ ម៉្យាងទៀតថ្ងៃនេះ ក៏មានអត្ថន័យដ៏ជ្រាលជ្រៅ សម្រាប់ ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស  កងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យចេះស្រឡាញ់សម្បត្តិធម្មជាតិព្រៃឈើ និង ចូលរួមដាំដុះ ការពារថែរក្សាលើកស្ទួយបរិស្ថានព្រៃឈើ ក្នុងការជួយជម្រុញ  ផលប្រយោជន៍ដល់ប្រជារាស្ត្រ យើង ក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និង បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គមទៀតផង ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ព្រៃឈើមាន  តួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់ គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ វិចារណញ្ញាណ   សមហេតុ សមផល ធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីតម្រូវការ និងភាពសុខដុមរមនា ។ ម៉្យាងទៀតផែនការស្តារព្រៃឈើ  និង ការដាំឈើឡើងវិញជាខ្សែចង្វាក់គ្រប់ទិសទី  ដើមី្បខេត្តសៀមរាបយើង រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់បំព្រោមដោយរុក្ខជាតិពណ៌បៃតងឡើងវិញ ក្នុងការបម្រើដល់វិស័យទេចរណ៍ទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និង ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់  ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ ។ បុណ្យរុក្ខទិវានេះ ក៏ជាបេសកកម្មមួយប្រកបដោយគុណធម៌របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និង ថែរក្សានិរន្តភាពនៃភពផែនដី ដើមី្បឲ្យមនុស្សបានរួចផុត ពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិនានាទៀតផង ។ ក្នុងនោះដែរឯកឧត្តម បណ្ឌិតក៏បានធ្វើការណែនាំ ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើននូវស្មារតីយកចិត្តទុកដាក់ ធ្វើការដាំដុះកូនឈើឡើងវិញ នៅតាមទីវត្តអារាម  និង តាមមូលដ្ឋាន អង្គភាព សាលារៀន និង លំនៅដ្ឋាន ព្រមទាំងបង្កើនការដាំដុះ ដំណាំរួមផំ្ស ការចិញ្ចឹមសត្វ និង វារីវប្បកម្ម ដើមី្បក្នុងការអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក និង ធ្វើឲ្យបរិយាកាសបរិស្ថាន កាន់តែល្អប្រសើរឡើងផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1834 1835 1836 1837 1838 1839 1840 1841 1842 1843 1844 1845 1846 1847 1848 1849 1850 1851 1852 1853