ខេត្តសៀមរាប ៖ ថ្ងៃ១១កើត ខែអាសាឍ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃអង្គារទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ បាននាំយកនូវទៀនព្រះវស្សា និង គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យ យកទៅវេរប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សា វត្តរាជបូណ៌ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និង ពុទ្ធបរិស័ទចូលរួមផងដែរ ។
បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរឹត្ត និង តាមការធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ ក៏បានប្រារព្វធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើមី្បឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ និង ការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើន ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។ ម៉្យាងទៀតការប្រគេនទៀនព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូលង់មកហើយ នៅជារៀងរាល់ឆ្នាំ និង ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃទី ១រោជ ខែអាសាឍរហូតដល់ថ្ងៃ១៥កើតខែអស្សុជ ។
បន្ទាប់ពីការវេប្រគេន នូវទៀនព្រះវស្សា និង គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដល់ព្រះសង្ឃរួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ទៀនវស្សានិងទេយ្យវត្ថុយកមកប្រគេនព្រះសង្ឃនាពេលនេះ ប្រគេនដល់ព្រះសង្ឃ ក្នុងរយះពេលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយ រដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរ សម្រាប់ប្រជាពលរដ្ឋ និង បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺ មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើង ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា ការដង្ហែនូវទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ នៅវត្តរាជបូណ៌ នាពេលនេះ គឺ ជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានគណៈអភិបាល និង ក្រុមប្រឹក្សាខេត្ត សប្បុរសជនក្នុងខេត្ត បានដង្ហែរយកមកវេរប្រគេនដល់ព្រះសង្ឃនៅតាមវត្ត ដើមី្បព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះ មានទៀនវស្សា ០១គូ និង គ្រឿងឧបភោគបរិភោគ ចំនួន ១១មុខ និង បច្ច័យ ចំនួន ៣លាន៧០ម៉ឺនរៀល និង ប្រាក់ដុល្លា ១៧០ដុល្លា ក្នុងនោះដែរឯកឧត្តមបណ្ឌិត និង លោកជំទាវ បានជូនថវិកាដល់សីលវន្ត័ សីលវតី និង ក្មេងវត្ត ម្នាក់ៗ ១ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ