ខេត្តសៀមរាប ៖ ថ្ងៃអាទិត្យ ១រោច ខែ អាសាឍ ឆ្នាំរកា អព្វស័កព.ស ២៥៦១ ត្រូវថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និង ជាព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បាននិមន្ត អញ្ជើញជាអធិបតី ពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានថ្មលោកតាសន ឬហៅស្ពានវត្តលើ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។
ក្នុងសង្ឃសេចក្តីរាយការណ៍របស់ព្រះតេជគុណ ឃោសាភិញ្ញាណ ច័ន្ទ សុវណ្ណ ព្រះគ្រូចៅអធិការវត្តព្រះឥន្ធ កោសីយ៍ បានឲ្យដឹងថា ដោយឃើញស្ពានឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាប នៅមុខវត្តព្រះឥន្ធកោសីយ៍ មានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើចរាចរណ៍បាន នៅឆ្នាំ២០១០ ព្រះតេជគុណបណ្ឌិត ពេជ្រ សន ព្រះអង្គបានដឹក នាំបបងប្អូនពុទ្ធបរិស័ទជិត ឆ្ងាយ សាងសង់ស្ពានថ្មនេះឡើង មានប្រវែងសរុប៣០ម៉ែត្រ និងទទឹង៧ម៉ែត្រ បានសាង សង់រួចរាល់នៅឆ្នាំ២០១៣ អស់ទឹកប្រាក់ ១៣ម៉ឺនដុល្លា ក្នុងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។ ដើមី្បសម្តែងនូវកតញ្ញូតាធម៌ ចំពោះព្រះតេជគុណបណ្ឌិត ពេជ្រ សន អតីតជា ព្រះមេគណខេត្ត និង ជាចៅអធិការវត្តព្រះឥន្ធកោសីយ៍ ដែលបានទទួលអនិច្ចធម្មទៅ តែមិនទាន់បានធ្វើពិធីបុណ្យ ឆ្លង និង បើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅឡើយ ហើយដែលជាសមទ្ធិផលស្នាព្រះហស្បរបស់ព្រះអង្គបានលះបង់កម្លាំងកាយចិត្ត និង ទ្រព្យធនធាន ចូលរួមអភិវឌ្ឍន៍ប្រទេស ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ ត្រូវបានប្រជាពុទ្ធបរិស័ទប្រសិទ្ធនាមស្ពានថ្មីនេះថា ស្ពានថ្មលោកតាសន ចាប់ពីពេលនេះតទៅ ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចនូវជោគជ័យធំៗ ជាច្រើនក្នុងប្រវត្តិសាស្ត្រនៃ កម្ពុជា នូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលមួយទស្សវត្សកន្លងមកនេះ ទាំងការធ្លាក់ចុះអត្រានៃភាពក្រីក្រ ក្រោម យុទ្ធសាស្ត្រឈ្នះៗ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា អាជ្ញាធរខេត្តបានកំពុងខិតខំប្រឹងប្រែង ក្នុងការជម្រុញនូវការអភិវឌ្ឍន៍ តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ , ទឹក , ភ្លើង ក្នុងការកែលម្អរសោភ័ណភាពក្រុង មានបរិស្ថាន អនាម័យល្អ និង ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងពីការជម្រុញនូវការអភិវឌ្ឍខេត្ត តាមរយៈការកែលំអហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តផ្លូវ ថ្នល់ ប្រព័ន្ធ ធារាសាស្រ្ត ប្រឡាយ លូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ការពង្រីកប្រព័ន្ធទឹកស្អាត អគ្គិសនី ការបំពាក់ភ្លើងបំភ្លឺសាធារណៈ និងការរៀបចំសួនសាធារណៈ ការពារបរិស្ថាន ការរៀបចំអនាម័យ ដើម្បីលើកស្ទួយ និង តម្កល់ឋានៈក្រុងសៀមរាបជា ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដោយផ្តោតការយកចិត្តទុកដាក់ជាអាទិភាពបំផុត នូវការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមទាំងនៅទីក្រុង និងតំបន់ជនបទ។ ឯកឧត្តម បណ្ឌិត នូ ផល្លា ក៏បានលើកផងដែរថា សមទ្ធិផល ស្ពានថ្មនេះ ជាស្នាដៃក្នុងការដឹកនាំរបស់ព្រះតេជគុណបណ្ឌិត ពេជ្រ សន ហើយត្រូវបានប្រជាពុទ្ធបរិស័ទប្រសិទ្ធ ព្រះនាមថ្វាយព្រះអង្គថា ( ស្ពានថ្មលោកតាសន ) ហើយក៏ជាសមទ្ធិផលថ្មីមួយ ដែលត្រូវកាត់ខ្សែបូរ បើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវនាពេលនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ហើយអាជ្ញាធរខេត្ត បានសាងសង់ស្ពានថ្មថ្មីចំនួន៣កន្លែង ឆ្លងកាត់ស្ទឹងសៀមរាប រួមមាន ស្ពានថ្មវត្តពោធិលង្កា ស្ពានថ្មវត្តព្រះឥន្ទកោសា និង ស្ពានថ្មថ្មីព្រះរាជដំណាក់ ដែលយើងបានធ្វើ ចរាចរណ៍រាល់ថ្ងៃនេះ ។ ម៉្យាងទៀតសមិទ្ធផលស្ពានថ្ម(លោកតាសន)នេះ គឺជាសក្ខីភាពជាក់ស្តែង នៃវឌ្ឍនៈភាពវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ជាសមិទ្ធផលប្រវត្តិ សាស្រ្តថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវអំណរសាទរ ចំពោះបងប្អូនប្រជាពល រដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចំពោះសមិទ្ធផលថ្មីនេះ ដែលនឹងជួយសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ និង ជួយបញ្ជៀស និង កាត់បន្ថយ នូវការកកស្ទះចរាចរណ៍ និង គ្រោះ ថ្នាក់ចរាចរណ៍នៅក្នុងក្រុងទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប