ខេត្តសៀមរាប ៖ អង្គសន្និសីទដែលបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប នៅសណ្ឋាគារ សុខាសៀមរាប ដែលបានប្រកបទៅដោយស្មារតីមិត្តភាព និង សហប្រតិបត្តិការខ្ពស់រួមគ្នា ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកទស្សនៈគ្នាទៅវិញទៅមក យ៉ាងទូលំទូលាយ កំណត់នូកាលានុវត្តភាព នឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ក្នុងផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជននិងប្រជាជនអាស៊ាន ចិន ទាំងពេលបច្ចុប្បន្ន និង អនាគត ។ អង្គ សន្និសីទនេះ ក៏បានធ្វើការពិភាក្សាទៅលើចំណុចអាទិភាព គឺ រួមគ្នាឆ្លើយតបជាយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយផ្លូវមួយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ អាស៊ាន ចិន ដើមី្បសន្តិភាព និង សហប្រតិបត្តិការ និងចំណងមិត្តភាពយុវជនអាស៊ាន ចិន ដើមី្បសន្តិភាព និង សហប្រតិបត្តិការ រួមទាំងជម្រុញទេសចរណ៍អាស៊ាន ចិន ឲ្យកាន់តែរីកចម្រើន និង ការរៀបចំ ដែនដីនិងនគរូបនីយកម្ម ដែលជាបញ្ហារួមដែលអាស៊ាន ចិន នឹងបានកំពុងយកចិត្តទុកដាក់ខ្ពស់ ។
អង្គសន្និសីទលើកទី១១នេះ បានបិទទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធ សភា នៃព្រះរាជណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៧មិ្សលមិញនេះ។ មានប្រសាសន៍បិទអង្គសន្និសីទនោះ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ អំពី លទ្ធផលនៃអង្គសន្និសីទលើកទី១១ទទួលបាន ក្នុងការរួមចំណែកផ្តល់នូវអនុសាសន៍ដ៏មានសារៈប្រយោជន៍ជាច្រើន។ ឯកឧត្តម ទេព ងន បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និង មានផលប្រយោជន៍ធំ ធេងទៅវិញទៅមក នៅក្នុងក្របខណ្ឌអាស៊ាន ចិន អាស៊ានបូកបី តំបន់ពាណិជ្ជកម្មសេរី ចិន អាស៊ាន កិច្ចសហប្រតិបត្តិ ការទន្លេមេគង្គ ឡានធាង ព្រមទាំងពង្រឹង និង ពង្រីកបន្លែមទៀតនូវទំនាក់ទំនងអាស៊ាន ចិន ដែលមានសារៈសំខាន់ ដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច សុខដុមនីយកម្មតំបន់ និង សង្គមវប្បធម៌ក្នុងតំបន់ ។ ក្នុងនោះចិនបន្តឈរជាដៃគូ ពាណិជ្ជកម្មធំ លំដាប់ទីមួយរបស់អាស៊ាន ចាប់ ពីឆ្នាំ២០០៩ តាមរយៈការជម្រុញកំណើនពាណិជ្ជកម្ម ៥០០ពាន់លាន ដុល្លា នៅឆ្នាំ២០១៥កន្លងមក និង នៅឆ្នាំ២០២០ រំពឹងថាសម្រេចបានគោលដៅទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅ មក កើនឡើងដល់ ១៥០ពាន់លានដុល្លា ។ ឯកឧត្តមក៏បានបន្តទៀតថា ជារួមការកសាងទំនាក់ទំនង អាស៊ាន ចិន កាន់តែជិតស្និត ពិតជាមានសារៈសំខាន់ ក្នុងការរួមគ្នាលើកកម្ពស់ការរីកចម្រើន និង ការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាស្ថេរ ភាព សន្តិសុខ សន្តិភាព និង សុខដុមនីយកម្មតំបន់ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរួមគ្នា ចិន និង អាស៊ាន ។ ឯកឧត្តម ទេព ងន បានបន្តទៀតថា អាស៊ាន ចិន ជាដៃគូមិនអាចខ្វះបាន ការរីកចម្រើនរបស់អាស៊ាន មិនអាចកាត់ ផ្តាច់ពីការគាំទ្ររបស់ចិនបាននោះឡើយ ចិន និង អាស៊ាន ជាតួអង្គដ៏សំខាន់ដើរតួនាទី បំពេញឲ្យគ្នាទៅវិញទៅមក ដើមី្បនាំមកនូវការអភិវឌ្ឍលើគ្រប់ វិស័យសម្រាប់អនាគត ។ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ័សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ទេសចរណ៍ វប្បធម៌ និង អប់រំ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន ។ គំនិតផ្តួចផ្តើមនេះ ជាការរួមចំណែក ក្នុងការចែក រំលែកនូវប្រវត្តិសាស្ត្រ វប្បធម៌ សាសនា ទំនៀមទំលាប់ និង ផាសាសម្បូរបែប និង កសាងបាននូវស្មារតីសាមគ្គីភាព មិត្តភាព ជំនឿទុកចិត្ត និង សមភាពនៅក្នុងទំនាក់ទំនងរវាងប្រទេស និង ប្រទេស ប្រជាជននិងប្រជាជន ។ ឯកឧត្តម ក៏បានលើកផងដែរ ក្នុងដំណើរទស្សនានៅតាមប្រាង្គប្រាសាទក្នុងខេត្តសៀមរាប ដោយបញ្ជាក់ពីនារីកម្ពុជា មានឥរិយា បថម៉ឺនម៉ាត់ អត់ធ្មត់ ទទួលខុសត្រូវខ្ពស់ រឹងមាំប្រៀបដូចថ្មអង្គរ តែទន់ភ្លន់សុភាពរាបសារ រួសរាយរាក់ទាក់ ស្នាមញញឹមស្រស់ស្រាយ ដូចអប្សរាញញឹមនៃចន្លាក់នៅតាមជញ្ជាំងប្រាសាទទទួលស្វាគមន៍ដល់ភ្ញៀបគ្រប់រូប ចូលមក ទស្សនាកម្សាន្ត ដែលជាអច្ឆរិយៈគ្មានពីរនៅលើពិភពលោក ហើយបានក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើក ពិភពលោក ចូលមកទស្សនាកម្សាន្ត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប