ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៣៩នេះ ដែលមានចំនួន០៤ចំណុច ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ ។
បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៧រូប លើ១៩រូប រួចមកឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ដោយក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើចំណុច ទៅនឹងខ្លឹមសាររបាយការណ៍ ប្រចាំខែកក្កដា ទៅលើលទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តក្នុងខែ អំពីការងារលទ្ធកម្ម ក្នុងការដេញថ្លៃលើគម្រោង នានា ព្រមទាំងបានលើកនូវសំណូមពរមួយចំនួន ពីការអភិវឌ្ឍន៍អេកូទេសចរណ៍តំបន់ពើងតានន់ និង ការធ្វើ អាជីវកម្មជីកដី បញ្ហាការដាក់ស្លាកផ្សាយពាណិជ្ជកម្មនៅតាមដងបង្គោលភ្លើងសាធារណៈ និង គម្រោងការជួស ជុលផ្លូវសំបុកមាន់ ការកំណត់ប្រតិទិនក្នុងកិច្ចប្រជុំរបស់បណ្តាមន្ទីរ អង្គភាព និង បញ្ហាសម្លេងរំខានពេលរាត្រី នៅតំបន់ផាប់ស្ទ្រីបទៀតផង ។
ក្នុងនោះដែរលោក ពៅ ពិសិដ្ឋ ក៏បានអនុញ្ញាតឲ្យបណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាពទីចាត់ការចំណុះឲ្យរដ្ឋា បាលសាលាខេត្ត ដែលមានការពាក់ព័ន្ធទៅ នឹង ចំណោទបញ្ហាមួយចំនួន បានធ្វើការបកស្រាយបំភ្លឺនូវរាល់បញ្ហា សមាជិកក្រុមប្រឹក្សាខេត្ត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី២នេះផងដែរ ។
ឆ្លងតាមការបកស្រាយរបស់អស់លោកជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។ ក្នុងនោះដែរសមាជិកសមាជិកានៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏បានសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចមន្ទីរមាន ការពាក់ព័ន្ធ ត្រូវមានវិធានការចំពោះបញ្ហាផលរំខាននៃសម្លេងនៅពេលរាត្រី ដែលធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ សំខាន់បងប្អូនអ្នកមានជម្ងឺ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានក៏បានសង្កត់ធ្ងន់ចំពោះ បណ្តាមន្ទីរ ក៏ដូចបណ្តាក្រុង ស្រុក ត្រូវធ្វើធ្វើកម្មវិធីរបបនៃកិច្ចប្រជុំ ដោយមានកាលវិភាគច្បាស់លាស់ ព្រមទាំងផ្តល់នូវរបាយការណ៍របស់ខ្លួននៅរៀងរាល់ខែ ត្រីមាស ឆមាស និង ឆ្នាំ ឲ្យបានទៀងទាត់ ទៅតាមការណែនាំរបស់គណៈអភិបាលខេត្ត ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការក្រើនរំលឹកនូវការងារមួយចំនួនដល់គណៈអភិបាលខេត្ត សំខាន់បណ្តាមន្ទីរ អង្គភាព ដែលជាសេនាធិការរបស់ខេត្ត ក្នុងការគ្រប់គ្រងមន្ត្រី និង ត្រូវគោរពឲ្យបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងគោលដៅអនុវត្តនូវរបបវិមជ្ឈការ និង វិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៩នេះ ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្តទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ