ខេត្តសៀមរាប ៖ លោក ទៀ សីហា ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៣ ដែលជានាយរងខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៧ នៅរដ្ឋបាលសាលាខេត្តសៀមរាប ជំនួសលោក គឹម ឆៃហៀង អភិបាលរងខេត្ត ត្រូវទៅបម្រើការងារនៅក្នុងក្របខ័ណ្ឌដើមវិញ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ភាពរបស់ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
បន្ទាប់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើកិច្ចស្វាគមន៍ និង របាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ និង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព ជាសំខាន់ការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ពិតប្រាកដនៅកម្ពុជា។ ដើម្បីធានាឲ្យគោលនយោបាយ និង យុទ្ធសាស្ត្រខាងលើទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បទបញ្ជា និង លិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន។
បន្តមកលោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានអាននូវអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីផ្ទេរភារកិច្ច លោក គឹម ឆៃហៀង ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់ លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី ពីអភិបាលរងខេត្ត ឲ្យទៅបម្រើការងារនៅក្នុង ក្របខ័ណ្ឌដើមវិញ និង ប្រកាសតែងតាំងលោក ទៀ សីហា ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៣ ដែលជានាយរង ខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាបជំនួស ។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលរងខេត្តដែលទើប ទទួលបានការតែងតាំងថ្មីរួចមក មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម លេង វី ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ដែលបានបម្រើការងារហើយបានគ្រប់អាយុ គឺ អភិបាលរងខេត្តត្រូវមានអាណត្តិកំណត់ និង ចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ ។ ឯ.ឧ លេង វី ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ក្នុងនោះឯកឧត្តមក៏បានគូសបញ្ជាក់ថា ការចូលទទួលតំណែងជាអភិបាលរងខេត្តនេះ គឺ ដើមី្បបន្តអនុវត្ត តួនាទីភារកិច្ច ជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងខេត្ត សំខាន់លើការថែរក្សាសន្តិសុខ ស្ថេរភាពនយោបាយ ស្ថេរភាព សង្គម សណ្តាប់ធ្នាប់សាធារណៈ និង ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ព្រមទាំងលើកផងដែរ អំពីបញ្ហាការយកចិត្តទុកដ្ឋាក់កែលម្អរក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង គ្រប់មន្ទីរ ស្ថាប័ន ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់នូវក្រមសីលធម៌ចំពោះប្រជាពលរដ្ឋ ដែលមទទួលសេវារដ្ឋ បាលតាមមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ជាដើម ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ឲ្យដឹងថា នៅក្នុងអំឡុងឆមាសទី២នេះ នៅតាមបណ្តាខេត្ត ក្រុង ស្រុក និងត្រូវបង្កើនការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាជន ។ ម៉្យាងទៀតគ្រប់បណ្តាឃុំ សង្កាត់ ត្រូវធ្វើការពង្រឹងពីតួនាទី ភារកិច្ចរបស់ខ្លួន មិនធ្វើ អ្វីទៅតាមតែអំពើចិត្តរបស់ខ្លួនឡើយ ព្រមទាំងត្រួតពិនិត្យពីតួនាទីភារកិច្ចរបស់ស្មៀន ចំពោះការផ្តល់សេវាជូន ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ អំពីការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្ត្រីរាជការ នៅតាមមន្ទីរ អង្គ ភាព ក្រុង ស្រុក រួមទាំងការផ្លាស់ប្តូរ និង តែងតាំងដល់មន្ត្រីរាជការ ត្រូវឈរលើតម្លាភាព និង គណនីយភាព ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកអភិបាលរងខេត្ត ត្រូវខិតខំរៀនសូត្រពីរៀមច្បង ព្រមទាំងធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជា ចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹក នាំ គ្រប់គ្រងបណ្តាមន្ទីរ ស្ថាប័ននិងអង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការ ពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងប្រជាជន ដោយខេត្តសៀមរាបជាតំបន់គោលដៅ ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប