ពិធីប្រកាសតែងតាំងអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់


ខេត្តសៀមរាប ៖ លោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈអភិបាលស្រុកក្រឡាញ់ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​តំណែង​ជា​អភិបាលស្រុកក្រឡាញ់ ជំនួស​លោក ជឿន ជាន ​ដែល​ត្រូវបាន​ចូលនិវត្តន៍  ​ត្រូវបាន​ប្រកាស​តែងតាំង​កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលាស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រីអភិបាលស្រុកស្តីទីរួចមក លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្សស្តីទី នៃរដ្ឋបាលសាលាខេត្តសៀមរាប បានអាននូវអនុក្រឹត្យលេខ ៧៣៣អនក្រ.តត ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៧  បានប្រកាសតែងតាំងលោកស្រី ម៉ននី រងី្ស អតីតអភិបាលរងស្រុកក្រឡាញ់ ដែលមានឋានន្តរស័ក្តវរមន្ត្រីថ្នាក់លេខ ៣ ចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ។

បន្ទាប់ពីគណៈអធិបតីប្រគល់​អនុក្រឹត្យ​ និង ​ត្រា​រួចមក​ លោកស្រី ម៉ននី រងី្ស ​ ក៏បាន​ធ្វើការ​ប្តេជ្ញា​ចិត្តរួចមក

មានមតិនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកក្រឡាញ់ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល  ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព  ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានគូសបញ្ជាក់ថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុកត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត  ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធា រណៈជូនដល់ប្រជាពលរដ្ឋ ។  ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំង សមត្ថកិច្ច ដោយក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និង ចរាចរណ៍  សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេង ទំនើង និង បទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាកង្វះមន្ត្រីជំនួយការនៅថ្នាក់ឃុំ​ សង្កាត់ ដែលត្រូវបានក្រសួងមហាផ្ទៃធ្វើការណែនាំកន្លង និង យកចិត្តទុកដាក់ចំពោះបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈក្នុងការធ្វើចរាចរណ៍ ទៅមក ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និង បរិស្ថានផងដែរ ។ ដើម្បីបញ្ជាក់ជា​សក្ខីភាព​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង គណៈអភិបាលខេត្ត ដែល​បានផ្តល់​នូវ​ជំនឿ​ទុកចិត្ត ចំពោះលោកស្រីអភិបាលស្រុកតែងតាំងថ្មី ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូនតម្រូវការរបស់ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ។  ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល និង ​គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំរបស់​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាលខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ​ជួរ​គណៈ​អភិបាល ក្រុម​ប្រឹក្សា និង​ មន្ត្រី​ក្រោមឱវាទ​ រដ្ឋបាលសាលាស្រុក ​ដោយ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​គ្រឹះទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ​ គឺ ឆន្ទៈ​​​ ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង ​វប្បធម៌​សេវាសាធារណៈ ក្នុងការចូលរួម​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ខេត្ត ក្រុង​សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជាវិស័យ​ឯកជន ដើម្បី​វឌ្ឍនៈភាព និង​ ការអភិវឌ្ឍន៍​ស្រុករបស់ខ្លួន ឲ្យ​កាន់តែ​មានសោភណ្ឌស្រស់បម្រោង និង រីកចម្រើន​ថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2144 2145 2146 2147 2148 2149 2150 2151 2152 2153 2154 2155 2156 2157 2158 2159