កិច្ចប្រជុំសាមញ្ញលើកទី៤០របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ទៀ ទីហា  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៤០នេះ ដែលមានចំនួន០៤ចំណុច ។  ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក  សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក  ដោយក្នុងនោះអង្គប្រជុំក៏បានធ្វើការកែសម្រួល នូវពាក្យពេជ្រ ខ្លឹមសារលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៩ ព្រមទាំងបានផ្តោតយ៉ាងសំខាន់ទៅលើ លទ្ធផលនៃរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ក្នុង ការឆ្លើយតបឲ្យបានទាន់ពេលវេលា នូវគ្រប់សំណូមពរ និង បញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្ត លើកឡើងកន្លង ព្រមទាំងបញ្ហាផ្សេងៗផងដែរ ។

មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។     ក្នុងនោះឯកឧត្តមបណ្ឌិតប្រធាន បានធ្វើការកោតសរសើរ អំពីស្នា ដៃរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ធានាបានសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ ជាតិ អន្តរជាតិ ដែលចូលមកធ្វើទស្សនៈកិច្ច និង ធ្វើទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។ ឯកឧត្តមបណ្ឌិត ក៏សុំឲ្យកងម្លាំងប្រដាប់អាវុធ ក៏ដូចអាជ្ញាធរក្រុង ស្រុក បន្តប្រពៃណីការងារនេះបន្ថែមទៀត ដោយខេត្តសៀមរាប គឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត ។  ឯកឧត្តមបណ្ឌិត  នូ ផល្លា ក៏បានសូមឲ្យគ្រប់បណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវធ្វើការពង្រឹងនូវការងាររដ្ឋបាលរបស់មន្ត្រី ឲ្យមានភាពរលូន ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាត់របស់ប្រជាពលរដ្ឋ ដែលពួកគាត់លើកឡើងនៅតាមវេទិកាសាធារណៈ ។  កត្តាសំខាន់នោះគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក​ត្រូវធ្វើការកំណត់នូវកម្មវិធីរបស់គណៈអភិបាល ក្រុមប្រឹក្សា មន្ត្រី រាជការ រួមទាំងកម្មវិធីការងារ និង គោរពឲ្យបានពេលវេលាម៉ោងធ្វើការងារឲ្យបានសុក្រិត ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៤០នេះ  ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្តទៀតផង ។  ក្នុងនោះដែរក៏មានធ្វើការប្រជុំជាសម្ងាត់ ដើមី្បអនុម័តលើសំណើសុំតែងតាំង ប្រគល់ ភារកិច្ច និង បញ្ចប់មុខតំណែងមន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាពក្នុងខេត្ត ផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

191 193 194 195 196 912