ខេត្តសៀមរាប ៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ ក្នុងវេនទី៩ ត្រូវនឹងថ្ងៃ៩ រោចខែភទ្របទ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៩ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តអង្គរខាងត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសទៅដល់ដួងវិញ្ញាណក្ខ័ន្តកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ ។ ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។
ក្នុងនោះក៏បាននាំយកនូវទ័យ្យទានវត្ថុប្រគេនដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តអង្គរខាងត្បូង រួមមាន៖ អង្ករ ២៥០ គក្រ មី ២០ កេស ទឹកក្រូច ១០ កេស ទឹកសុទ្ធ ១០ កេស ទឹកស៊ីអ៊ីវ ៥ យួរ ត្រីខ ៥ យួរ ស្ករស ១០ គក្រ និង ទឹកដោះគោ ១ កេស តែ ៣ កញ្ចប់ធំ បច្ច័យសម្រាប់វត្តចំនួន ២ លានរៀល និងយាយជី តាជី ៥០ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប