អភិបាលខេត្តសៀមរាបអញ្ជើញកាន់បិណ្ឌវេនទី៨


ខេត្តសៀមរាប ៖ នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​៨ ត្រូវនឹងថ្ងៃ៨ រោច​ខែ​ភ​ទ្របទ​ឆ្នាំវក  អដ្ឋិស័ក ពុទ្ធសករាជ ២៥៦០ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ ២០១៦ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវព្រមទាំងអស់​លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុង​ពិធីកាន់បិណ្ឌវេនទី៨ ជាមួយបងប្អូនពុទ្ធបរិស័ទនៅវត្តកេសរារាម និងវត្តព្រះព្រហ្មរតន៍  សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។ ពិធីបុណ្យកាន់បិណ្ឌ​ត្រូវ​​បាន​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​រៀបចំ​រយៈពេល១៥ថ្ងៃ ដោយ​ចាប់គិត​ពី​ថ្ងៃទី ០១ រោច​ដល់​ថ្ងៃ ១៥រោច ខែភទ្របទ​ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ ។តាមការបញ្ជាក់របស់​តាអាចារ្យបានឲ្យដឹងថា ក្នុង​ជំនឿ​កាន់​បិណ្ឌ​នេះត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី​២១​នេះ​។

បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យទៅ តាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និងលោកជំទាវ ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរ​ប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ  ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់​ចាំព្រះវស្សា ក្នុងទីវត្តកេសរារាម និង វត្តព្រះឥន្ធកោសីយ៍នេះ ដោយមួយៗវត្ត រួមមាន អង្ករ ២៥០គក្រ មី ០៥កេស ទឹកក្រូច ១០កេស ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ ទឹកសុទ្ធ ១០​កេស  ត្រីខ០៥យួរ ស្ករស ១០គក្រ និង ទឹកដោះគោ ០១កេស បច្ច័យចំនួន ២លានរៀល ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង  ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយ​នោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យ​បាន​ទៅកាន់​សុគតិភពថ្មី ហើយ​ងាកក្រោយ​មកជួយ​បី​បាច់​ថែរក្សាកូនចៅ​ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ​ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។  ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុង​បញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា   ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការ​ជ្រើសរើសតំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។

បន្តមកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង​បង​ប្អូន​ញាតិ​មិត្ត​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត ​ចំពោះ​មាតា​បិតា​ជី​ដូន​ជីតា​ និង​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ​ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុង​បុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃដែលជាស្រែបុណ្យក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​នេះ ​ ​សូម​ឲ្យ​អំណាច​នៃ​អានិសង្ឃ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត និង លោកជំទាវបានជូនទេយ្យទាន​ដល់ សីលវ័ន្ត សីលវន្តី ម្នាក់ៗក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

41 32 37 38 39 40 34 33 36 35 30 31