ខេត្តសៀមរាប ៖ សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៦.២០១៧ ទទួលបាន លទ្ធផលនិទ្ទេស A ចំនួន ៤៧នាក់ ស្រី២២នាក់ នៅមណ្ឌលសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ១គ្រឿង និង សាំង៥០លីត្រ ថវិកា ១០ម៉ឺនរៀល ប័ណ្ណចូកញ៉ាំអាហារនៅភោជនីយដ្ឋានជប៉ុន ១សន្លឹក មួកសុវត្ថិ ភាព១ ស្លាកលេខម៉ូត និង លិខិតសរសើរ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប ត្រូវបានធ្វើការប្រគល់ជូនកាលពីចុងសប្តាហ៍ថ្ងៃអាទិត្យទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ក្រោយពីក្រសួងអប់រំយុវជននិងកីឡាធ្វើកំណែទម្រង់លើវិស័យអប់រំ មក ការប្រឡងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា វិស័យអប់រំមានភាពប្រែប្រួល ។ លោកបានបន្តទៀតថា ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១១មណ្ឌលស្នើរនិង២៨៦បន្ទប់ក្នុងនោះចែកចេញជា២ ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និង វិទ្យសាស្ត្រសង្គម បេក្ខជនមកដាក់ពាក្សប្រលងមានចំនួន ៧ពាន់១១៣នាក់ ស្រី ៣ពាន់៩៦៤នាក់ និងបេក្ខជនមកប្រលងមានចំនួន ៧ពាន់២៦ នាក់ ស្រី ៣ពាន់៩១៥ នាក់ ។ លទ្ធផលទទួលបានសម្រាប់មណ្ឌលខេត្តសៀមរាបរួមមាន បេក្ខជនប្រលងជាប់មានចំនួន៥ពាន់ ១២២ នាក់ ស្រី ២ពាន់៨៨០នាក់ ស្មើនិង ៧២,៩២% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA មានចំនួន ៤៧ នាក់ ស្រី ២២នាក់,-និទ្ទេសB មានចំនួន១៨២នាក់ ស្រី១០១ នាក់,-និទ្ទេសC មានចំនួន៣៥៥ នាក់ ស្រី ១៩២ នាក់,-និទ្ទេសD មានចំនួន ៧៤១នាក់ ស្រី ៤៣៧នាក់ និង និទ្ទេសE មានចំនួន៣៧៩៧ នាក់ ស្រី ២១២៨ នាក់ ។
មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្ស និង អាណាព្យាបាលសិស្សទាំង៤៧នាក់នោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការអបអរសាទរផងដែរ អំពីលទ្ធផលនៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៦.២០១៧ ដែលសិស្សានុសិស្សខេត្តសៀមរាប បានជាប់និទ្ទេសA ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ។ សម្តេចក៏បានកោតសរសើរផងដែរ ពីទឹកចិត្តខិតខំសិក្សារបស់ក្មួយៗ និង ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង ការអប់រំប្រៀនប្រដៅរបស់មាតាបិតា អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការ ក្នុងអប់រំបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលសង្គមជាតិយើងកំពុងត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ។ សម្តេចពិជ័យសេនាក៏បានធ្វើការក្រើនរំលឹកដល់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA ទាំងអស់ នេះជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ហើយការទទួលបានលទ្ធផលល្អក៏ពិតមែន តែក្មួយៗត្រូវបន្តខិតខំសិក្សារៀនសូត្រ បន្តទៀតនៅថ្នាក់ឧត្តមសិក្សា ពីព្រោះថា ក្មួយៗគឺជាគ្រាប់ពូជដ៏មានតម្លៃ ក្នុងការបំពេញនូវតម្រូវការរបស់សង្គមជាតិ ។ ម៉្យាងទៀតក្មួយៗជាយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ក៏ត្រូវចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់មិត្តយុវជនរបស់ខ្លួន ។ សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦.២០១៧នេះ ក៏ជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និង ក្រសួងអប់រំយុវជន និងកីឡា លើវិស័យអប់រំសិក្សា ក្នុងពង្រឹងគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាពខ្ពស់ ។ ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យ ដល់លោកគ្រូ អ្នកគ្រូ លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានាគុណភាពអប់រំ តាមសាលារៀន ចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលមានកន្លងមកចំពោះសិស្ស សំដៅឲ្យមានភាពរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសនានា នៅលើពិភពលោក ។ សម្តេចពិជ័យសេនាក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និង ចាប់យកការសិក្សាជាកត្តាចំបង ដែលចម្លងនូវវាសនា និង ក្រុមគ្រួសាររបស់ខ្លួន បានទៅដល់ត្រើយសុភមង្គល ព្រមទាំងចូលរួមគ្រប់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវ ពាក់មួកសុវត្ថិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងនោះសម្តេចពិជ័យសេនាក៏បានសូមឲ្យក្មួយៗទាំងអស់ ត្រូវត្រៀមលក្ខណៈ ក្នុងចូលរួមពិធីសំណេះសំណាលជាមួយ សម្តេចនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃខាងមុខនេះផងដែរ ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានធ្ចើការបំពាក់នូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចស្នូល ក្នុងនោះមាន ថ្នាក់មហាសេនា ចំនួន០៣រូប, ថ្នាក់ធិបឌិន្ទ ០៣រូប និង ថ្នាក់សេនា ០១រូបផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប