ខេត្តសៀមរាប ៖ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលសាងសង់លើទីតាំងថ្មី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានកាត់ខ្សែបូរបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងសប្តាហ៍ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម កែវ ធី អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ មាស សន ជា ម៉ន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ ។
តាមរបាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងអំពីការចំណាយសម្រាប់ការកសាងអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រីនេះ បានសាងសង់អស់ថវិកាសរុប ២ម៉ឺន៦ពាន់ដុល្លារអាមេរិក។ លោកបានបញ្ជាក់ថា ដើមី្បឆ្លើយតបនឹងតម្រូវការចាំបាច់របស់អនុសាខាស្រុកបន្ទាយស្រី ក្នុងស្មារតីមនុស្សធម៌ចូលរួមក្នុងការសាងសង់អការទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក បន្ទាយស្រីនេះដែរ ក៏មានឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសប្បុរសជនក្នុងស្រុក និង ក្នុងខេត្ត បានឧបត្ថម្ភជាថវិកាសម្រាប់ចាក់ដីបំពេញទីធ្លា និង ទិញសម្ភារៈការិយាល័យ សម្រាប់បំពាក់ ក្នុងអគារអនុសាខានេះជាច្រើនផងដែរ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍បញ្ជាក់ថា ការបើកសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រីនាពេលនេះ គឺជាអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទី៤ របស់ សាខាកាកបាទក្រហមខេត្ត អាណត្តិទី៤នេះ ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថា អាគារអនុសាខាចំនួន៥ទៀត បានកំពុងសាងសង់ជាបន្តបន្ទាប់ ហើយនឹងត្រូវត្រៀមធ្វើការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងកិច្ចធ្វើប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និង ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និង និន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទជាសាកល របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានលើកផងដែរថា កាកបាទក្រហមកម្ពុជា ជាស្ថាបន័មនុស្សធម៌ធំជាងគេក្នុងប្រទេស ដែលធ្វើប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក របស់ប្រជាជនរង គ្រោះ និង ងាយរងគ្រោះ ស្របតាមប្រធានបទជាសកល របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ សង្រ្គោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត ។ ដើម្បីចូលរួមការអនុវត្តយុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះបានកំណត់ទស្សនវិស័យ ( រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និង ការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ) ឲ្យបានសម្រេចនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាម វិស័យស្នូលទាំង៤ – ការគ្រប់គ្រងគ្រោះមហន្តរាយ – សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ – លើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនា – ការអភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍធនធាន។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការរំលឹក និងផ្ដល់ជាអនុសាសន៍មួយចំនួនដល់លោក លោកស្រី ក្នុងជួរគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុក បន្ទាយស្រី សូមយកចិត្តទុកដាក់ប្រើប្រាស់ និងថែរក្សាអគារទីស្នាក់ការអនុសាខា នេះឲ្យបានល្អ ដើមី្បជាប្រយោជន៍ដល់សង្គមជាតិ ក្នុងវិស័យ មនុស្សធម៌ ព្រមទាំងបន្តបំពេញនូវតួនាទីគណៈអភិបាល ដឹកនាំក្រុមកាកបាទក្រហមឃុំ អ្នកស្ម័ត្រចិត្ត យុវជនកាក បាទក្រហមកម្ពុជា ឲ្យបំពេញការងារមនុស្សធម៌បានល្អ ស្រប តាមគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាក បាទក្រហម អឌ្ឍចន្ទក្រហម និងគោលការណែនាំរបស់កាក បាទក្រហមកម្ពុជា ដើមី្បរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ និង ធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅ របស់ជន ងាយរងគ្រោះ សំខាន់ស្ត្រី ចាស់ជរា កុមារកំព្រា និង ជនពិការ ដែលទាក់ទងនឹងគ្រោះមហន្តរាយ ក៏ដូចជាចូលរួមអប់រំអនាម័យសុខភាពសហគមន៍ សំខាន់ស្ត្រី និងកុមារ ព្រមទាំងយកចិត្តទុកដាក់ការពង្រីកសមាជិកភាពកាកបាទក្រហមប្រចាំឆ្នាំ និងការរកមូលនិធិ ក្នុងនោះការដាក់ហិបសប្បុរសធម៌ សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អនុសាខាស្រុកផងដែរ ។ ឯកឧត្តមបណ្ឌិក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមផងដែរថា សមទ្ធិផលជាអគារអនុសាខាកាក បាទក្រហមកម្ពុជាស្រុកបន្ទាយស្រី ដែលកំពុងតែបើកសម្ពោធនាពេលនេះ គឺ បានមកពីការឧបត្ថម្ភជាថវិការបស់ ឯកឧត្តមបណ្ឌិត នឹង លោកជំទាវផ្ទាល់ គឺដើម្បីចូលរួមចំណែកបន្ថែមទៀត លើបុព្វហេតុមនុស្សធម៌ដ៍ឧត្តុងឧត្តមក្នុងអាណត្តិទី៤នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផងដែរ។
ក្នុងនោះផងដែរ សប្បុរសជនដែលអញ្ញើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអនុសាខាកាក បាទក្រហមកម្ពុជា ស្រុកបន្ទាយស្រីនេះ បានចូលរួមថវិកា សរុបប្រមាណ ៤ពាន់២២០ដុល្លា និង ៩០ម៉ឺនរៀល ត្រូវបានប្រគល់ជូនអនុសាខាស្រុកបន្ទាយស្រី ដើម្បីចាត់ចែង និង ទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ ខ្លួន។
សម្រាប់សមាជិក សជិកា នៃអង្គពិធី ក្រុមយុវជនកាកបាទក្រហមកម្ពុជា និង សិស្សានុសិស្ស ម្នាក់ៗសៀវភៅ ២ក្បាល ប៊ិច១ និងប្រាក់១ម៉ឺនរៀល តាជីយាយជី ម្នាក់ៗ ក្រណាត់ស ១ដុំ ប្រាក់២ម៉ឺនរៀល ប្រជាពលរដ្ឋ ម្នាក់ៗ សារុង ១ ប្រាក់ ១ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប