ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ ព្រឹកថ្ងៃអាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ប្រជាជនខេត្តសៀមរាប មានធ្វើកិច្ចប្រជុំ ក្នុងទិសដៅឆ្ពោះទៅកាន់ការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជា ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយ មានការចូលរួមពីឯកឧត្តម អស់លោកជាប្រធានក្រុមការងារ និង ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្ស ក្រុង ស្រុកផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង ពីគោលការណ៍មួយចំនួន ដែល គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានដាក់ចុះ ក្នុងគោលដៅឆ្ពោះទៅកាន់ភាពជោគជ័យ នៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូល នៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសន្តិភាពពេញលេញ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយប្រជាជនកម្ពុជា ធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន និង បានពុះពារជំនះគ្រប់ឧបសគ្គលើកំណាត់ផ្លូវដ៏វែងឆ្ងាយ ហើយទាំងនេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលពុំអាចមានជនណា ឬមជ្ឈដ្ឋានណាមកបំភ្លៃបានឡើយ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរ អំពីចំណុចអវិជ្ជមាន និង វិជ្ជមានមួយចំនួន ដែលនៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក បានអនុវត្តកន្លងមក ដែលបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ និង ស្តាប់នូវការញូសញុងពីក្រុម ជនអកិតិមួយចំនួន ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញឡើងពីការបោះឆ្នោត ។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និង គណបក្សក្រុង ស្រុកទាំងអស់ គឺត្រូវពង្រឹង និង ជម្រុញការ ព្រមទាំងក្តាប់ឲ្យបាន ការធ្វើបញ្ជីបច្ចុប្បន្នភាពលើបញ្ជីសៀវភៅគ្រួសារបក្ស និង ធ្វើការជម្រុញដល់សមាជិកបក្សទាំងអស់ ដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ក្រុមការងារ និង ក្រុង ស្រុកទាំងអស់ ត្រូវបង្កើននូវកិច្ចសហការគ្នាឲ្យបានល្អ ក្នុងការគ្រប់គ្រង និងក្តាប់ឲ្យបានពីសមាជិករបស់ខ្លួន ព្រមទាំងផ្តល់នូវជំនឿទុកចិត្តដល់ប្រជាជន ដែលជាកត្តាស្នូលដ៏សំខាន់របស់គណបក្សប្រជាជន ។ ម៉្យាងទៀតគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុង គឺ ត្រូវធ្វើការចាត់តាំងរៀបចំកម្លាំងរបស់ខ្លួន ដាក់ទៅឲ្យចំគោលដៅ និង ទៅតាមតម្រូវការដែលប្រជាជនទៀតផង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏សូមឲ្យ ក្រុមការងារទាំងអស់ និង អាជ្ញាធរក្រុង ស្រុក រួមទាំងក្រុមការងារថ្នាក់ ជាតិ គឺត្រូវបន្តប្រពៃណី វប្បធម៌របស់គណ បក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រីយ៍ភាពជាយូលុងមកហើយនោះ គឺឲ្យស្ថិតនៅជាប់ជាមួយប្រជាជន គ្រប់ កាលៈទេសៈ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិក ខ្លួន ដែលជួបនូវការលំបាកក្នុងជីវភាព គ្រួសារ ហើយកត្តាសំខាន់នោះគឺជម្រុញដល់យុវជននៅតាមមូលដ្ឋាន ឲ្យ បានទៅចុះឈ្មោះបោះឆ្នោតថ្មីប្រចាំឆ្នាំ២០១៧ នៅតាមសាលាឃុំ សង្កាត់ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប