ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប មានបើកអង្គសិក្ខាសាលា ស្តីពីការបញ្ជ្រាបយេនឌ័រ ជារបៀបវារៈទៀងទាត់នៃការអភិវឌ្ឍន៍ ក្នុងគម្រោមវិនិយោគលើការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាពរបស់លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការមកពីក្រសួងបរិស្ថាន , កសិកម្ម , សុខាភិបាល ,ធនធានទឹក ឧតុនិយម , សាធារណការ , អភិវឌ្ឍន៍ជនបទ និង អាជ្ញាធរខេត្តសៀមរាប អង្គការដៃគូរ រួមទាំងអស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរកិច្ចការនារី មកខេត្តកំពត , បាត់ដំបង , សៀមរាប ,កំពង់ធំ និង ខេត្តព្រៃវែង ជាសិក្ខាកាម សរុប ១០១នាក់ ដែលបានចូលរួម ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ចំណាប់ អារម្មណ៍របស់លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាប្រធានគណៈកម្មាធិការ យេនឌ័រ និង ការប្រែប្រួលអាកាសធាតុ និង ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ពីគោល បំណងនៃអង្គសិក្ខាសាលារួចមក មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ គឺជាការគាំទ្រ និង ដោះស្រាយបញ្ហាវិសមភាពយេនឌ័រ ដើមី្ប ជាគម្រោងឆ្លើយតប និង ការបញ្ជ្រាបយេនឌ័រ ចូលទៅក្នុងគម្រោងវិនិយោគ និង ការប្រែប្រួលអាកាសធាតុ ក៏ដូចជា គម្រោងឆ្លើយតបទៅនឹងភាពធន់នៃការប្រែប្រួលអាកាសធាតុនៅក្នុង កញ្ចប់(គ) (២០១៦-២០១៩) ។ លោកជំទាវ វេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រសួងបានលើកនូវផែនការ សកម្មភាពរបស់ក្រសួង ដើមី្បជាឧបករណ៍ដ៏សំខាន់ សម្រាប់ ការសម្របសម្រួលក្នុងការបញ្ជ្រាបយេនឌ័រ ដើមី្បសិទ្ធិ និង ឋានៈ តួនាទីរបស់ស្ត្រីនៅក្នុងសង្គម និង បានដាក់បញ្ចូល បន្ថែមវិស័យជាអទិភាព សរសរស្តម្ភទី៦ ក្នុងផែនការនារីរតនៈទី៤ ដោយផ្តោតលើការងារឆ្លើយតប និង ការបន្ស៊ាំ ការ ប្រែប្រួលអាកាសធាតុ បញ្ហាអនុវិស័យនៃតំបន់ទន្លេមេគង្គ និង ទន្លេសាប និង ការងារអភិវឌ្ឍន៍បៃតង ។ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានលើកពីគោលបំណងថ្ងៃនេះ គឺដើមី្បកសាងសមត្ថភាព ស្តីពីយេនឌ័រ និង ការប្រែ ប្រួលអាកាសធាតុ ក្នុងការលើកម្ពស់ ការយល់ដឹងរបស់ស្ថាប័ន និងសហគមន៍ អំពីទិន្នន័យ ព័ត៌មានបែងចែកតាម ភេទដើមគ្រា និង សូចនាករយេនឌ័រ ព្រមទាំងវិធីសាស្ត្រ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន នៃវិស័យពាក់ព័ន្ធ និង យន្ត ការ សម្របសម្រួលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និង សេចក្តីព្រាងផែនការមេ ស្តីពីការបញ្ជា្របយេនឌ័រ និង ការប្រែ ប្រួលអាកាសជាតុ ព្រមទាំងធ្វើសុពលភាពលើផែនការអាទិភាពទាំង៣ របស់ផែនការមេ ស្តីពីការបញ្ជ្រាបយេនឌ័រ និង ប្រែប្រួលអាកាសធាតុ ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសសាកល្បងចំនួន៤ ក្នុងខេត្តដែលបានជ្រើសរើស ។ ក្នុងនោះដែរលោកជំទាវវេជ្ជបណ្ឌិត ក៏បានលើកឡើងអំពផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ នៅលើ ពិភពលោក ក៏ដូចនៅក្នុងតំបន់ផងដែរ ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវតែមានការស្វែងយល់ អំពីការបម្រែបម្រួល អាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យបង្កបង្កើនរបស់ប្រជាកសិករ ។ លោកជំទាវក៏បានលើកឡើងផងដែរថា ហេតុអ្វីបានជាស្ត្រីចូលទៅក្នុងការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យពួកគាត់ធ្វើចំណាកស្រុក នៅក្នុង និង ក្រៅប្រទេស ដើមី្បស្វែងរកការងារធ្វើ ។ ម៉្យាងទៀតការធ្វើចំណាកស្រុកនេះ ធ្វើឲ្យមានផលប៉ះពាល់ចំពោះបុរសៗ មានច្រើនជាង ស្ត្រី ។ ដូច្នេះហើយបន្ទុកទាំងឡាយក៏ត្រូវធ្លាក់លើស្ត្រី ជាអ្នកធានារ៉ាប់រង ទ្រទ្រង់ជីវភាពនៅក្នុងក្រុមគ្រួសារ ។ ដោយ កត្តាទាំងនេះហើយ គឺតម្រូវឲ្យស្ត្រីយើងទទួលបាននូវព័ត៌មានឲ្យបានគ្រប់គ្រាន់ ដើមី្បចូលរួមក្នុងការបន្ស៊ាំទៅនិងការ ប្រែប្រួលអាកាសធាតុនេះ ទើបក្រសួងបានបញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ក្រសួង គឺ ស្ត្រីត្រូវតែចូលរួម ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពរបស់ខ្លួន ទៅលើការប្រែប្រួលអាកាសធាតុ ។ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ក៏មានការសង្ឃឹមជឿជាក់ផងដែរថា អង្គសិក្ខាសាលានេះ នឹងផ្តល់នូវចំណេះដឹងដល់ សិក្ខកាមទាំងអស់ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងទទួលបាននូវបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងមូលដ្ឋានខ្លួនផងដែរ ៕អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប