ពិធីគោរពវិញ្ញាណក្ខ័ន្តបិតាស្ថាបត្យកម្មខ្មែរ ឯកឧត្តមព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូព្រះបរមរាជវាំង ដឹកនាំដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គោរពវិញ្ញាណក្ខ័ន្ធ រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព បិតាស្ថាបត្យកម្មខ្មែរ ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ឆ្នើមល្បីល្បាញបំផុតរបស់កម្ពុជា ដែលបានអនិច្ចកម្មកាលពីវេលាម៉ោង ៩និង ៤៥ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ ហើយសពត្រូវបានតំកល់ទុកធ្វើទក្ខិណាទាន ទៅតាមប្រពៃណីសាសនានៅគេហដ្ឋាននៃសព ភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។  ក្នុងនោះដែរសម្ដេចចៅហ្វាវាំង ក៏បាន ធ្វើការបំពាក់នូវគ្រឿងឥស្សរិយយសបច្ចាមរណៈ បំពាក់ជូនសពឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ព្រមទាំងនាំនូវព្រះរាជសារលិខិតរំលែកមរណៈទុក្ខ នៃក្រុមគ្រួសារសព របស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជសារលិខិតរំលែកមរណៈទុក្ខ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រួមទាំងព្រះរាជទ្រព្យផងដែរ ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះសម្ដេចចៅហ្វាវាំង គង់ សំអុល បានធ្វើការចូលរួមសម្តែង និង ចូលរួមរំលែកទុក្ខក្រៀមក្រំក្នុងចិត្ត ​ដោយឥតឧបមា ក្នុងការបាត់បង់ស្វាមី បីតា ជីតា ដ៏ឧត្តុង្គឧត្តមនៃគ្រួសារ ដែប្រកបដោយ ព្រហ្មវិហារធម៌ និង ជាទីស្រឡាញ់របស់គ្រួសារនៃសព  ក៏ដូចជាការបាត់បង់បិតាស្ថាបត្យកម្មខ្មែរ ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប នាសម័យសង្គមព្រះរាជានិយម ដែលមានស្នាដៃក្នុងការបម្រើជាតិមាតុភូមិកម្ពុជា និង បានរួមចំណែក យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ  ព្រមទាំងបានលះបង់ កម្លាំងកាយចិត្ត ពេលវេលានៅគ្រប់កាលៈទេសៈ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ  ។  ឯកឧត្តមព្រឹទ្ធាចារ្យ គឺ ជាស្ថាបត្យកម្មនៃកុលបុត្រខ្មែរដ៏ឆ្នើម ដែលបានបន្សល់ទុកនូវស្នាដៃសមទ្ធិផលជាច្រើន សម្រាប់ជាកេរ្តិ៍មរតកកូនចៅ ជំនាន់ក្រោយ ។ សម្ដេចចៅហ្វាវាំងបញ្ជាក់ថា ទោះបីនៅពេលនេះរូបកាយវិញ្ញាណរបស់ឯកឧត្តមព្រឹទ្ធាចារ្យ បានរលត់ចាកឆ្ងាយពីលោកនេះ ទៅកាន់ទីភពថ្មីដ៏សែនឆ្ងាយ ដែលគ្មានថៃ្ងវិលត្រឡប់មកវិញជារៀងរហូត ។  ក៏ប៉ុន្តែ ចំពោះកិត្តិសព្ទ័ កេរ្តិ៍ឈ្មោះរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ក៏បានដកជាប់នូវក្នុងក្រអៅបេះដូងរបស់កូនចៅ ថ្នាក់ដឹកនាំ  ញាតិមិត្តរួមការងារ ដែលធ្វើឲ្យគ្មានថ្ងៃបំភ្លេចបានឡើយ ។ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានធ្វើការបួងសួង សុមឲ្យដួងវិញ្ញាណក្ខ័ន្តរបស់ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ  បានទៅកាន់សុខគតិភពថ្មីកុំបីឃ្លាងឃ្លាតឡើយ ។

ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្តនោះដែរក៏មានក្រុមប្រតិភូខេត្ត ដឹកនាំដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត មន្ត្រី ថ្នាក់ដឹកនាំមន្ទីរ គោរពវិញ្ញាណក្ខ័ន្ធ រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពនៃបិតាស្ថាបត្យកម្មខ្មែរ ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ឆ្នើមល្បីល្បាញបំផុតរបស់កម្ពុជា ជាកិច្ច ចុងក្រោយ ។

ក្នុងនោះដែរក៏មានវត្តមានប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមនឹងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព បិតាស្ថាបត្យកម្មខ្មែរ ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ឆ្នើមល្បីល្បាញបំផុតរបស់កម្ពុជា ព្រមទាំងបាននាំ នូវសារលិខិតរំលែកទុក្ខនៃក្រុមគ្រួសារសព និង បច្ច័យមួយចំនួន របស់កាកបាទក្រហមកម្ពុជាផងដែរ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2666 2667 2668 2669 2670 2671 2672 2673 2674 2675 2676 2677 2678 2679 2680 2681