ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលាក្រុងសៀមរាប បានប្រារព្វធ្វើពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និង ប្រគល់ភារកិច្ចដល់មន្ត្រីរាជការ សាលាក្រុងសៀមរាប ចំនួន ០៤រូប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានធ្វើការផ្ទេរភារកិច្ចអភិបាលរងក្រុងសៀមរាប ចំនួន២រូប ដែលត្រូវបានបញ្ចប់អាណត្តិជាអភិបាលរងក្រុង និង ប្រកាសតែងតាំង និង ប្រគល់ភារកិច្ចដល់ មន្ត្រី ចំនួន ២រូបជាអភិបាលរងក្រុង ជំនួសលោកស្រី កុយ វិសាល និង លោក អឿន ពៅ ត្រូវបានបញ្ចប់អាណត្តិរបស់ ខ្លួន ឲ្យទៅបម្រើការងារ នៅសាលាខេត្តសៀមរាប ។
បន្ទាប់ពីគណៈអធិបតីប្រគល់សេចក្តីប្រកាស និង ការធ្វើប្តេជ្ញាចិត្តរួចមក មានមតិនោះលោក ពៅ ពិសិដ្ឋ វាយតម្លៃខ្ពស់ដោយបានគូសបញ្ជាក់ថា សមទ្ធិផលដែលក្រុងសៀមរាប សម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ លោកក៏បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ លោក ពៅ ពិសិដ្ឋ ក៏បានបន្តទៀតថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលក្រុង ស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយ ប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលក្រុងឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធា រណៈជូនដល់ប្រជាពលរដ្ឋ ។ លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ចៅសង្កាត់ និង កម្លាំងសមត្ថកិច្ច ដោយក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេង ទំនើង និង បទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាបនៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និង បរិស្ថាន ដោយក្រុង សៀមរាប ជាបេះដូងនៃវិស័យទេសចរណ៍ ដែលជាគោលដៅភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនា កម្សាន្ត ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់លោក លោកស្រីមន្ត្រីដែលទើបទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង គោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទរដ្ឋបាលសាលាក្រុង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធា រណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និងការអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រនេះ ឲ្យកាន់តែមានសោភណ្ឌស្រស់បម្រោង និង រីកចម្រើន ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប