សិក្ខាសាលា កិច្ចសហការដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម


ខេត្តសៀមរាប ៖ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧នេះ មានបើកអង្គសិក្ខាសាលា ស្តីពីកិច្ចសហការ ដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម ក្តោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃ គណៈអភិបាលខេត្ត អង្គការដៃគូរ និង ថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធ និង សមត្ថកិច្ចជំនាញ អាជ្ញាធរក្រុង ស្រុក ឃុំផងដែរ ។

អង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហការរវាងស្ថាប័ន និង ដៃគូពាក់ព័ន្ធ ដើមី្បឆ្លើយ តបនិងបញ្ហាជួញដូរពលកម្ម និង ការជម្រុញ ពង្រឹងការអនុវត្តច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើ អាជីវកម្មផ្លូវភេទ និង បង្កើនការងារឆ្លើយតបចំពោះអំពើជួញដូរពលកម្ម  ព្រមទាំងការលើកកម្ពស់ការបង្កើនសមត្ថភាព ការគាំទ្រសម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការបញ្ជូនករណី និង សេវាថែទាំជនរងគ្រោះជាដើម ។

បន្ទាប់ពីការធ្វើចំណាប់អារម្មណ៍របស់លោក ភីធ័រ វីល្លៀម តំណាងអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ និង លោក អាដាម សូម៉ាឃឺ ប្រធានការិយាល័យប្រជាធិបតេយ្យ និង អភិបាលកិច្ចទីភ្នាក់ងារសហរដ្ឋអាមេរិក ដើមី្បអភិវឌ្ឍន៍ អន្តរជាតិ រួចមក មានប្រសាសន៍នោះ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប បានគូសបញ្ជាក់ ពី ការងារប្រយុទ្ធអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មផ្លូវភេទ លើស្ត្រី កុមារ និង ជនរងគ្រោះ ដោយបានដាក់ ចេញនូវអនុសាសន៍ជាគន្លឹះសំខាន់ៗ សំដៅពង្រឹង កិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ ព្រមទាំងជម្រុញឲ្យគណៈកម្មា ធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស គ្រប់ថ្នាក់ និង ការខិតខំរួមគ្នាអនុវត្តយ៉ាងសកម្ម ក្នុងការសហការជាមួយ បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរ សមត្ថកិច្ច អង្គការមិនមែនរដ្ឋាភិបាលជាដៃគូជាតិ អន្តរជាតិ ដើមី្បរួម ចំណែក លុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជាស្ថាពរ ។

មានប្រសាសន៍នោះដែរ លោកជំទាវ ជូ ប៊ុនអេង ក៏បានលើកឡើងពីច្បាប់ដែលពាក់ព័ន្ធ ទៅនឹងការជួញដូរ មនុស្ស ដែលយើងនឹងបានដឹង បានឃើញតាមរយៈក្រុមអ្នកច្បាប់ ។  តើអ្វីទៅអំពើជួញដូរមនុស្ស , ដូចម្តេចហៅថា បទល្មើស ,អ្វីទៅជាជនរងគ្រោះ អ្វីទៅហៅថាជនល្មើស។ នៅកម្ពុជាបានខិតខំអនុវត្តនូវគោលការណ៍បទដ្ឋានអប្បរមា នៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស  ហើយកម្ពុជាជាប្រទេសមួយទទួលរងផលប៉ះពាល់ការជួញដូរ មនុស្ស ដែលជារលកនៃបទល្មើស ពិភពលោកជាសកល ហើយក៏មិនមានតែនៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែវាជា របទនៃសង្គមមួយធ្វើឲ្យមានជាឧក្រិដ្ឋកម្មឆ្លងដែន ហើយឧក្រិដ្ឋកម្មទាំងនេះបានក្លាយជា ទាសភាពសម័យទំនើប  ។  លោកជំទាវបានបន្តទៀតថា នៅក្នុងសម័យថ្មីនេះ គឺបានបង្កើតឲ្យមានទាសភាព ដែលធ្វើឲ្យក្លាយទៅជាទាសករ នៅ​ក្នុងសង្គមជាតិមួយ នៅក្នុងសង្គមពិភពលោក ។  ម៉្យាងទៀតមានមនុស្សមួយចំនួនធំ បានកំពុងទទួលរងការកៀប សង្កត់ កេងប្រវញ្ច័ ក្លាយជាទាសករនៃរបទសម័យថ្មីនេះ ដែលមានទាសករតាមរូបភាព ការជួញដូរផ្លូវភេទ ការជួញដូរ កម្លាំងពលកម្ម ព្រមទាំងការងារជាច្រើនទៀតដែលជាអំពើកេងប្រវ័ញ្ច។ លោកជំទាវ ជូ ប៊ុនអេង ក៏បានគូសបញ្ជាក់ ផងដែរថា បទល្មើសនេះនៅកម្ពុជាបានកើតឡើងតាំងពីឆ្នាំ១៩៩៦ ព្រមទាំងបានទទួលស្គាល់ការជួញដូរមនុស្ស ព្រម ទាំងបានធ្វើការចងក្រច្បាប់ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និង បានធ្វើកាទប់ស្កាត់ បង្រ្កាប និង ធ្វើការ ឃាត់ខ្លួនជនល្មើសមួយចំនួនទៀតផង ។ ដោយអំពើជួញដូរមនុស្សនេះហើយ បានធ្វើឲ្យជនរងគ្រោះមួយចំនួន បាន ក្លាយជាជនពិការផ្លូវចិត្ត រាងកាយ ពិការសមត្ថភាពស្មារតី និង បាត់បង់ជីវិតទៀតផង ។ ជនរងគ្រោះទាំងនោះភាគ ច្រើនជាអ្នកមានកម្លាំងរឹងមាំ ដែលបានចាញ់បោកក្រុមពួកជនឧក្រិដ្ឋយកទៅលក់ ទៅធ្វើពលកម្មនៅក្រៅប្រទេស ទៀតផង ។ ដើមី្បពង្រឹងនូវយន្តការគាំទ្រនេះ លោកជំទាវ ក៏បានលើកនូវអនុសាសន៍ បទពិសោធន៍ល្អៗមួយចំនួន ដើមី្បជាទុន ក្នុងការអនុវត្តការប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្មនៅកម្ពុជា សំខាន់នៅតាមតំបន់មូលដ្ឋានក្នុងខេត្ត សៀមរាប ដែលជាខេត្តទេសចរណ៍មួយ ដែលងាយរងនូវទទួលរងផលប៉ះពាល់នៃអំពើជួញដូរពលកម្ម លើស្ត្រី និង កុមារ ។ លោកជំទាវក៏បានផ្តាំផ្ញើដល់សិក្ខកាមទាំងអស់ ត្រូវខិតខំត្រង់ត្រាប់ស្តាប់នូវការពន្យល់ពីការសម្របសម្រួល និង ផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នា ដើមី្បយកទៅអនុវត្តបន្ត ព្រមទាំងសំណូមពរដល់អង្គការដៃគូទាំងអស់ ជួយគាំទ្រ និង បង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទ​ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

61 62 63 64 65 66 67 68 69 70