មួកសុវត្ថិភាព ១២ពាន់៥០០ ត្រូវចែកទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍


ខេត្តសៀមរាប ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត  និង លោក   គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និង ជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅ២ទីតាំង នៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប គឺនៅរង្វង់មូលព្រះរាជដំណាក់ និង រង្វង់មូលនាគបាញ់ទឹក ដើម្បីរឹតបណ្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក  ដោយមានការចូលរួមពីស្នងការនគរបាលខេត្ត និង នគរបាលចរាចរណ៍ផ្លូវគោកខេត្តផងដែរ ។

យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានី.ខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឲ្យគាត់មួយ ដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព គឺមួកមួយជីវិតមួយ ។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ កម្លាំងសមត្ថកិច្ចយើងបានតម្រូវឲ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និង មានបញ្ជាក់ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាព ម្តងជាពីរ  ដងផងដែរ ។

ជាមួយគ្នានេះដែរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ បានមានប្រសាសន៍ ធ្វើការអប់រំដល់បងប្អូនអ្នកជិះម៉ូតូដែលបានទទួលបង្កាន់ដៃផាកពិន័យនោះ អំពីសុវត្ថិភាពចរាចរណ៍ ដែលបង្កឲ្យមានហានិភ័យមកការមិនពាក់មួកសុវត្ថិភាព ឬ សួរនាំអំពីច្បាប់ចរាចរណ៍ទៀតផង ។ ក្នុងនោះប្រសិនបើពួកគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ ប្រសិនបើគាត់ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ គឺបានសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួនផងដែរ  ។

ក្នុងឱកាសនោះលោក ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរ និង អ្នកបើកបរយានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង បានជម្រុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់  ដើម្បីថែរក្សាអាយុជីវិតរបស់ខ្លួន និង អ្នកដទៃ ជាសំខាន់អ្នកដែលជាទីស្រឡាញ់ និង ជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចិរភាព។

តារយបាយការណ៍ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ពាន់៧៣១ ករណី ធ្វើឲ្យមានអ្នកស្លាប់ ១ពាន់៣៥៧ អ្នក ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៧៦% ជាអ្នកជិះម៉ូតូដែលមានកម្លាំង ១២៥CC ចុះក្រោម ។

តាមការកត់សម្គាល់ផងដែរថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ ចរាចរណ៍បានត្រឹមត្រូវនៅឡើយទេ ដូចជា ការមិនពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឲ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ រួមទាំងការបើកបរដោយភាពស្រវឹងជាដើម ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

87 88 89 90 91 92 93 94 95 96 97 98 99 100