ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨


ខេត្តសៀមរាប ៖ ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៧  គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ សិស្សានុសិស្ស ទាំងបឋមសិក្សា និង មធ្យមសិក្សា  ចូលមកកាន់សាលារៀនជាថ្ងៃដំបូងរបស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

នាថ្ងៃដំបូងនោះដែរយើងបានសង្កេតឃើញ សិស្សានុសិស្សនៅគ្រប់បណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ទាំងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បានមកជួបជុំគ្នាប្រារព្ធធ្វើពិធីអបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៧.២០១៨ ក្នុងនោះដែរក៏មានវត្តមានរបស់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ  និង មាតាបិតា អាណាព្យាបាលសិស្សចូលរួមផងដែរ ។ នាព្រឹកនោះដែរនៅគ្រប់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តសៀមរាប មានរៀបចំធ្វើពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ប្រកបទៅដោយសណ្តាប់ធ្នាប់រៀបរយ វិន័យថ្លៃថ្នូរ ដោយមានការរំលេច នូវបដារពាក្យស្លោកធំៗ បង្កប់នូវខ្លឹមសារ អត្ថន័យ ក្នុងការលើកស្ទួយ និង អភិវឌ្ឍន៍វិស័យអប់រំ ដើមី្បធានានូវ គុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។

និយាយដោយឡែកនៅវិទ្យាល័យ១០មករា ១៩៩៧ ក៏មានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧.២០១៨ ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ លោកគ្រូសាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្សផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក គឹម ឡេង នាយកវិទ្យាល័យ១០មករា ១៩៧៩ ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និង លើកទិសដៅសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧.២០១៨ សិស្សមានចំនួន ៤ពាន់៤៦៤នាក់ ស្មើ៨០ ថ្នាក់ ក្នុងនោះថ្នាក់ទី៧ មាន១០ ,ថ្នាក់ទី៨ មាន​១០​,ថ្នាក់ទី៩ មាន១០ ,ថ្នាក់ទី១០មាន​១៤ ថ្នាក់ទី១១​មាន ១៦ និង ថ្នាក់ ទី១២មាន២០ថ្នាក់  ។

បន្ទាប់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអាននូវខ្លឹមសារនៃសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាស​បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧.២០១៨ ជូនដល់ក្មួយៗ ចៅៗសិក្សានុសិស្សនៅទូទាំងប្រទេសរួចមក  មានប្រសាសន៍សំណេះ   សំណាលនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការសម្តែងនូវការកោតសរសើរចំពោះ បុគ្គលិកអប់រំសិក្សាគ្រប់ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាលសិស្ស សប្បុរសជន អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍន៍នានា  ក្នុងការកសាងអភិវឌ្ឍន៍   វិស័យអប់រំប្រកបដោយជោគជ័យ  ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការសាទរផងដែរ អំពីលទ្ធផលល្អនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦.២០១៧ ព្រមទាំងទទួលបាននិទ្ទេសល្អផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា វិស័យអប់រំ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានធ្លាក់ដល់កម្រិតសូន្យ តែដោយស្មារតីថ្ងៃជ័យជំនះ៧មករា១៩៧៩ វិស័យអប់រំនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយើង ធ្វើការប្រមូលផ្តុំនូវអ្នកមានចំណេះដឹង ដើមី្បធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់វិស័យ សំខាន់វិស័យអប់រំ បានមានការរីកចម្រើនរហូតដល់ពេលនេះ ។ ឯកឧត្តមបណ្ឌិតបានលើកផងដែរថា លោកគ្រូអ្នកគ្រូ  គឺជាគ្រឹះនៃយានចម្លងដ៏សំខាន់  ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងវិស័យអប់រំ  ហើយប្រព័ន្ធអប់រំនៅកម្ពុជា ក៏មិនអន់ជាងបណ្តាប្រទេសនានាឡើយ  ក្រោមការកែទម្រងក្នុងវិស័យអប់រំ  បានធ្វើឲ្យគុណភាពនៃការអប់រំកាន់តែភាពរីកចម្រើនទ្វេរឡើង ។ ម៉្យាងទៀតថ្ងៃនេះគឺជា ឱកាសដ៏ថ្លៃថ្លារបស់ក្មួយៗចៅៗ ទទួលបានការសិក្សារៀនសូត្រយកនូវចំណេះដឹង និង បច្ចេកវិទ្យា ដើមី្បកសាងអនាគតរបស់ខ្លួន ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានធ្វើការផ្តាំផ្ញើ ដល់លោកគ្រូសាស្ត្រាចារ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន និងធ្វើជាគំរូល្អដល់សិស្ស ដែលជាធនធានដ៏ស្អាតស្អំក្នុងសង្គម ដោយសាលារៀន គឺជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា ដើមី្បអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទី៣ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និង កីឡា បានធ្វើការពង្រឹង និង កំណែទម្រង់វិស័យអប់រំ ក្នុងការធានានូវគុណភាពអប់រំសិក្សា លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយមានការចូលរួមពីគ្រប់ស្ថាប័ន អង្គការ សង្គមស៊ីវិល សំខាន់ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦.២០១៧កន្លងមកនេះ ក៏ជាការបំបាត់នូវអំពើពុករលួយក្នុងវិស័យអប់រំផងដែរ ។  ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវដំបូន្មានល្អៗមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សទាំងពីរភេទ ត្រូវខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ស្តាប់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូដែលជាអ្នកម្តាយទី២ របស់ខ្លួន និង ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ការសែបគប់មិត្តមិនល្អ និង ត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ដើមី្បអប់រំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមដែលជាសសរស្តម្ភ ដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

2902 2903 2904 2905 2906 2907 2908 2909 2910 2911 2912 2913