ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៧ កម្លាំងគណៈកម្មការចម្រុះខេត្ត ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប រួមនឹងព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះធ្វើប្រតិបត្តិការ ក្នុង ការរុះរើសំណង់ផ្សារកុងតឺន័រ មួយកន្លែងដែលបានសាងសង់គ្មានច្បាប់ និង រំលោភលើដីផ្លូវឌឿងហែម ព្រមទាំង ផ្អាកសំណង់ជួសជុលមួយកន្លែងដែលអ្នកជាប់ព្រំធ្វើការប្តឹងជំទាស់ ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប
តាមប្រសាសន៍បញ្ជាក់របស់លោក សូរ ប្លាតុង បានឲ្យដឹងថា ការចុះប្រតិបត្តិការរបស់គណៈកម្មការចម្រុះ ពេលនេះ ដោយផ្តោតលើសំណង់ផ្សារកុងតឺន័រ ដែលសាងសង់គ្មានច្បាប់ និង រំលោភលើដីផ្លូវសាធារណៈ ។ លោក បន្តទៀតថា កន្លងមកនេះរដ្ឋបាលសាលាក្រុងសៀមរាប បានធ្វើសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ ដើមី្បឲ្យធ្វើការ រុះរើ ។ តែថ្ងៃនេះគណៈកម្មការចម្រុះខេត្ត រួមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះមកអនុវត្តសេចក្តីជូនដំណឹង របស់រដ្ឋបាលសាលាក្រុងសៀមរាប សូមឲ្យម្ចាស់ផ្សារកុងតឺន័រខុសច្បាប់នេះ ដែលបានសាងសង់រំលោភលើ ផ្លូវសាធារណៈ ។ ក្នុងការចុះប្រតិបត្តិការរុះរើនេះ ម្ចាស់សំណង់ក៏បានចូលរួមសហការជាមួយគណៈកម្មការចម្រុះ ដើមី្បធ្វើការរុះរើសំណង់ខុសច្បាប់ដោយស្ម័ត្រចិត្ត ព្រមទាំងធ្វើកិច្ចសន្យាជាមួយគណៈកម្មការ ក្នុងរយៈពេល៣ថ្ងៃ ធ្វើ ការរុះរើឲ្យបានរួចរាល់ បើមិនដូច្នោះទេគឺត្រូវចាត់ការទៅតាមនីតិវិធីច្បាប់ ។
បន្តមកគណៈកម្មការចម្រុះក៏បានចុះធ្វើការផ្អាក់សំណង់ជួសជុលមួយកន្លែង ស្ថិតក្នុងភូមិនោះដែរ ដែលបាន ធ្វើការជួសជុលផ្ទះរបស់ខ្លួន ហើយត្រូវបានអ្នកជាប់ព្រំផ្ទះទាំងសង្ខាង បានធ្វើការប្តឹងទៅតុលាការខេត្ត ដោយបាន ចោទប្រកាន់ម្ចាស់ផ្ទះជួសជុល កែលំអសោភណ្ឌភាពផ្ទះ ក្នុងការធានាភាពរឹងមាំនៃផ្ទះរបស់ខ្លួន ធ្វើឲ្យប៉ះពាល់អ្នក ទាំងសង្ខាង ដោយម្នាក់ៗបានប្រកាន់រៀងៗខ្លួនទៀតផង ។ ដើមី្បបញ្ចប់នូវបញ្ហាទាំងនេះ គណៈកម្មការចម្រុះក៏បានធ្វើការសម្រុះសម្រួលភាគីទាំងបី សូមឲ្យមានការយោគយល់គ្នាជាអ្នកជិតខាងនឹងគ្នា ដែលតែងតែមានការលើខ្វះនិងគ្នា ។ ក្នុងនោះដែរគណៈកម្មការចម្រុះ ក៏បានធ្វើការកោះអញ្ជើញភាគីទាំងបី ដែលមានបញ្ហានឹងគ្នា ដើមី្បចូលរួមធ្វើការដោះស្រាយ ក្នុងការបញ្ចប់វិវាទព្រំប្រទល់ នៅរដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃដដែលនេះផងដែរ ។
ក្នុងនោះដែរលោក សូរ ប្លាតុង ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ត្រូវតែធ្វើការ ស្វែងយល់ អំពីច្បាប់សាងសង់សំណង់ ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ហានីភ័យផ្សេងៗ ដែលធ្វើឲ្យខូចខាតនូវ ផលប្រយោជន៍របស់បងប្អូន ។ ដូច្នេះយើងធ្វើយ៉ាងណាឲ្យមានភាពច្បាស់លាស់ និង ស្របច្បាប់ក្នុងការទិញ ជួល ។ លោកបានគូសបញ្ជាក់ថា រាល់ច្បាប់សាងសង់សមត្ថកិច្ចយើងបានធ្វើការបែងចែក កម្រិត៥០០ម៉ែត្រក្រឡា ស្នើសុំនៅសាលាក្រុង លើសពីផ្ទៃ៥០០ម៉ែត្រក្រឡា ត្រូវស្នើសុំទៅថ្នាក់ខេត្ត ហើយក៏មានដាក់តារាងកំណត់តម្លៃសេវា ជូន បងប្អូនឲ្យបានដឹងផងដែរ ។ ម៉្យាងទៀតក៏សូមឲ្យបងប្អូនទៅរកសេវាដោយខ្លួនឯង ដើមី្បជៀសវាងបញ្ហាការពឹងពាក់ ឬ អ្នករត់ការ ដែលបង្កឲ្យមានបញ្ហាផ្សេងៗកើតឡើង និង ចំណាយថវិកាច្រើនទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប