សាខាកាកបាទក្រហមខេត្តចុះសួរសុខទុក្ខ ក្រុមការងារស្ថានីយទូរទស្សន៍ CNC រងគ្រោះចរាចរណ៍ កំពុងសម្រាកព្យាបាល


ខេត្តសៀមរាប ៖ នៅព្រឹក ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំប្រតិភូសាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខក្រុមការងារស្ថានីយទូរទស្សន៍ CNC ៣នាក់ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប  ដែលបានជួបឧបទ្ទរវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប  ព្រំប្រទល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ក្នុងពេលចុះទៅបំពេញបេសកកម្មយកព័ត៌មាន ស្តីពីការស្វែងរកគ្រួសារ នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៧ ។

ក្រុមការងារដែលរងគ្រោះរួមមាន ១- លោក ថឹង ចន្ថារ៉ាន់ ២-លោក ពេទ ពិសិដ្ឋ  ៣-លោក ង៉ាន់ សំណាង  ក្នុងជនរងគ្រោះទាំងបីនាក់នេះ លោក ង៉ាន់ សំណាង ត្រូវបានធ្វើការវះកាត់សង្រ្គោះបន្ទាន់ និង លោក ថឹង ចន្ថារ៉ាន់ ក៏ ត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាល រីឯលោក ពេទ ពិសិដ្ឋ រងរបួសស្រាល ហើយក៏មានភាពធូស្រាលផងដែរ ។  ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យខេត្តសៀមរាប ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាក បាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមអ្នកឧកញ៉ាតំណាងរាស្ត្រមណ្ឌលសៀមរាប និង អភិបាលខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ ។

តាមការបញ្ជាក់របស់លោក ទេព ពិសិដ្ឋ ដែលរងរបួសស្រាលបានឲ្យដឹងថា នៅពេលកំពុងបើកបររថយន្ត ស្រាប់តែមិនទាន់ដល់ចំណុចផ្លូវកោងផង ក៏រថយន្តបានវេចង្កូតទៅបុកបង្គោលថ្មនៅនឹងចញ្ចើមផ្លូវធ្វើឲ្យរថយន្តក្រឡាប់ ផ្ងារជើងឡើងលើ ហើយនៅពេលគាត់ដឹងខ្លួន​ ក៏ឃើញប្រជាពលរដ្ឋនៅភូមិត្រពាំងក្រសាំង បានមកជួយសង្រ្គោះពួក គាត់ ហើយត្រូវបានរថយន្តសង្រ្គោះ របស់មណ្ឌលសុខភាពស្រែណូយ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែផង ។

មានប្រសាន៍នាឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា និង សូមឲ្យប្អូនៗទាំងបីឆាប់បានជាសះស្បើយ ដើម្បីបានទៅបម្រើការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និង ងាយរងគ្រោះ រួមទាំងក្រុមគ្រួសារដែលបានបែកបាក់បាត់ដំណឹងគ្នាជាយូរ បានជួបជុំគ្រួសារគាត់វិញផងដែរ។

ក្នុងឱកាសនោះដែលលោកជំទាវក៏បាននាំយកនូវថវិកាមួយចំនួនជូនដល់ជនរងគ្រោះ ដើម្បីសម្រួលដល់ការព្យាបាល និង ការសម្រាកនៅមន្ទីរពេទ្យផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្នុងរាត្រីដែលជនរងគ្រោះបានដឹកមកដល់មន្ទីរពេទ្យបង្អែកសៀមរាប ក៏មានវត្តមានរបស់ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានសុំឲ្យក្រុមគ្រូពេទ្យជួយយកការ ទុកដាក់ដល់ជនរងគ្រោះទាំងបីនាក់ ព្រមទាំងបានឧបត្ថម្ភនូវថវិកា ចំនួន ២ពាន់ដុល្លាដល់អ្នករងគ្រោះ ដើមី្បយកទៅប្រើប្រាស់ក្នុងការសម្រាកព្យាបាលផងដែរ ៕ អត្ថបាទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

657 658 659 660 661 662 663 664