ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នាថ្ងៃ សៅរ៍ ទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប មានធ្វើ ការផ្សព្វផ្សាយពីការថែរក្សាសុខ និង សេវាកម្មរបស់មន្ទីរពេទ្យរួមពេទ្យយៈសូថន នៃព្រះរាជាណាចក្រថៃ ជូនដល់បង ប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក សង់ រីហា អភិបាលរង នៃគណៈអភិ បាលខេត្ត និង លោកស្រី ប្រាក់ផាស៊ី ស៊ុឆាន់ថាប៊ុត ប្រធានមន្ទីរពេទ្យរួមពេទ្យយៈសូថន ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាក្រុង ស្រុក ចំនួន៥៦នាក់ចូលរួមជាសិក្ខាកាម ។
មានប្រសាសន៍នោះដែរលោកស្រី ប្រាក់ផាស៊ី ស៊ុឆាន់ថាប៊ុត ប្រធានមន្ទីរពេទ្យរួមពេទ្យយៈសូថន ក៏បានលើកឡើងពីជីវប្រវត្តិនៃមន្ទីរពេទ្យរួមពេទ្យយៈសូថន ដែលបានដំណើរការបម្រើសេវាកម្មព្យាបាលជូនអ្នក ជម្ងឺ ទាំងប្រជាជនថៃ កម្ពុជា ឡាវ និង វៀតណាម មានរយៈពេល៣០ឆ្នាំមកហើយ ដោយមានបទពិសោធន៍ និង បច្ចេកទេសខ្ពស់ក្នុងការព្យាបាល សំខាន់លើការព្យាបាលជម្ងឺមហារីក គ្រួសក្នុងកម្រងនោមជាដើម ។ លោកស្រី បានបញ្ជាក់ថា ប្រជាជននៃប្រទេសនៅក្នុងតំបន់អាស៊ី តែទទួលរងនូវជម្ងឺមហារីកនេះកើតឡើងច្រើនជាងគេ ។ ក្នុងនោះលោកស្រីក៏បានលើកនូវការជាក់ស្តែង ក្នុងការព្យាបាលជម្ងឺមហារីគ្រាដំបូង ដល់មន្ត្រីរាជការសាលាខេត្ត សៀមរាបម្នាក់ បានជាផ្សះស្បើយ និង បានប្រកបការងារឡើងវិញដូចដើម ។ កន្លងមន្ទីរពេទ្យរួមពេទ្យយៈសូថន តែងបានមកធ្វើកិច្ចទំនាក់ទំនងជាមួយសុខាភិបាលខេត្តសៀមរាបផងដែរ ។
មានប្រសាសន៍នោះដែរ លោក សង់ រីហា ក៏បានលើកឡើងបញ្ជាក់ថា បច្ចុប្បន្នភាពរីកចម្រើនលើវិទ្យា សាស្ត្រជឿនលឿន បានធ្វើឲ្យវិស័យចំណីអាហារមានវិវត្តរីកចម្រើន ដោយមានការរក្សាទុកបានយូសម្រាប់ប្រើ ប្រាស់ ទទួលទានប្រចាំថ្ងៃ ដោយមួយចំនួនបានធ្វើឲ្យប៉ះពាល់សុខភាព និង បង្កឲ្យមានជម្ងឺ រោគសញ្ញាប្លែកកើត មានឡើងនៅលើពិភពលោក ។ លោកបានគូសបញ្ជាក់ថា ដើមី្បថែរក្សាសុខភាព យើងគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះចំណីអាហារគ្រប់ប្រភេទនៅតាមទីផ្សារ ។ លោក សង់ រីហា បានបន្តទៀតថា តាមរយៈនៃ ការផ្សព្វផ្សាយ ពីការថែរក្សាសុខភាព និង សេវាកម្មរបស់មន្ទីរពេទ្យរួមពេទ្យយៈសូថន របស់ខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ ជូនដល់ប្រជាជនខេត្តសៀមរាប ក្នុងគោលដៅសម្រាប់ពិនិត្យ ពិគ្រោះយោបល់អំពីជម្ងឺទូទៅ ជូនប្រជាជន ។ លោកបានបញ្ជាក់ថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានពុះពារ គ្រប់ឧបសគ្គ ក្នុងការដឹកនាំជោគវាសនាកម្ពុជា ដើមី្បឈានទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗ ក្នុងកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ ព្រមទាំងជម្រុញឲ្យមានស្ថិរភាពកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើន នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ពិសេសការផ្តល់សេវាថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ។ លោក សង់ រីហា ក៏បានធ្វើការគាំទ្រ ចំពោះកម្មវិធីការថែរក្សាសុខភាព និង សេវាកម្មរបស់មន្ទីរពេទ្យរួមពេទ្យយៈសូថន ដែលបានយកចិត្តទុកដាក់បន្តគាំទ្រដល់សម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុភាពសុខភាព និងសុភមង្គល ដោយមិនមានប្រកាន់ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានភាពជឿជាក់ក្នុងការព្យាបាលជម្ងឺទៀតផង ។ ក្នុងភាពមនុស្សធម៌នេះ លោកក៏សំណូមពរដល់មន្ទីរពេទ្យរួមពេទ្យយៈសូថន ឲ្យ មានកិច្ចសហការជាមួយសុខាភិបាលកម្ពុជា សំខាន់មន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងកិច្ចសហប្រតិបត្តិការនឹង គ្នាឲ្យកាន់តែមានភាពរលូន ក្នុងគុណប្រយោជន៍នៃប្រជាពលរដ្ឋប្រទេសទាំងពីរផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប