ពិធីប្រគល់និងទទួលអំណោយសប្បុរសធម៌


ខេត្តសៀមរាប ៖ អង្ករ ១០តោន និង ភួយ១ពាន់ និងមុង៣០០ ជាអំណោយសប្បុរសធម៌របស់ក្រុមរ៉ូតារី អង្គរ  ត្រូវបានលោកស្រី អា ណា ប្រធានរ៉ូតារីអង្គរ នាំយកមកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តសៀមរាប នៅព្រឹកថ្ងៃទី​១៣ ខែ វិច្ឆិកា ​ឆ្នាំ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រមខេត្ត ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោកជំទាវ អស់លោក លោកស្រីជាសមាជិកគណៈ កម្មាធិការ សាខាកាកបាទក្រហមខេត្ត  និង  មន្ត្រីប្រតិបត្តិសាខាផងដែរ ។

តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាប បានឲ្យ ដឹងអំពីសកម្មភាព ក្នុងការផ្តល់អំណោយមនុស្សធម៌ ដល់ជនរងគ្រោះ និង ងាយរងគ្រោះទូទាំងខេត្ត រយៈពេល១០ខែ ឆ្នាំ២០១៧ មានចំនួន ២១៣គ្រួសារ ដោយប្រើប្រាស់អំណោយសរុប អង្ករ ១៩តោន៨៧៥គក្រ ,មុង ២៥៧ ភួយ ២៦៧ , សារុង ៧៤៦ , ក្រមា ១៨៧ , កន្ទេល ៨៦ , ធុងទឹក ៤៩គូ ,កៅស៊ូតង់ ១១៣ផ្ទាំង , ស័ង្កសី ៦៨០សន្លឹក ឆ្នាំង ៦៤ , ចាន ៣៤០ ,ស្លាបព្រា៣៥០ , ទឹកត្រី ៣០០យួរ , មី ១៧១កេស , ត្រីខ ១៣៦យួរ និងថវិកា ៥១លាន ៥៦០ពាន់រៀល ។

មានប្រសាសន៍នោះលោកស្រី អា ណា បានបញ្ជាក់ថា នៅជារៀងរាល់ឆ្នាំក្រុមរ៉ូតារី អង្គរ  តែងតែបាន ចូលរួមជាមួយចលនាមនុស្សធម៌​ កាកបាទក្រហមកម្ពុជា ដោយផ្ទាល់ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋទទួលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យ ចាស់ជរា ពិការ កុមារកំព្រា រួមទាំងស្ត្រី និងទារក។   ថ្ងៃនេះក្រុមរ៉ូតារីអង្គរ ក៏បាននាំយក អំណោយសប្បុរសធម៌ ជាអង្ករ ចំនួន១០តោន ភួយ ១ពាន់ និង មុង៣០០ មកប្រគល់ជូនសាខាកាកបាទក្រហមខេត្ត ក្នុងការចូលរួមជាមួយសកម្មភាពនៃចលនាកាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ នៅភូមិសាស្ត្រ ខេត្តសៀមរាប ។  លោកស្រីក៏បានបញ្ជាក់ផងដែរថា នៅពេលដែល ប្រជាពលរដ្ឋកម្ពុជា ជួបនូវទុក្ខលំបាក ក្រុមរ៉ូតារី អង្គរ តែងតែចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នូវគ្រប់សកម្មភាពចលនាមនុស្សធម៌  ហើយក្រុមរ៉ូតារី អង្គរ  គឺនៅតែបន្តចូលរួម កិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្តផងដែរ ។

ក្នុងនាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាអភិបាលនៃ គណៈ អភិបាលខេត្ត លោកជំទាវ គួយ ណាលីន ក៏បានមានប្រសាសន៍ ក្នុងនាមតំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តសៀមរាប សម្តែងនូវអំណរ គុណដល់ទឹក ចិត្តដ៏សប្បុរសធម៌ របស់លោកស្រីនាយក និង បុគ្គលិក ក្រុមរ៉ូតារីអង្គរ ដែលសបញ្ជាក់ពីទឹកចិត្តដ៏មនុស្សធម៌ ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កំពុងជួប​ការ​លំបាក និងជន​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត​ក្រីក្រ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា នៃចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា​ ។  លោកជំទាវ គួយ ណាលីន ក៏បានគូសបញ្ជាក់ថា  ដោយតម្រូវការ ក្នុងការជួយសង្រ្គោះបងប្អូនរងគ្រោះ សាខាកាក បាទក្រហមខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិចាកនូវធនធាន ជាស្បៀង អាហារ សម្ភារៈ ចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាព ជួយដល់គ្រួសារជនរងគ្រោះ នៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប ។ លោកជំទាវ គួយ ណាលីន ក៏បានគូសបញ្ជាក់ថា  ការបរិចាកនូវធនធាន ជាស្បៀងអាហារ សម្ភារៈ ក្នុងស្មារតីលើកកម្ពស់ចលនាមនុស្សធម៌ របស់ក្រុមរ៉ូតារីអង្គរ  ចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាពជួយដល់ក្រុមគ្រួសារ និង ជនរងគ្រោះដោយគ្រោះមហន្តរាយនូវគ្រោះធម្មជាតិនៅតាមបណ្តាក្រុង ស្រុកក្នុងខេត្ត ។ ម៉្យាងទៀតអំណោយទាំងនេះ សាខាកាកបាទក្រហមកម្ពុជា និង យកទៅ   ប្រើប្រាស់ផ្តល់ជូនដល់ដៃបងប្អូនរងគ្រោះ នៅពេលដែលមានកើតគ្រោះមហន្តរាយណាមួយនៅក្នុងខេត្តសៀមរាប ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

665 666 667 668 669 670