កិច្ចប្រជុំគ្រប់គ្រងសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គម


ខេត្តសៀមរាប​ ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ គណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្តសៀមរាប បានធ្វើកិច្ចប្រជុំស្តីពីការកិច្ចប្រជុំគ្រប់គ្រងសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

ក្នុងកិច្ចប្រជុំនេះដោយបានផ្តោតសំខាន់ខ្ពស់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយខេត្តសៀមរាបជាខេត្តប្រមូលផ្តុំទៅដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ដែលបានកំពុងក្លាយជាគោលដៅរបស់ភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយ ដែលជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់លើវិស័យទេសចរណ៍ ។

ឆ្លងតាមសេចក្តីរាយការណ៍ ស្តីពីផែនការ ការងារសន្តិសុខ និង លទ្ធផលដែលអង្គភាពប្រដាប់អាវុធអនុវត្ត បាននៅគ្រប់បណ្តាមូលដ្ឋាន ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព ។ ក្នុងសេចក្តីរាយការណ៍នោះដែរ គ្រប់អង្គភាព បានផ្តោតសំខាន់ទៅលើបញ្ហាការប្រមូលផ្តុំ ធ្វើការតវ៉ា នៅថ្ងៃដែលតុលាការកំពូល ធ្វើការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃខាងមុខនេះទៀតផង ។ ដើមី្ប ធានាឲ្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ កងកម្លាំងសមត្ថកិច្ច បានធ្វើកិច្ចរួមសហការជាមួយបណ្តាកងកម្លាំងឯកភាព ឈរជើងនៅតាមគោលដៅដែលបានកំណត់ផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឯកភាពផងដែរ នូវរាល់ផែនការដែលកង កម្លាំងបានរៀបចំឡើង ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ដែលចូលមកស្នាក់អាស្រ័យ ទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត និង ធម្មជាតិ លើទឹកដីខេត្តសៀមរាប ។ ម៉្យាងទៀតគ្រប់បណ្តាស្ថាប័ន អង្គភាព ត្រូវអនុវត្តឲ្យខាងតែបាន  នូវការណែនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការទប់ស្កាត់កុំឲ្យមានកើតនូវបដិវត្តពណ៌ និង ភាពចលាចលនៅ ក្នុងសង្គម សំខាន់នៅក្នុងតំបន់ទេសចរណ៍ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ភ្ញៀវ ព្រមទាំងបាត់បង់នូវ ចំណូលថវិកាជាតិទៀតផង ។  ក្នុងនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយ នូវខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសហ្វីលីពីន ជូនដល់មន្ត្រីរាជការ កងកម្លាំង និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន ឲ្យបានទូលំទូលាយ ដើមី្បឲ្យពួកគាត់បានយល់ច្បាប់ កាន់តែស៊ីជម្រៅអំពីសភាពការនយោបាយក្នុង និង ក្រៅប្រទេស ក្នុងការបង្កើននូវការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ។ ម៉្យាងទៀតគ្រប់បណ្តាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវក្តាប់ឲ្យបាននូវរាល់សកម្ម របស់ក្រុមជ្រុលនិយម ដែលតែងតែបង្កភាពអសន្តិសុខក្នុងសង្គម ដែលធ្វើឲ្យបាត់បង់ ខូចនូវសណ្តាប់ធ្នាប់សង្គម នៅក្នុងក្រុងប្រវត្តិសាស្ត្រយើងនេះ  ។  ឯកឧត្តមបណ្ឌិត ក៏បានដាក់នៅផែនការ និង ទិសដៅមួយចំនួន សម្រាប់ គ្រប់បណ្តាអង្គភាព និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក យកទៅអនុវត្តទៅតាមផែនការណែនាំរបស់ ក្រសួងមហាផ្ទៃផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប

3167 3168 3169 3170 3171 3172 3173 3174 3175 3176 3177 3178 3179 3180