ខេត្តក្វាងទុង នឹងជម្រុញអ្នកវិនិយោកចិនចូលមកខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ចុងសប្តាហ៍ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សា ខេត្ត បានជួបធ្វើការពិភាក្សាការងារមួយចំនួន ជាមួយប្រតិភូខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំ ដោយលោកស្រី កៅ សៀវលី នាយកគណៈកម្មាធិការកិច្ចការជនជាតិភាគតិច និង សាសនា នៃគណៈកម្មាធិ ការប្រឹក្សានយោបាយប្រជាជន ខេត្តក្វាងទុង និង សហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍នោះឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់ គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ  ។   ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត  ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ  ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។  ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏លើកឡើងពីការចងសម្ព័ន្ធជាមួយខេត្ត ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួន ២២ ក្នុងនោះបានចុះអនុស្សរណៈយោគយល់គ្នាបាន ៥ខេត្ត ក្រុង  និង ចុះកិច្ចព្រមព្រៀងចំនួន៤ , មតិផ្តួចផ្តើមចំនួន១៣ខេត្ត ក្រុងផងដែរ ។  ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ក្រោមគោលនយោបាយបើកចំហរជើងមេឃ ខេត្តសៀមរាបទទួលបានក្រុមហ៊ុនអាកាសចរណ៍ ចំនួន១២ ដែល បានហោះហើរពីបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិត ឆ្ពោះត្រង់មកខេត្តសៀមរាប ក្នុងមួយថ្ងៃមានពី ១២ទៅ១៥ជើង ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ ពីវិស័យទេសចរណ៍ និង កំណើនភ្ញៀវរយៈពេល ១០ខែនាឆ្នាំ២០១៧ មានការកើនឡើង សំខាន់ភ្ញៀវទេសចរណ៍ចិន ស្ថិតក្នុងលំដាប់លេខ១ ។ ឯកឧត្តមបណ្ឌិតក៏ មានសង្ឃឹមជឿជាក់ថា ក្រោយពេលព្រលានយន្តហោះមិត្តភាព ចិន សាងសង់នៅខេត្តសៀមរាបបានរួចរាល់ និង ធ្វើឲ្យកំណើនភ្ញៀវកើនឡើងទ្វេរដង ដែលជាការព្រួយបារម្ភរបស់អាជ្ញាធរខេត្ត ទៅលើបញ្ហាកង្វះនូវហេដ្ឋារចនា សម្ព័ន្ធវិស័យទេសចរណ៍ ក្នុងការបម្រើសេវាកម្មជូនភ្ញៀវ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ អំពី វិស័យកសិកម្មរបស់ខេត្ត ព្រមទាំងបានបញ្ជាក់ថា នៅពេលថ្មីៗនេះ មានក្រុមហ៊ុនចិន បានចុះមកធ្វើកាសិក្សា នៅ តាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការអភិវឌ្ឍន៍ និង អភិរក្សសោភណ្ឌភាពដងស្ទឹងទៀតផង ។ ឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់ប្រតិភូ ខេត្តក្វាងទុង សូមជួយធ្វើការផ្សព្វផ្សាយ និង ជម្រុញដល់អ្នក វិនិយោគចិន ក៏ដូចប្រជាជនចិន ចូលមកធ្វើវិនិយោគ និង ធ្វើទេសចរណ៍នៅខេត្តសៀមរាប ក្នុងនាមជាខេត្តសម្ព័ន្ធ មេត្រីភាពនឹងគ្នាផងដែរ ។

មានប្រសាសន៍នោះលោកស្រី កៅ សៀវលី ក៏បានលើកផងដែរ អំពីស្ថានភាពភូមិសាស្ត្ររបស់ខេត្ត ក្វាងទុង ដែលជាខេត្តមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ជាងគេ នៅសាធារណរដ្ឋប្រជាមានិតចិន  ។ ក្នុងនោះ លោកស្រីក៏មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈគោលការណ៍ (ផ្លូវមួយ ខែ្សក្រវ៉ាត់មួយ) នឹងធ្វើឲ្យ ប្រទេសយើងទាំងពីរ កាន់តែមានការទំនាក់ទំនងស្អិតរមួតនឹងគ្នា ក្នុងការទាក់ទាញអ្នកវិនិយោគទុន ចូលមកកម្ពុជា កាន់តែមានការកើនឡើង និង ធ្វើឲ្យខេត្តទាំងពីរនឹងខិតខំប្រឹងប្រែង លើកិច្ចសហប្រតិបត្តិការនឹងគ្នា ឲ្យកាន់តែមានភាពស្អិតរមួតទ្វេរឡើងផងដែរ ។  លោកស្រីក៏បានកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត  ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា  ។ ម៉្យាងទៀត ដំណើរទស្សកិច្ច នេះ ក៏ជាការពង្រឹងលើការទំនាក់ទំនងលើគ្រប់វិស័យ សំខាន់វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង ទេសចរណ៍ រវាងខេត្តទាំងពីរ ព្រមទាំងនឹងធ្វើការជម្រុញផ្សព្វផ្សាយដល់អ្នកវិនិយោគ និង ប្រជាជនខេត្តក្វាងទុក ចូលមកធ្វើ វិនិយោគទុន និង ទេសចរណ៍នៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌បុរាណ ដែលជា សម្បត្តិបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

261 262 263 264 265 266