សកម្មភាពប្រតិបត្តិការចុះរុះរើស្លាកគណបក្សសង្រ្គោះជាតិ នៅទូទាំងខេត្តសៀមរាប


ខេត្តសៀមរាប ៖ ដើមី្បអនុវត្តតាមលិខិតលេខ២១២៦ សជណ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីការអនុវត្តសាលដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ និង  អនុវត្តតាមលិខិតលេខ១១៧២     សជណ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពនោះ  ។   នៅចុង   សប្តាហ៍ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុកទូទាំងខេត្តសៀមរាប បានបើកប្រតិបត្តិការចុះរុះរើស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅតាមទីសាធារណៈក្នុងក្រុង  ស្រុក ឃុំ សង្កាត់ ភូមិ ទូទាំងខេត្តសៀមរាប  ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ។

ក្នុងប្រតិបត្តិការចុះរុះរើស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅទូទាំងខេត្តនេះ  យើងគ្រាប់គ្នាដឹងហើយថា ក្រោយពីតុលាការកំពូល បានកាត់ក្ដីរំលាយគណបក្សសង្គ្រោះជាតិ និង​ សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ហើយដើម្បីអនុវត្តបទបញ្ជាទាំងអស់នេះ  ថ្ងៃនេះគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក បានសហកាជាមួយកម្លាំងសម្ថកិច្ចពាក់ព័ន្ធទាំងអស់ បានចុះមកអនុវត្តរុះរើស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិនៅគ្រប់ទីកន្លែង  រួមមានស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មានដូចជាប៉ាណូ ខិតប័ណ្ណផ្សេងៗ នៅតាមដើមឈើនិងដងផ្លូវទីសាធារណៈជាដើម  ។  ក្នុងសកម្មភាពចុះប្រតិបត្តិការនេះដែរ ក៏បានឃើញអាជ្ញាធរក្រុង ស្រុក បានធ្វើការប្រជុំផ្សព្វផ្សាយទៅតាមបណ្ដាឃុំ សង្កាត់រួចហើយ ព្រមទាំងបានដាក់ផែនការនៅតាមបណ្ដាឃុំសង្កាត់  និង ប្រជាការពារភូមិ ប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកផ្លាកសញ្ញាគណបក្សសង្រ្គោះជាតិនៅតាមផ្ទះឲ្យពួកគាត់រុះរើចេញ និង ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ឲ្យរុះរើចេញ ដើមី្បកុំឲ្យមានផ្លាកសញ្ញានេះតាំងបង្ហាញនៅតាមដងផ្លូវតទៅទៀតឡើយ ។

យោងតាមលិខិតលេខ២១២៦ សជណ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ដែលបានជម្រាបជូនដល់គ្រប់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បញ្ជាក់ថា តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និង បានហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនេះ ចំនួន១១៨នាក់ ស្របតាមនីតិវិធីនៃច្បាប់ ស្តីពីគណបក្សនយោបាយ  តាមរយៈសាលដីកាលេខ៣៤០ ( ឆ ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។  ក្នុងនោះតុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ ។

ក្នុងសកម្មភាពធ្វើប្រតិបត្តិការចុះរុះរើស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅតាមទីសាធារណៈទូទាំងខេត្ត សៀមរាប ដោយយោងតាមរបាយការណ៍របស់រដ្ឋបាលសាលាខេត្តសៀមរាប រសៀលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ បានធ្វើការរុះរើស្លាកសញ្ញាបាន ៧៥៥ស្លាក ហើយក៏ត្រូវបានធ្វើការប្រផ្តុំរក្សាទុកនៅតាមសាលាឃុំ សង្កាត់រៀងៗ ខ្លួនផងដែរ ។

ក្នុងសកម្មភាពចុះប្រតិបត្តិការធ្វើការរុះរើនេះ ក៏ពុំមានសកម្មភាពតវ៉ាអ្វីពីសកម្មជនរបស់គណបក្សនេះឡើយ ។ ក្រោយពីតុលាការកំពូលចេញដីកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និង ការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា និង ប្រកាសប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

152 153

154 155