គណៈប្រតិភូក្រសួងការពារជាតិ អញ្ជើញ គោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តមឧត្តមសេនីយ៍ឯក ទេស សាខេន មេបញ្ជាការរងយោធភូមិភាគទី៤


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៧ គណៈ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និង ជាប្រធានអនុគៈកម្មាធិការបុណ្យសពថ្នាក់ឧត្តមសេនីយ៍ នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ រួមទាំង ប្រតិភូគណៈអភិបាលខេត្ត ឯកឧត្តមជាមេបញ្ជាការ បញ្ជាការរង យោធភូមិភាគទី៤ កងពលអន្តរាគមន៍លេខ២ និង តំបន់ប្រតិបត្តិការសឹករង  កម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត  បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ទេស សាខេន មេបញ្ជាការរងយោធភូមិភាគទី៤  ដែលបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ១៥កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ និង៤០នាទី ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ  ហើយសពរបស់ឯកឧត្តម ត្រូវបានដំកលទុក ប្រារព្វធ្វើពិធីបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទាល់នៃសព  ក្នុងភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប  ។

បន្ទាប់ពីការគោរពវិញ្ញាណក្ខ័ន្ធ និង ធ្វើការបូជាទៀនធូក  ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឯកឧត្តមឧត្តមសេនីយ៍ឯក ទេស សាខេន  សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ ។ ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន ក៏បាននាំមកនូវថវិកា គោលនយោបាយរៀបចំបុណ្យសព របស់ក្រសួងការពារ ចំនួន ២៥លាន ៣សែន៤ម៉ឺនរៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើមី្បយកទៅចាត់ចែងប្រើប្រាស់ ក្នុងពិធីបុណ្យសពផងដែរ ។

ក្នុងការសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន  ក៏បាន  សម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់វីរៈជនដ៏ឆ្នើម ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការបញ្ជាដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាងជាតិ ។   ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានបន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ច  របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ទេស សាខេន  ដែលបានលះបង់អាយុជីវិត ក្នុងមួយជីវិតក្នុងបុព្វហេតុការពារ កសាងជាតិ មាតុភូមិ  ហើយក្នុងមួយជីវិតរបស់លោកបានពុះពារនូវរាល់គ្រប់ឧបស័គ្គជាច្រើន​  ក្នុងការបំពេញកាតព្វកិច្ចជាតិ ក្នុងរយៈពេល៣៨ឆ្នាំមកនេះ  ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។

ក្នុងនោះដែរលោក ពិន ប្រាកដ ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក  ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឯកឧត្តមឧត្តមសេនីយ៍ឯក ទេស សាខេន សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ មេបញ្ជាការ នាយ នាយរង និង ពលទាំហានគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានសៀមរាប

112 113 114 115 116