កិច្ចប្រជុំសាមញ្ញលើកទី៤៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែ មគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវថ្ងៃទី ១២ ខែ ធ្នូ គ.ស២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៤៣នេះ ដែលមានចំនួន០៤ចំណុច ។  ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១១រូប លើ១៩រូប​ រួចមកឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ដោយក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើចំណុច ទៅនឹងខ្លឹមសាររបាយការណ៍ ប្រចាំខែវិច្ឆិកា ទៅលើលទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តក្នុងខែ អំពីការងារអត្រានុកូលដ្ឋាន​ធ្វើជូនប្រជាពលរដ្ឋ  ដែលបានយកនូវកម្រៃសេវា ខុសពីការកំណត់របស់រដ្ឋ ព្រមទាំងរាល់សំណួរសំណូមពរ របស់ប្រជាពលរដ្ឋ លើក ឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងមក ។

ឆ្លងតាមការបកស្រាយរបស់អស់លោកជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។ ក្នុងនោះដែរសមាជិកសមាជិកានៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏បានសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចមន្ទីរមានការពាក់ព័ន្ធ ត្រូវមានវិធានការចំពោះបញ្ហានៅតាមបណ្តាឃុំ សង្កាត់ អំពីកម្រៃនៃការធ្វើអត្រានុកូលដ្ឋានជូនប្រជា ពលរដ្ឋ ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត និង គ្រប់ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើការដោះស្រាយ និង កែប្រែជាបន្ទាន់ នូវរាល់សំណូមពរប្រជាពលរដ្ឋលើកឡើងក្នុងអង្គវេទិកានាពេលកន្លងមក ក្នុងការបម្រើនូវសេចក្តីត្រូវការរបស់ពួកគាត់  ។ ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានក៏បានសង្កត់ធ្ងន់ចំពោះបណ្តាមន្ទីរ ក៏ដូចបណ្តាក្រុង ស្រុក ត្រូវធ្វើកម្មវិធីរបបនៃកិច្ចប្រជុំ ដោយមានកាលវិភាគច្បាស់លាស់ ព្រមទាំងផ្តល់នូវរបាយការណ៍របស់ខ្លួននៅរៀងរាល់ខែ ត្រីមាស ឆមាស និង ឆ្នាំ ឲ្យបានទៀងទាត់ ទៅតាមការណែនាំរបស់គណៈអភិបាលខេត្ត ។  ឯកឧត្តមបណ្ឌិត  នូ ផល្លា ក៏បានធ្វើការក្រើនរំលឹកនូវការងារមួយចំនួន​ដល់គណៈអភិបាលខេត្ត សំខាន់បណ្តាមន្ទីរ អង្គភាព ដែលជាសេនាធិការរបស់ខេត្ត ក្នុងការគ្រប់គ្រងមន្ត្រី និង ត្រូវគោរពឲ្យបាននូវតួនាទី ភារកិច្ចរបស់ខ្លួន  ក្នុងគោលដៅអនុវត្តនូវរបបវិមជ្ឈការ និង វិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៤៣នេះ  ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

330 331 332 333 335 336 337 338 339 340