វគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីការដោះស្រាយវិវាទដីធ្លី


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃ ពុធ ១០រោច ខែ មកសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែ ធ្នូ គ.ស២០១៧ មានបើកវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីនៃការដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី ក្រោមអធិបតីភាពឯកឧត្ត ឈួន  ហុក សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានវត្តមានឯកឧត្តម សៀក ​វណ្ណា  អនុ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ជាវាគ្មិន ដោយមានការចូលរួមពីអស់លោក លោក ស្រី ជានាយករងរដ្ឋបាលសាលាខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធានការិយាល័យភូមិបាលក្រុង ស្រុក មន្ត្រីពាក់ ព័ន្ធខេត្ត ក្រុង ស្រុក ប្រមាណ ៥៣នាក់ជាសិក្ខកាម ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងធ្វើឲ្យមន្ត្រីអនុវត្តទាំងអស់ កាន់តែបានយល់ច្បាស់ អំពីគោល ការណ៍ នីតិវិធី និង យន្តការ ក្នុងការដោះស្រាយទំនាស់ដីធ្លី នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ។

តាមរបាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានឲ្យ ដឹងថា គណៈកម្មការសុរិយោដីគ្រប់ថ្នាក់ ដែលមានយុត្តាធិការដោះស្រាយទំនាស់ដីធ្លី មិនទាន់បានចុះបញ្ជីទទួល បានសរុប ២៣៦ករណី ដោះស្រាយបញ្ចប់ ចំនួន១០២ករណី មាន ២៨១គ្រួសារ ស្មើផ្ទៃដី ១៤៨ហិចតា, ច្រាន ចោលពាក្យបណ្តឹង ៩៨ករណី , ដកពាក្យបណ្តឹង ២៥ករណី , បញ្ជូនទៅថ្នាក់ជាតិ ០៣ករណី , កំពុងដោះស្រាយ  ០៧ករណី ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ឈួន ហុក បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យដីធ្លីផងដែរ  ។  ក្នុងនោះ រាជរដ្ឋាភិបាលក៏បានរៀបចំតាក់តែង និង ដាក់ចូលជាធរមាននូវច្បាប់ អនុក្រឹត្យ និង លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ។  ដើមី្បការគ្រប់គ្រងដីធ្លី រាជរដ្ឋាភិបាល បានបង្កើតយន្តការសម្រាប់ដោះស្រាយ  សំខាន់ គណៈកម្មការសុរិយោដីទាំងបីថ្នាក់ ក្នុងគោលបំណងតាមដាន និង ដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធ តុលាការ ដែលកន្លងមកបានអនុវត្តដោយអន្លើរៗ ។  ឯកឧត្តម ឈួន ហុក ក៏បានលើកពីយន្តការកន្លែងមក ដែល មិនទានឆ្លើយតបទៅនឹងស្ថានភាពទំនាស់ដីធ្លីនាពេលបច្ចុប្បន្ន ដោយកំណើននៃទំនាស់ដីធ្លី បានកើតឡើងមួយថ្ងៃ  ទៅមួយថ្ងៃ ។  ឯកឧត្តមក៏បានបង្ហើបអំពីបញ្ហាមួយចំនួនដែលកើតមានកន្លងមក ក៏មកពីកត្តាខ្វះការយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងដីធ្លីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន , កង្វះការយល់ដឹង ការប្រើប្រាស់យន្តការ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខេត្ត , កង្វះនូវឆន្ទះមនសិការ ក្នុងការចូលរួមដោះស្រាយវិវាទរវាងប្រជាពល រដ្ឋ និង អាជ្ញាធរមូលដ្ឋាន , មិនបានយល់អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ។ ម៉្យាងទៀតអាជ្ញាធរ និង មន្ត្រីជំនាញ មួយចំនួន បានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដែលធ្វើឲ្យមានភាពស្មុកស្មាញក្នុងការដោះស្រាយ បញ្ហាវិវាទដីធ្លី ដោយប្រជាពលរដ្ឋ មិនបានយល់ច្បាប់ ពីនីតិវិធីក្នុងការប្តឹង ដែលធ្វើឲ្យបណ្តឹងតែមួយ មានប្តឹងនៅគ្រប់ស្ថាប័ន ។ ឯកឧត្តមមានសង្ឃឹមជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យសិក្ខាកាមទាំងអស់ បានយល់ដឹង និង ទទួលបាន នូវចំណេះដឹង អំពីគោលការណ៍ នីតិវិធីដោះស្រាយទំនាស់ដីធ្លី ដើមី្បឆ្លើយតបទៅនឹងតម្រូវការនៃការដោះស្រាយ ទំនាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការកាត់បន្ថយនូវទំនាស់ដីធ្លី ដែលធ្លាប់កកស្ទះនាពេលកន្លងមកនៅថ្នាក់មូលដ្ឋាន    ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

178 179 180 181 182 183