ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (១២ធ្នូ)


ខេត្តសៀមរាប ៖ ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និង មិនមានការគ្រប់គ្រងច្បាស់លាស់ គឺនាំឲ្យមានបញ្ហាប្រឈម និង ហានីភ័យ ដោយអំពើកេងប្រវ័ញ្ច និង ជួញដូរមនុស្ស !

ការធ្វើទេសន្តរប្រវេស៍ គឺជាជម្រើសរបស់ប្រជាពលរដ្ឋដែលមិនអាចហាមឃាត់បាន ហើយក៏មិនមែនសុទ្ធតែជាហានីភ័យដែលគួរចៀសវាង ផងដែរ ។ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការងារ បង្កើនប្រាក់ចំណូលទាំងនៅក្នុងស្រុក និង នៅក្រៅប្រទេស ។ ពលករមួយចំនួនធំ បានទទួលប្រាក់កម្រៃល្អ និង អាចលើកកម្ពស់ជីវភាពតាមការរំពឹងទុក និង ទទួលបាននូវជំនាញ បច្ចេកទេស កាន់តែប្រសើរ ។  ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ គឺនាំឲ្យមានបញ្ហាប្រឈមនិងហានីភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស ។

លោកជំទាវ  យូ សុភា អភិបាលរងខេត្តសៀមរាប និង ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ លើកឡើងឆ្លុះបង្ហាញយ៉ាងដូច្នេះ នាព្រឹកថ្ងៃ១១រោច ខែមកសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ ធ្នូ គ.ស ២០១៧ នៅក្នុងកម្មវិធីប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ( ១២ធ្នូ ) នៅខេត្តសៀមរាប ។ លោកស្រី បន្តឲ្យដឹងថា  មកដល់បច្ចុប្បន្ននេះ ពលករនៅក្នុងខេត្តសៀមរាប ដែលបាននិងកំពុងធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាច់ មានចំនួនជាង ១ម៉ឺននាក់ គឺជិត ០៨% នៃចំនួនប្រជាជនសារុបជាង១លាននាក់ និង ប្រមាណជា ១០% នៃចំនួនប្រជាជនដែលពេញកម្លាំងពលកម្ម ដែលនេះ គឺជាបញ្ហាដែលចាំបាច់ ត្រូវបានទាមទារការខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រង ដើម្បីលើកកម្ពស់សក្តានុពលធនធាននៃកម្លាំងពលកម្មទេសន្តរប្រវេសន៍ ដ៏ច្រើនលើសលប់នេះ ។

លោកជំទាវឧត្តមសេនីយឯក ប៉ុន សំខាន់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គលេខាធិការរង នៃ គណកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ជ.ប.ជ ) បានលើកបង្ហាញការបកស្រាយយ៉ាងដូច្នេះថា ៖ ការប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺស្ថិតក្នុងគោលបំណងបញ្ចាក់ជូនដល់ជនរួមជាតិ និង សហគមន៍អន្តរជាតិ បានយល់ជ្រាបថា  រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលបានយកចិត្តទុកដាក់កាន់តែខ្លាំងក្លាឡើង ក្នុងកិច្ចការពារប្រជាពលរដ្ឋរបស់ខ្លួន និងប្រទេសជាតិ ពីភាពរងគ្រោះទាំងឡាយ ដោយឧក្រឹដ្ឋកម្មជួញដូរមនុស្ស បង្កវិនាសកម្មជាថ្មីដល់មនុស្សជាតិ ដែលបាននិងកំពុងក្លាយជាទាសភាពសម័យទំនើប គួរឲ្យខ្លាច និង ស្អប់ខ្ពើម ។   លោកជំទាវ បញ្ជាក់ថា អំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ វាគឺជាបរិបទសាកល ដែលនៅតែបន្តកើតឡើងអាស្រ័យដោយកត្តាសំខាន់៣ គឺ  ការអប់រំសង្គម  ការអនុវត្តច្បាប់  និង ការឆក់ឱកាសនៃជនល្មើស ។ រូបភាពនៃអំពើជួញដូរមនុស្ស វាមិនត្រឹមតែជាការជួញដូរកេងប្រវ័ញ្ចកម្លាំងពលកម្ម និង ផ្លូវភេទប៉ុណ្ណោះទេ តែវានៅមានទំនោរទៅរកការជួញដូរសរីរាង្គមនុស្ស បទល្មើសជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃអំពើ ពពោះ ជំនួស ។  លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុន សំខាន់ បញ្ជាក់ថា  នេះគឺជាកង្វល់ ដែលគណកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ចាំបាច់ត្រូវដាក់វិធានការស៊ឺបអង្កេត ស្រាវជ្រាវ និងបង្រាបឲ្យបានទាន់ពេលវេលា និង បានកសាងច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីចៀសវាងការរីកដុះដាល នៃ បទល្មើស ដែលនាំឲ្យមានការបង្កគ្រោះថ្នាក់ កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

124 125 126 127 128 129 130 131 132 133 134 135 136 137 138