ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៥ ខែ ធ្នូ គ.ស២០១៧ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បាន ជួបធ្វើកិច្ចពិភាក្សា សំណេះសំណាលជាមួយប្រតិភូក្រុងលីសួយ ខេត្ត ជើជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក LIN KANG អភិបាលរងក្រុងលីសួយ រួមសហការី នៅសាលាខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោក ពៅ ពិសិដ្ឋ ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញ លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការទ្វេឡើង រវាងខេត្ត សម្ព័ន្ធមេត្រីភាពទាំងពីរ ។ ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ក្នុងនោះដែរលោក LIN KANG ក៏បានកោតសរសើរ ពីការដឹកនាំរបស់អាជ្ញាធរខេត្ត ក្នុងការរៀបចំក្រុង ប្រវត្តិសាស្ត្រនេះ ឲ្យមានសោភណ្ឌភាពស្រស់ស្អាត ដែលជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូល មកទស្សនាកម្សាន្ត ។ ក្នុងនោះលោកក៏បានចំណាប់អារម្មណ៍លើវិស័យសាសនា នៃព្រះរាជាណាចក្រកម្ពុជា មានអាយុកាលជាយូលុងមកហើយ ប្រហាក់ប្រហែទៅនឹងប្រទេសចិនផងដែរ ។ មានប្រសាសន៍នោះដែរលោក ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុងលីសួយ ឲ្យកាន់តែមានទំនាក់ទំនងទ្វេរឡើងថែមទៀត ។ លោក LIN KANG ក៏បានលើកអំពីស្ថានភាពភូមិសាស្ត្ររបស់ក្រុងលីសួយ ព្រម ទាំងសក្តានុពលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចរបស់ខ្លួនផងដែរ ។ លោកក៏បានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប គឺដើមី្បទទួលបាននូវបទពិសោធន៍ លើវិស័យទេសចរណ៍ និង ធ្វើឲ្យការទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អនឹងគ្នា ព្រមទាំងធ្វើឲ្យចំណងមិត្តភាព ប្រទេសទាំងពីរ ក៏ដូចខេត្ត ក្រុងទាំងពីរ កាន់ តែមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នាទៀតផង ។
ក្នុងកិច្ចពិភាក្សានោះ គណៈប្រតិភូបានផ្តោតទៅលើ វិស័យអប់រំ វប្បធម៌ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង សុខាភិបាល ទេសចរណ៍ ដោយក្រុងលីសួង ជាមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ក្នុងប្រទេសចិន ហើយក៏មានបំណងចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាផងដែរ ។
មានប្រសាសន៍នោះដែរលោក ពៅ ពិសិដ្ឋ ក៏បានលើកនូវសំណូមពរមួយចំនួន ដល់ប្រតិភូ ក្នុងការសុំ ផ្តល់នូវអាហារូបករណ៍ដល់និសិ្សតកម្ពុជា បានទៅសិក្សានៅមហាសាកលវិទ្យាល័យក្រុងលីសួយ ទៅលើផ្នែកមុខវិជ្ជា សំណង់ បច្ចេកទេសអេឡេត្រូនិច និង សុខាភិបាល ។ ម៉្យាងទៀតដោយខេត្តសៀមរាប មានតម្រូវការចាំបាច់ ដ៏សំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ទេសចរណ៍មួយនេះ ។ ដោយកន្លងមកនេះ ប្រទេសចិន ក៏ដូចខេត្តសម្ព័ន្ធមេត្រីភាព និង ខេត្តសៀមរាប បានជួយធ្វើការផ្តាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេស សំខាន់ក្នុងការបណ្តុះបណ្តាល វិជ្ជាជីវៈ និង ផ្តល់បទពិសោធន៍ បច្ចេកទេសល្អៗ លើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង បណ្តុះបណ្តាលធនធានមនុស្សជាដើមផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប