ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត


ខេត្តសៀមរាប ៖ សំណង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត​ និង បំពង់មេនាំទឹកស្អាត ក្រោមឥណទានសម្បទាពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)ដែលមានថវិកាវិនិយោគជាង១៣លានដុល្លាអាមេរិក ដែលក្របដណ្ដប់លើការសាងសង់រោងចក្រផលិត ទឹកស្អាតសមត្ថភាព ១៥ ពាន់ម៉ែត្រគូមក្នុងមួយថ្ងៃ និង ដាក់បំពង់មេទឹកទំហំ ៧០០មីលីម៉ែត្រ ប្រវែង ៦ពាន់៥០០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០១៩  ស្ថិតនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី១៩ ខែ ធ្នូ គ.ស២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និង សិប្បកម្ម  ឯកឧត្តម ហ្វីលីព ចាធីគញ៉ាស តំណាងស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកិច្ចស្វាគមន៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានគួសបញ្ជាក់ថា  បច្ចុប្បន្នតម្រូវការទឹកស្អាតក្នុងក្រុងសៀមរាបជាមធ្យមប្រមាណ ៥០ពាន់ម៉ែត្រគូមក្នុងមួយថ្ងៃ ក្នុងពេលដែលសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តបានត្រឹម ១៧ពាន់ម៉ែត្រគូមក្នុងមួយថ្ងៃ ស្មើនឹង ៣៤%នៃតម្រូវការ និង មានចំនួនអតិថិជនប្រមាណ ៨ពាន់បណ្ដាញ ក្នុងបណ្ដាឆ្នាំចុងក្រោយនេះ រដ្ឋាករទឹកស្វយ័តបានខិតខំផ្ដល់បណ្ដាញចូលផ្ទះបានចំនួន ១ពាន់ អតិថិជន ។ ក្រៅពីគម្រោងបើកការដ្ឋាននេះ រដ្ឋាករទឹកស្វយ័តបានធ្វើការវិនិយោគជាទ្រង់ទ្រាយធំលើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមរយៈការគៀងគរនូវប្រភពទុនពីដៃគូអភិវឌ្ឍនានា នូវគម្រោងចំនួន០២បន្ថែមទៀត ។

១. គម្រោងពង្រីកបណ្ដាញចែកចាយទឹកស្អាត  ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី  (ADB)ប្រើប្រាស់បំពង់ទឹកប្រវែង ៨៤គីឡូម៉ែត្រ និងសម្ភារតភ្ជាប់ មានទឹកប្រាក់សរុប ៥លានដុល្លាអាមេរិក និងថវិការបស់រដ្ឋាករទឹកស្វយ័តផ្ទាល់មានទឹកប្រាក់សរុបប្រមាណ ២លានដុល្លាអាមេរិក សម្រាប់បម្រើការងារតម្លើងបណ្ដាញចែកចាយ ដែលនឹងដំណើរការនៅត្រីមាសទី១ ចាប់ដំណើការឆ្នាំ២០១៨ បញ្ចប់ត្រីមាសទី៤ ឆ្នាំ២០១៩។

២.គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គងទឹកស្អាតសៀមរាប បណ្ដាញចែកចាយ ១៩០គម និងនាំប្រព័ន្ធចម្រោះទឹកដោយយកប្រភពទឹកពីបឹងទន្លេសាប ក្រោមឥណទានរបស់ JICA មានទឹកប្រាក់ ៩៣លានដុល្លាអាមេរិក (៧១៦១លានយេន) ដែលគ្រោងដំណើរការ សាងសង់នៅត្រីមាសទី៣ ឆ្នាំ២០១៨ និងបញ្ចប់នៅត្រីមាសទី២ ឆ្នាំ២០២១។

មានប្រសាសន៍នោះឯកឧត្តម ហ្វីលីព ចាធីគញ៉ាស ក៏បានគូសបញ្ជាក់ថា នេះជាគម្រោងថ្មី នៃកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និង បារាំង បាននាំមកនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ដែលជា តំបន់និមិត្តរូបមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបារាំង កម្ពុជា ហើយការចែកចាយទឹកស្អាតបានចាក់ប្ញសនៅក្នុង ប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ។ ឯកឧត្តមសង្ឃឹមថា អ្នកជំនាញនៃសតវត្សទី២១ នឹងអាចរៀនសូត្រពីបទពិសោធន៍ ពីអ្នកជំនាញជំនាន់សតវត្សទី១២ ដែលធ្វើឲ្យយើងធានាបាននូវចីរភាពនៃការផលិតទឹកស្អាតគ្រប់រដូវកាល ប្រកប ដោយការគោរពចំពោះបេតិកភណ្ឌ មនុស្សជាតិ និង ធម្មជាតិ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះមន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ ថែរក្សាការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលនាំមកនូវស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សេដ្ឋកិច្ចលើគ្រប់វិស័យ ។ ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើង (ទឹក គឺជាជីវិត ) ដែលជាទស្សនទាន ដ៏ពេញនិយមបំផុតនៅលើសកលលោក ក្នុងសហសវត្សថ្មី ដែលសំដៅដល់ការកកើតឡើង និង ការទ្រទ្រង់នូវជីវិត មនុស្ស សត្វ និង រុក្ខជាតិលើភពផែនដីយើងនេះ ។ ម៉្យាងទៀត ទឹកស្អាតជាចំណែកមួយ ពុំអាចខ្វះបានក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់មនុស្សយើងគ្រប់រូប និង មានតួនាទីសំខាន់ក្នុងការរក្សាសុខមាលភាព សុវត្ថិភាពរបស់យើង ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានឲ្យដឹងផងដែរថា ក្រោមគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឲ្យបានគ្រប់ទីប្រជុំជន ចំនួន៨៥% នៅឆ្នាំ២០១៨ និង ១០០%នៅឆ្នាំ២០២៥ ដោយឈរលើបុរេលក្ខណៈ ទឹកមានគុណភាព , ទឹកមានសុវត្ថភាព, ទឹកមាននិរន្តរភាព  និងទឹកមានតម្លៃថោក ។ ក្រោយពេលការរៀបចំប្រព័ន្ធបំពង់មេក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ទៅតាមតម្រូវរបស់ប្រជាពលរដ្ឋ សំខាន់សណ្ឋាគារនៅក្នុងក្រុងសៀមរាប ហើយនៅឆ្នាំ២០២០ គ្រប់បណ្តាសណ្ឋាគារ ទាំងអស់គឺត្រូវបញ្ឈប់ការប្រើប្រាស់ទឹកបូមពីក្នុងដី ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់គ្រឹះប្រាង្គប្រាសាទអង្គរ ដែលជា សម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ និង ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិទៀងផង ។  ម៉្យាងទៀតសម្រាប់ ក្រុងសៀមរាប ត្រូវបានគិតគួរទុកជាមុន ក្នុងរយៈពេលពី២០ឆ្នាំទៅ៣០ឆ្នាំខាងមុខ ដើមី្បត្រៀមដោះស្រាយបញ្ហាផ្គត់ ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និង បម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និង ទេសចរណ៍ ដោយបានផ្តោតទៅលើការ រកនូវប្រភពទឹកធ្វើការផ្គត់ផ្គង់ដែលជាកត្តាសំខាន់បំផុត ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តទៀតថា ការបញ្ចុះបឋមសិកា បើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាត និង ដាក់បំពង់មេនាំទឹក សម្រាប់ក្រុងសៀមរាបនាពេលនេះ ក៏ជាសក្ខី កម្មឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស នូវជំហានរីកចម្រើនថ្មីមួយទៀត ក្នុងការពង្រីកសេវាទឹកស្អាត ក្នុងការឆ្លើយតបទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136