ខេត្តសៀមរាប ៖ ពលទាហានថ្មីដែលទើបធ្វើការជ្រើសរើសបំពេញក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក ត្រូវបានធ្វើពិធីជូនដំណើរទៅកាន់សាលាហ្វឹកហ្វឺនពលទាហាន យោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី២០ ខែ ធ្នូ គ.ស ២០១៧ នៅទីបញ្ជាការវរៈសេនាតូចលេខ៣ របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប ស្ថិតនៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តមជាមេបញ្ជាការរងយោធភូមិភាគ ទី៤ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុងស្រុក រួមទាំងក្រុមគ្រួសារអ្នកស្ម័ត្រចិត្តចូល បម្រើកងទ័ពផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានធ្វើសេចក្តីរាយការណ៍ ពីការអនុវត្តស្តីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ កងទព័ជើងគោក របស់កងឯកភាពតំបន់ប្រតិបត្តិការសឹករងសៀមរាប ព្រមទាំងបញ្ជាក់ពីលក្ខ័ន្កះការជ្រើសរើស យុវជនស្ម័ត្រចិត្ត ឲ្យចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ នៅគ្រប់ក្រុង ស្រុក ខេត្តសៀមរាប មានចំនួន១១៧ នាក់ ដែលត្រូវជូនដំណើរទៅកាន់សាលាហ្វឹកហ្វឺនពលទាហានទី៤ (តាកុះ ) ។
មានប្រសាសន៍សំណេះសំណាលជាមួយពលទាហានថ្មី បំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១ កងទ័ព ជើងគោក ចូលសាលាហ្វឹកហ្វឺននាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីគោលនយោ បាតរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងការពារជាតិ ក្នុងការជ្រើសរើសទាហាន នាយទាហានសកម្មវ័យក្មេង ដែល ជាទំពាំងស្នងប្ញសី្ស ក្នុងការបម្រើជាតិមាតុភូមិ ការពារបូរណភាពទឹកដី ដើមី្បរក្សាបាននូវសន្តិភាព សុវត្ថិភាព ជូន ប្រជាពលរដ្ឋ និង ប្រទេសជាតិ ឲ្យស្ថិតស្ថេរគង់វង្ស ជំនួសរៀមច្បងដែលបានចូលនិវត្តន៍ ដែលសុទ្ធសឹងតែជាជង្រុកនូវចំណេះដឹង និង បទពិសោធន៍ ដែលក្មួយៗត្រូវសិក្សារៀនសូត្រពីពួកគាត់ទៀតផង ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា មុនបងប្អូនពលទាហានថ្មី បានស្ម័ត្រចិត្តចូលទៅបំពេញក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទនាពេលនេះ ក៏ត្រូវទទួលនូវការហ្វឹកហ្វឺន ក្នុងការបង្កើនសមត្ថភាព កម្រឹតយល់ដឹងគ្រប់មុខវិជ្ជា យុទ្ធវិធីរបស់កងទ័ព ដើមី្បរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំក្នុងបុព្វហេតុការពារជាតិ និង បូរណៈភាពដែនដី ព្រមទាំងអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា ការចូលសាលាហ្វឹកហ្វឺនរបស់ក្មួយៗនាពេលនេះ និង ធ្វើឲ្យពលទាហានយើង បានយល់កាន់តែច្បាស់នូវយុត្តិវិធី យុទ្ធសាស្ត្រ ចិត្តសាស្រ្តរបស់កងទ័ព ក្នុងពេលប្រយុទ្ធនៅលើសមរភូមិ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងការហ្វឹកហ្វាត់សូមក្មួយៗយកចិត្តទុកដាក់ និង ការតស៊ូលត់ដំហ្វឹកហាត់បង្ហូរញើសនៅលើទីលានហ្វឹកហ្វឺន ដើមី្បកាត់បន្ថយនូវការបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ និង បានយល់ដឹងអំពីវិន័យសីលធម៌ របស់កងយោធពលខេមរភូមិន្ទ ។ ម៉្យាងទៀតក៏ជាកាតព្វកិច្ចរបស់យុវជនកម្ពុជា ក្នុងការបម្រើបុព្វហេតុ ការពារជាតិមាតុភូមិ នូវសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និង ការពារបូរណភាពទឹកដីឲ្យបានគង់វង្ស ឲ្យសមស្របជាកងយោធពលខេមរភូមិន្ទ ប្រកបដោយមានសមត្ថភាពពិតនៅតាមអង្គភាពរបស់ខ្លួន ។ ព្រមទាំងត្រូវគោរពនូវរាល់បទបញ្ជា និង ច្បាប់របស់រដ្ឋ ហើយត្រូវប្រកាន់ឲ្យបាន ភ្ជាប់ ផ្ជួននូវសុភាសិទ្ធ (កងទ័ពគឺជាកូនចៅប្រជាជន ដែលប្រសូត្រចេញពីប្រជាជន ដើមី្បផលប្រយោជន៍ប្រជាជន ) នឹងរក្សាឲ្យបានពេលនៅឲ្យគេស្រឡាញ់ ពេលចេញឲ្យគេរលឹក ផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះស្មារតីរបស់ក្មួយៗ ស្ម័ត្រចិត្តចូលបម្រើកងទ័ព ដែលបានលះបង់ចាកឆ្ងាយពីឳពុកម្តាយ បងប្អូន ក្រុមគ្រួសារ ញាតិសណ្តាន ព្រមទាំងការលះបង់កូន ប្តីឲ្យបម្រើកងទ័ព ដោយដំកល់ទុកប្រយោជន៍ជាតិ មាតុភូមិជាធំតទៅអនាគត ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឧបត្ថម្ភលើកទឹកចិត្តជូនដល់យុវជនស្ម័ត្រចិត្តទាំង ១១៧នាក់ ម្នាក់ៗ ក្រមា ១ មី ១កេស ថវិកា ១០ម៉ឺនរៀល ក្នុងនោះដែរតាមបណ្តាស្រុកមួយចំនួន ក៏បានធ្វើការឧបត្ថម្ភបន្ថែមដល់យុវជនស្ម័ត្រចិត្តក្នុងស្រុករបស់ខ្លួនផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប