ការជួបសម្តែងការគួសមនិងជូនពរឆ្នាំសកល


ខេត្តសៀមរាប ៖ ក្នុងការគោរពនៃសេចក្តីស្រឡាញ់ ចំពោះភាពជាអ្នកដឹកនាំ ដើមី្បបម្រើនូវផលប្រយោជន៍របស់សង្គម និង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ២០១៧ ឆ្លងចូលឆ្នាំ២០១៨ អស់លោក លោកស្រី ជានាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ការិយាល័យ ចំណុះឲ្យសាលាខេត្តសៀមរាប និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញចូលជួបសម្តែងការគួសម និង ជូនពរឆ្នាំថ្មី ឆ្នាំសកល ដល់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ រួមទាំងក្រុមគ្រួសារ និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នៅគេហដ្ឋានផ្ទាល់របស់ឯកឧត្តម កាលពីព្រឹកថ្ងៃទី២៩ ខែ ធ្នូ គ.ស២០១៧ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏ដូចឯកឧត្តមបណ្ឌិត នូ ផល្លា បានធ្វើការសម្តែងនូវអំណរ គុណ ចំពោះអស់លោក លោកស្រីជាមន្ត្រីសាលាខេត្ត ដែលជាសេនាធិការរបស់ខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត  ក្នុងការរួមសាមគ្គីគ្នា ដើមី្បធ្វើកិច្ចអភិវឌ្ឍន៍ ខេត្តប្រវត្តិសាស្ត្រមួយនេះ ឲ្យមានភាពរីកចម្រើន ប្រកបទៅដោយសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង ។ ឯកឧត្តមបណ្ឌិតទាំងពីរបានបន្តទៀតថា រាល់សមទ្ធិផលធំៗជាច្រើន ដែលកើតឡើងដោយការរួមសហការ ក្នុងការអនុវត្តក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រជាពលរដ្ឋ មានចិត្តត្រេកអរនឹងជឿជាក់លើកិច្ចដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ។  ម៉្យាងទៀតរាល់កិច្ចការទាំងឡាយណាដែលនៅសេសសល់ក្នុងឆ្នាំ២០១៧  ក៏ត្រូវបន្តធ្វើឲ្យបានរួចរាល់ក្នុងឆ្នាំថ្មី   សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បាន ធ្វើការណែនាំ និង ផ្តល់នូវ អនុសាសន៍មួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចវិស័យឯកជន ក្នុងការយកទៅអនុវត្តនូវឆ្នាំថ្មី ឲ្យបានទទួលជោគជ័យ ក្នុងការបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ សំខាន់បម្រើដល់វិស័យទេសចរ ក្នុងការបង្ហាញ ពិភពលោកឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និង សាសនា ក្នុងដំបូលសុខសន្តិភាព ព្រមទាំងជាពិភពដ៏សុខក្រេមក្សាន្តនៃមនុស្សជាតិ  ហើយក៏ជាការបង្ហាញពីសិទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា ហើយក៏សបញ្ជាក់ឲ្យឃើញផងដែរ  អំពីសន្តិសុខ សុវត្ថិភាព នៅកម្ពុជា និយាយដោយឡែកនៅខេត្តសៀមរាប ដែលបានបង្កនូវភាពសប្បាយរីករាយ ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋខេត្តសៀមរាប ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាបផងដែរ  ។  ក្នុងឱកាសជូនពរឆ្នាំថ្មី ឆ្នាំសកលនេះដែរ  ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីថ្នាក់ដឹកនាំរដ្ឋាបាលសាលាខេត្ត ក៏ដូចសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យកទៅអនុវត្តក្នុងឆ្នាំថ្មី  កម្លាំងយុវជននេះហើយដែលជាចលករដ៏សំខាន់ ក្នុងការបន្តវេនពីរៀបច្បង ក្នុងការរក្សាសន្តិភាពនៅកម្ពុជា ដើមី្ប អភិវឌ្ឍន៍ប្រទេស ក៏ដូចខេត្តប្រវត្តិសាស្ត្រមួយនេះឲ្យមានការរីកចម្រើន និងត្រូវមានការសាមគ្គីផ្ទៃក្នុងឲ្យបានល្អ និង មាន ការទំនាក់ទំនងល្អ ជាមួយបណ្តាមន្ទីរ អតិថិជនដែលបានមកទទួលសេវាសាធារណៈ និង គោរពឲ្យបាននូវ អង្គការវិន័យ ពេលវេលាម៉ោងបំពេញការងារផងដែរ       ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

206 ២០៦ 207 208 209 210 211 212 213 214 215