សុវត្ថិភាពជាចំបង (មួកមួយ ជីវិតមួយ)


ខេត្តសៀមរាប ៖ មួកសុវត្ថិភាព ចំនួន១៥០ រួមទាំងសៀវភៅស្តីពីចរាចរណ៍ផ្លូវគោក ៣០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង  ៩០០ក្បាល ,លិខិតប័ណ្ណ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍  ៣០០សន្លឹក , សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្ញុំ ១៥០សន្លឹក , ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ២៥សន្លឹក និង ស្ទីកឃ័រចំណាំងផ្លាត ៣០០សន្លឹក ត្រូវបានយកទៅធ្វើការចែកជូនបងប្អូនអ្នកបើកបរម៉ូតូ​ មិនពាក់មួកសុវត្ថិភាព កាលព្រឹកថ្ងៃទី២៩ ខែធ្នូ គ.ស ២០១៧ ក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាព ក្រោមវត្តមានលោក   គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និង ជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅ៣ទីតាំង នៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប គឺនៅរង្វង់មូលព្រះរាជដំណាក់  រង្វង់មូលនាគបាញ់ទឹក និង  ភ្លើងស្តុបសណ្ឋាគារគោកធ្លក  ដើម្បីរឹតបណ្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក  ដោយសហការជាមួយ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តផងដែរ ។

យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានី.ខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឲ្យគាត់មួយ ដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព គឺមួកមួយជីវិតមួយ ។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការណែនាំ មួយ ចំនួនពាក់ព័ន្ធច្បាប់ចរាចរណ៍ និង ធ្វើការឆ្លើយនូវសំណួរ ស្តីអំពីសុវត្ថិភាពចរាចរណ៍ និង សីលធម៌ក្នុងការបើកបរ ក្នុងនោះប្រសិនបើពួកគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និង សៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួនផងដែរ  ។

ជាមួយគ្នានេះដែរ លោក គឹម ប៉ុណ្ណា ក៏បានមានប្រសាសន៍ ធ្វើការអប់រំដល់បងប្អូនអ្នកជិះម៉ូតូដែលបានទទួលបង្កាន់ដៃផាកពិន័យនោះ  អំពីសុវត្ថិភាពចរាចរណ៍ ដែលបង្កឲ្យមានហានិភ័យមកការមិនពាក់មួកសុវត្ថិភាព ឬ សួរនាំអំពីច្បាប់ចរាចរណ៍ទៀតផង ។  លោកក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ អត្រាគ្រោះថ្នាក់ចរាចរណ៍ ២ពាន់៧៣១ ករណី មានអ្នកស្លាប់ ១ពាន់៣៥៧ នាក់  ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៧៦% ជាអ្នកជិះម៉ូតូដែលមានកម្លាំង ១២៥CC ចុះក្រោម និង មួយចំនួនមិនពាក់មួកសុវត្ថិភាព , មិនគោរពច្បាប់ចរាចរណ៍ បើកបរក្នុងស្ថានភាពស្រវឹង និង ងងុយដេកផងដែរ ។

លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យសុវត្ថិភាបចរាចរណ៍ បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិន គោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។

ក្នុងការសម្គាល់ផងដែរថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍ បានត្រឹមត្រូវនៅឡើយទេដូចជា  ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឲ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ ហើយក៏មិនគោរពច្បាប់ បែទៅជាខ្លាចប៉ូលីសចរាចរណ៍ នៅពេលចុះអនុវត្តច្បាប់ទៅវិញ ដែល ទាំងនេះជាទង្វើរដ៏អាក្រក់របស់អ្នកបើកបរមួយចំនួន សំខាន់ស្រទាប់យុវវ័យ និង សិស្សសាលាជាដើម ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

216 217 218 219 220 221 222 223 224 225 226 227