ខេត្តសៀមរាប ៖ នៅវេលាម៉ោង១៣ និង ១៥នាទី នាថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៨ មានករណីភ្លើងឆាបឆេះខ្សែភ្លើង ខ្សែ ទូរស័ព្ទ ខ្សែអ៊ីនធើណែត និង ខែ្សកាប យ៉ាងសន្ធោសន្ធៅ ដែលបណ្តាលមកពីការដុតសម្រាម ដោយមិនបានមាន ការប្រុងប្រយត័្ន របស់សំណង់ភោជនីយដ្ឋាន អង្គរ ហ្គូលសៀល ស្ថិតនៅផ្ទះលេខ០៤ ក្រុមទី១៩ ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦ មានការភ្ញាក់ផ្អើល ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងភូមិ បានផ្តល់ដំណឹងពីករណី ឆ្លងចរន្តអគ្គិសនី ធ្វើឲ្យឆាបឆេះចេញជាភ្លើងយ៉ាងសន្ធោសន្ធៅ ទើបបានបញ្ជាឲ្យ រថយន្ត អន្តរាគមពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន៣គ្រឿង មកធ្វើអន្តរាគមពន្លត់បានទាន់ពេលវេលា ។ លោកក៏បានឲ្យដឹងទៀតថា ការពន្លត់ភ្លើងឆេះខ្សែភ្លើងនេះ គឺជាការប្រថុយប្រថានហើយ ដោយចរន្តភ្លើងនៅមាន ដែលងាយបង្កឲ្យគ្រោះថ្នាក់ដល់ក្រុមអ្នកបាញ់ទឹកពន្លត់ តែពេលនេះកម្លាំងអន្តរាគមពន្លត់អគ្គីភ័យ បានធ្វើការបាញ់ ទឹកទៅតាមបច្ចេកទេស ដើមី្បការពារកុំឲ្យមានបញ្ហាដល់អ្នកបាញ់ទឹកទៀតផង ។ លោកក៏បានឲ្យដឹងទៀតថា បញ្ហា ឆាបឆេះខ្សែភ្លើងនេះ គឺបណ្តាលមកពីការប្រមូលសម្រាមដុត ដោយមិនបានគិតវែងឆ្ងាយពីគ្រោះមហន្តរាយ និង ផលប៉ះពាល់បរិស្ថាន របស់ការដ្ឋានសំណង់ភោជនីយដ្ឋានអង្គរ ហ្គូលសៀល ដែលមានម្ចាស់ជាជនជាតិចិន ដែលធ្វើ ឲ្យភ្លើងដុតសម្រាមឆេះរាលទៅគុម្ពប្ញសី្សឆាបឆេះរាលទៅលើឆេះខ្សែភ្លើងតែម្តង ។ ក្នុងការអន្តរាគមពន្លត់ភ្លើងនេះ ដោយ ប្រើប្រាស់ទឹកអស់មួយរថយន្ត ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុងនៅ វេលាម៉ោង១៣ និង៤០នាទី ។ ក្នុងនោះបានធ្វើឲ្យលំនៅដ្ឋាន សណ្ឋាគារមួយចំនួនបានដាក់ភ្លើង និង ប្រព័ន្ធទូរស័ព្ទ អ៊ីនធើណែត មួយរយៈពេលធំ ទំរាំអ្នកបច្ចេកទេសធ្វើតភ្ជាប់ឲ្យដំណើរការឡើងវិញ នៅវេលាម៉ោង ១៧និង៣០នាទី
តាមការបញ្ជាក់របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ បានឲ្យដឹងថា ក្នុងករណីឆាបឆេះ ខ្សែភ្លើង និង ខ្សែប្រព័ន្ធអេឡិចត្រូនិចនេះ ម្ចាស់ភោជនីយដ្ឋានអង្គរ ហ្គូលសៀល ដែលជាជនជាតិចិននោះ មិនបាន ចេញមុខមកធ្វើការដោះស្រាយជាមួយសមត្ថកិច្ចឡើយ ព្រមទាំងបានគេចខ្លួនបាត់ ទុកនៅតែកម្មករ និង បុគ្គលិក ជនជាតិចិនម្នាក់ មកមើលកន្លែងកើតហេតុតែប៉ុណ្ណោះ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប