ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមគណៈកម្មការចម្រុះ រួមមានមន្ត្រីអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និង មន្ត្រីពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា និង រោងចាំដីរបស់ឈ្មោះ ហួន សីហា រួមទាំងបក្ខពួកខ្លួន ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងត្បូងក្រោលសេះ។
មូលហេតុនៃការចុះរុះរើ របង និង រោងចាំដីនេះព្រោះឈ្មោះ ហួន សីហា បានរំលោភយកដីធ្វើជាកម្មសិទ្ធិ និងបានធ្វើរបងថ្មព័ទ្ធលួស រោងចាំដី និង ដាំដើមស្វាយថ្មីធំៗស្រាប់ និង ដាក់លូ ចាក់បំពេញអាចមន៍ដី លើដីកម្មសិទ្ធិរបស់រដ្ឋ ចាប់តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ហើយអាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានជូនដំណឹងនិងទុកពេលឲ្យមួយសប្តាហ៍ដើម្បីម្ចាស់ដីធ្វើការរុះរើដោយខ្លួនឯងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨មកម្លេះ ។ ម្យ៉ាងទៀត ទីតាំងដីកម្មសិទ្ធិរបស់រដ្ឋដែលឈ្មោះ ហួន សីហា រំលោភយកជាកម្មសិទ្ធិត្រូវបានរដ្ឋបាលខេត្តសៀមរាប ធ្វើការបិទផ្សាយជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីរួចមកហើយ កាល ពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧មកម្លេះ ។
តាមការបញ្ជាក់របស់លោក ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ទីតាំងដែលកម្លាំងចម្រុះបានមកអនុវត្តន៍រុះរើនេះ គឺជាក្បាលដីដែលអាជ្ញាធរជាតិអប្សរាបានដោះស្រាយគោលនយោបាយរួចរាល់ហើយ និងមានឯកសារបញ្ជាក់ច្បាស់លាស់ទទួលស្គាល់ដោយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លី បុរីទេសចរណ៍វប្បធម៌ ។ លោកបានបន្ថែមទៀតថា ក្នុងពេលថ្មីៗកន្លងមកនេះ ស្រាប់តែឈ្មោះ ហួន សីហា បានមកចូលរំលោភយកធ្វើជាកម្មសិទ្ធិ ដោយធ្វើរបងថ្មព័ទ្ធលួសបន្លា ធ្វើរោងចាំដី ដាំដើមស្វាយធំៗស្រាប់ ដាក់លូនិងចាក់ដី ហើយអាជ្ញាធរជាតិអប្សរាក៏បានអញ្ជើញឈ្មោះ ហួន សីហា មកជួបដើម្បីដោះស្រាយ និង បានធ្វើលិខិតទៅឈ្មោះ ហួន សីហា ដើម្បីឲ្យធ្វើការរុះរើចេញដោយខ្លួនឯងក្នុងរយៈ១សប្តាហ៍ទៀតផង ។ ក៏ប៉ុន្តែបុគ្គលរូបនេះ មិនត្រឹមតែពុំទទួលយកនូវសំណូមពររបស់អាជ្ញាធរជាតិអប្សរាទេ តែថែមទាំងបានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ និង បង្កការលំបាកក្នុងការចុះអនុវត្តការងារដល់មន្ត្រីសាធារណៈទៀតផង ។
ក្នុងនោះ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សំខាន់ បងប្អូនអ្នកចំណូលថ្មី មុននឹងទិញដីនៅតំបន់ណាមួយ ត្រូវសួរប្រវត្តិដីទីនោះឲ្យបានច្បាស់លាស់ជាមុនសិន ដើមី្បជៀសវាងកុំឲ្យមានបញ្ហានឹងផ្លូវច្បាប់ផ្សេងៗ ។ ក្រៅពីនេះ លោកអភិបាលក្រុងក៏ស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ សំខាន់កុំរំលោភដីចំណីផ្លូវ ត្រូវរក្សាទុក ដើម្បីឲ្យអាជ្ញាធរមានលទ្ធភាពរៀបចំក្រុងឲ្យ មានសោភ័ណ្ឌភាព ដោយក្រុងសៀមរាបជាក្រុងប្រវត្តិសាស្ត្រ ដែលបានកំពុងក្លាយជាគោលដៅរបស់ភ្ញៀវ ទេសចរ ចូលមកទស្សនាកម្សាន្ត និង ជាផលប្រយោជន៍ដើម្បីប្រជាពលរដ្ឋខេត្តសៀមរាប ។
ក្នុងសកម្មភាពក្នុងការចុះរុះរើរបងរំលោភលើដីរបស់រដ្ឋនាឱកាសនោះ ក្រុមរបស់ឈ្មោះ ហួន សីហា ក៏បានធ្វើ ការជេរប្រមាណ ម៉ាក់ងាយដល់កម្លាំងសមត្ថកិច្ច និង អ្នកសារព័ត៌មាន ដែលបានចុះទៅផ្តឹតយករូបភាព អំពីសកម្មភាព របស់ក្រុមចម្រុះក្នុងការចុះប្រតិបត្តិការការរុះរើរបងរំលោភដីរដ្ឋ ដោយបានស្រែកដាក់អ្នកសារព័ត៌មាន គឺក្រុមចោរប្លន់ដីប្រជាជន ។ ក្នុងចំណោមបក្ខពួកអ្នករំលោភដីរដ្ឋនោះ ក៏មានបុគ្គលម្នាក់បានបង្ហាញថា ខ្លួនគេជាភ្នាក់ងារ សារព័ត៌(ស្នាដៃវរៈបុរសខ្មែរ) មាន ឈ្មោះ នាក់ សារ៉េត ដែលបានចូលរួមក្នុងការរារាំងកម្លាំងចម្រុះចុះអនុវត្តលើដីទំនាស់នោះផងដែរ ។
សូមបញ្ជាក់ថា ការចុះប្រតិបត្តិការធ្វើការរុះរើនេះបាន ប្រព្រឹត្តទៅនៅវេលាម៉ោង ១១ ហើយបានបន្តដំណើរ ក្នុងការបោះបង្គោលព្រំដីរបស់រដ្ឋ ជាបន្តបន្ទាប់ដោយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានាថ្ងៃដដែល ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មាន សៀមរាប