ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨មិ្សលមិញនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោក ណាកា ហ្គាវ៉ា អគ្គនាយកក្រុមជួសជុលប្រាសាទអង្គរ នៃរាជរដ្ឋាភិបាលជប៉ុន ចូលជួបពិភាក្សា សម្តែងការគួសម នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរលោក ណាកា ហ្គាវ៉ា អគ្គនាយកក្រុមជួសជុលប្រាសាទអង្គរ នៃរាជរដ្ឋាភិបាលជប៉ុន ក៏បានគូសបញ្ជាក់ អំពីគោលបំណងក្នុងកិច្ចពិភាក្សា ជាមួយឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដោយបានផ្តោត សំខាន់ទៅលើបញ្ហាតំបន់ផ្សារចាស់ ក្រុងសៀមរាប ដែលជាទីកន្លែងប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍ ក្នុងពេលរាត្រី ហើយក៏ជាតំបន់សំណង់បុរាណដ្ឋានចាស់ៗ ដែលត្រូវធ្វើការអភិរក្សា ថែរក្សាឲ្យបានយូរអង្វែង ហើយក៏ជាទី ទាក់ទាញដល់ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តទៀតផង ។ លោកក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំង អំពីបញ្ហាការមានអគ្គីភ័យនៅក្នុងតំបន់នោះ ហើយក៏មានគោលបំណងដើមី្បទប់ស្កាត់ជាមុន ក្នុងគោលដៅនៅពេល ដែលមានប្រការអាក្រក់ណាមួយកើតឡើង ក្នុងការងាយស្រួលលើការអន្តរាគមន៍សង្រ្គោះបានទាន់ពេលវេលា ។ លោក ណាកា ហ្គាវ៉ា ក៏បន្តទៀតថា ក្នុងរយៈកាលជាង២០ឆ្នាំ ក្នុងការជួសជុលប្រាង្គប្រាសាទនៅខេត្តសៀមរាប លោកបានធ្វើការស្វែងយល់ អំពីបញ្ហាមួយចំនួន ក្រៅពីការជួសជុលប្រាសាទ ក៏មានគម្រោងសុវត្ថិភាពគ្រោះមហន្ត រាយស្វយ័ត ក្នុងការផ្តល់យោបល់នៅក្រុងប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាកម្មវិធីភាពជាដៃគូររបស់អង្គការ ( ចាយកា ) នៃគម្រោង កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ហើយគម្រោង នេះនិងត្រូវបញ្ចប់ក្នុងរយៈពេល៣ឆ្នាំ ។ ក្នុងនោះលោកក៏បានលើកឡើងគម្រោងមួយចំនួន ដែលពាក់ព័ន្ធលើការងារ អគ្គីភ័យ និង វិធីសាស្ត្រក្នុងការចូលទៅអន្តរាគមន៍ ព្រមទាំងការរៀបចំនូវច្រកចេញចូល ក្នុងកាជន្លៀសមនុស្សនៅពេលមានហេតុការណ៍កើតឡើង ។ បញ្ហាទាំងនេះ កត្តាសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការសហការ ដោះស្រាយគ្រោះមហន្តរាយនេះ ។ លោកក៏បានធ្វើការសំណូមពរដល់អាជ្ញាធរខេត្ត ធ្វើការគាំទ្រលើគម្រោងនេះ ក្នុងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់នៅតំបន់ផ្សារចាស់ ដែលជាទីបារម្ភក្នុងការទទួលរង គ្រោះបំផុត ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការគាំទ្រ នូវគម្រោងដែល លោក ណាកា ហ្គាវ៉ា បាន លើកឡើង ដែលជាកត្តាចាំបាច់បំផុត នៅខេត្តសៀមរាប ។ ដោយតំបន់ផ្សារចាស់ដែលជាទីប្រមូលផ្តុំនៃភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្តនាពេលរាត្រី អាជ្ញាធរខេត្តក៏បានធ្វើការបង្កើនការប្រុងប្រយ័ត្ន ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ។ ម៉្យាងទៀតគម្រោងនេះ ក៏ជាកត្តាសំខាន់របស់ខេត្ត ដែលត្រូវ ស្វែងរកនូវដៃគូរ ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់កុំឲ្យមានការកើតឡើង។ ក្នុងនោះដែរឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់ប្រជាជន និង រដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ ឧបត្ថម្ភដល់កម្ពុជា លើគ្រប់ វិស័យ សំខាន់លើការជួសជុលប្រាង្គប្រាសាទនៅខេត្តសៀមរាប និង ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យផងដែរ ។
នារសៀលថ្ងៃដដែលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានអនុញ្ញាតដល់មន្ត្រី គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប ដឹកនាំដោយលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតខេត្ត ចូលជួបពិភាក្សា សម្តែងការគួសមផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក នឹម វ៉ាន់សំ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ខាងមុខ នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ មាន១ពាន់៤៧៣ការិយាល័យ កើនឡើង ៨២ការិយាល័យ មាន ប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត ៥៣៥ពាន់៥២១នាក់ ស្រី ២៨០ពាន់៨៧១នាក់ ។ ចំពោះការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ កុម្ភះ ២០១៨ មានចំនួន ២ការិយាល័យ ដោយមានអង្គបោះឆ្នោតសរុប ៦៧៤នាក់ និង សមាជិកតំណាងរាស្ត្រ ០៦រូប ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សចំនួន៤ ចូលរួម ។ ក្នុងនោះ ដែរលោក នឹម វ៉ាន់សំ ក៏បានលើកសំណូមពរ និង សុំនូវអនុសាស្ត្រល្អៗមួយចំនួន ដើមី្បជាមួយលដ្ឋានគ្រឹះ ក្នុង ការរៀបចំដំណើរការបោះឆ្នោតប្រកបដោយសុវត្ថិភាព ហើយកត្តាសំខាន់នោះ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលឃោសនា និង ពេលការបោះឆ្នោត ។
ក្នុងនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន និង ផ្តល់នូវវិធានការណ៍សំខាន់ៗ មួយចំនួន ក្នុងការរក្សាឲ្យបាននូវសណ្តាប់ធ្នាប់ សន្តិសុខ ទាំងពេលឃោសនា និង ពេលបោះឆ្នោតនៅថ្ងៃខាងមុខ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានឯកភាពទៅនឹងសំណើររបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងត្រូវធ្វើការពិនិត្យឡើងវិញ ចំពោះបេក្ខភាពចូលរួមការបោះឆ្នោត មកពីគ្រប់គណបក្សនយោបាយ ដែលមាន នៅក្នុងខេត្តសៀមរាប ។ ម៉្យាងទៀតលើការងារសន្តិសុខ សណ្តាប់ធ្នាប់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន រៀបចំផែនការរួចហើយជាស្រេច ក្នុងកិច្ចសហការជាមួយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតខេត្តផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានសៀមរាប