ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០១៦ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត បានជួបធ្វើកិច្ចពិភាក្សាសំណេះសំណាលជាមួយគណៈប្រតិភូខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម កៅ ហ្វឹង អភិបាលរងខេត្តយូណាន និង សហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងបញ្ជាក់ពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យទេសចរណ៍ និង កសិកម្ម ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរ កិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមួយបណ្តា ខេត្ត ក្រុង នៃ សាធារណរដ្ឋប្រជាមានិតចិន ដោយខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀងយោគយល់គ្នា ក្នុង កិច្ចប្រតិបត្តិការ មានចំនួន ៥ខេត្ត និង ចុះហត្ថលេខាលើលិខិតសេចក្តីផ្តួចផ្តើម ចំនួន ១១ខេត្តផងដែរ ។ ឯកឧត្តម បណ្ឌិត ក៏បានសំណូមពរដល់ប្រតិភូ ក្នុងការជួយជំរុញអ្នកវិនិយោគនៃខេត្តយូណាន ក៏ដូចប្រទេសចិនទាំងមូល ចូល មកវិនិយោគនៅកម្ពុជា សំខាន់ ខេត្តសៀមរាប ទៅលើវិស័យទេសចរណ៍ និងកសិកម្ម ។ ឯកឧត្តមក៏បានលើកផងដែរ អំពីបញ្ហាតម្លៃទីផ្សារផលកសិកម្ម ស្រូវ ដំឡូងមី និងទីផ្សារក្រពើទៀតផង។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរ ពីកិច្ចអភិវឌ្ឍន៍ រួមទាំងលើកនូវគោលការណ៍ ក្នុងការពង្រីកក្រុង រណប ដោយបច្ចុប្បន្ននេះក្រុងបុរាណប្រវត្តិសាស្ត្រនេះ មានភាពតូច ដើមី្បតម្រូវនូវសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ទៅតាមគម្រោងរបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០ ភ្ញៀវមានការកើនឡើង ៥លាននាក់ និង ឆ្នាំ២០៣០ ឡើង ដល់ ៨លាននាក់ ក្រោយពេលដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើនូវព្រលានអាកាសយានដ្ឋានថ្មីដ៏ធំនៅខេត្តសៀមរាប ហើយកម្ពុជាក៏បានគាំទ្រនូវគោលនយោបាយចិនមានតែមួយផងដែរ ។
ឯកឧត្តម កៅ ហ្វឹង អភិបាលរងខេត្តយូណាន ក៏បានបញ្ជាក់ថា កម្ពុជា និង ចិន មានទំនាក់ទំនងគ្នាតាំងពីសម័យដ៏ យូលង់មកហើយ ព្រមទាំងបានបន្តពីព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការថែរក្សាមកដល់បច្ចុប្បន្ន និង ថ្នាក់ដឹកនាំប្រទេសទាំងពីរបានជម្រុញឲ្យបណ្តាខេត្ត ក្រុង នៃប្រទេសទាំងពីរ ធ្វើការចងសម្ព័ន្ធមេត្រីភាព ក្នុងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនឹងគ្នា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យ មានការរីកចម្រើន ។ ក្នុងនោះដែរឯកឧត្តម ក៏បានសម្លែងនូវក្តីស្ញប់ស្ញែង កោតសរសើរ ចំពោះ កេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុ គ្មានពីរលើលោកប្រៀបបាន នឹងសំណង់ស្ថាបត្យកម្មទេពនិម្មិត មិនអាចកាត់ថ្លៃបាន នៃដួងព្រលឹងជាតិកម្ពុជា ហើយ បានក្លាយជាសម្បត្តិបេតិកភណ្ឌ ពិភពលោករបស់មនុស្សជាតិ ហើយដែលជាសំណង់ និង ស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សាស៊ីជម្រៅ នាសម័យអតិតកាល បានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់ នូវ ទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរ នៃចក្រភពមួយលើលោក ។ ម៉្យាងដោយខេត្តសៀមរាប និង ខេត្តយូណាន មានសម្ព័ន្ធមេត្រីភាពនឹងគ្នា ក្នុងកិច្ចសហប្រតិបត្តិ ការបានល្អទៀតផង ។ ឯកឧត្តមក៏បានឲ្យដឹងផងដែរ អំពីការផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសកម្ពុជា ជាភាសាចិន នៅប្រទេសចិន និង ខេត្តយូណាន ក្នុងការជម្រុញប្រជាជនចិន ចូលមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប ម៉្យាងទៀតក៏មានក្រុមហ៊ុនស្នាមញញឹមអង្គរ ដែលបានចូលមកវិនិយោគនៅខេត្តសៀមរាប ក្នុងការផ្សព្វផ្សាយ វប្បធម៌ កម្ពុជា បានកំពុងទាក់ទាញភ្ញៀវ ព្រមទាំងនឹងធ្វើការពង្រីកកិច្ចការរបស់ខ្លួន ក្នុងការធ្វើវិនិយោគទុននៅខេត្តសៀមរាប មានចំនួន ២០លានដុល្លា ។ ឯកឧត្តមក៏បានលើកផងដែរថា នៅពេលនិវត្តន៍ទៅដល់ប្រទេសចិន ឯកឧត្តមនឹងធ្វើការ ផ្សព្វផ្សាយ និង ជម្រុញដល់អ្នកវិនិយោគនៅខេត្តយូណាន ចូលមកវិនិយោគនៅខេត្តសៀមរាប លើវិស័យទេសចរណ៍ កសិកម្ម និង វិស័យ ផ្សេងៗទៀត ដោយខេត្តយើងទាំងពីរមានសម្ព័ន្ធមេត្រីភាព នឹង គ្នាបានល្អ សម្រាប់ទៅថ្ងៃអនាគត ៕ អត្ថបទ ម៉ី សុខារិទ្ធ